ប្រទេសឥណ្ឌា : ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យស្តេចយាងចូលរួមព្រះរាជពិធីទទួលបដិសណ្ឋារកិច្ចផ្លូវការ ដែលរៀបចំដោយ លោកស្រី ដ្រៅផាឌី មូរមូ (Droupadi Murmu) ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌា និងលោក ណារិនដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋឥណ្ឌា នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងញូវដែលី ក្នុងឱកាសដែលព្រះអង្គទ្រង់គង់ប្រថាប់បំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅសាធារណរដ្ឋឥណ្ឌា ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។
លោក ដួង តារា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជា ជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះ លើ facebook ផ្លូវការថា, កម្ពុជា-ឥណ្ឌាបងប្អូនល្អ
-ជាមោទនភាពដែលយេីងមានមហាមិត្តជាង១,៤០០ លាននាក់!
លោកបន្តថា, អរគុណបងប្អូនឥណ្ឌា ដែលបានទទួលបដិសណ្ឋារកិច្ចព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជាក្នុងពេលព្រះអង្គយាងទស្សនកិច្ចផ្លូវរដ្ឋនៅឥណ្ឌារយៈពេល ០៣ថ្ងៃស្របពេលដែលប្រទេសយេីងទាំងពីរកំពុងអបអរសាទរខួបលេីកទី៧០ឆ្នាំនៃទំនាក់ទំនងកម្ពុជា-ឥណ្ឌា។
លោកថ្លែងថា : ខ្ញុំសង្ឃឹមថានៅក្នុងពេលអនាគតដ៏ខ្លីខាងមុខ នឹងមានជេីងហោះហេីរត្រង់ពីឥណ្ឌាមកកម្ពុជា ដែលផ្ទុកដោយភ្ញៀវទេសចរណ៍ ពាណិជ្ជករ កីឡាករ និង Bollywood ដែលធ្វេីអោយចំណងមិត្តភាពនៃប្រទេសទាំងពីរកាន់តែល្អរឹងមាំនិងនាំមកនូវផលប្រយោជន៍ល្អៗជាច្រេីនសម្រាប់ប្រទេសទាំងពីរ។
អរគុណសន្តិភាព ៕
ដោយ : សិលា