ខេត្តបន្ទាយមានជ័យ៖ យុវជន៣នាក់ជិះម៉ូតូបង្ហោះកង់មុខមិត្តភក្តិថតបង្ហោះសមត្តកិច្ចឃើញកោះហៅមកធ្វើការអប់រំណែនាំហើយបើនៅបន្តនឹងមានចំណាត់ការតាមច្បាប់។ ករណីនេះធ្វើឡើងនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ ក្រុងប៉ោយប៉ែត ។
លោក ប៊ុន ឆៃដែន នាយប៉ុស្តិ៍នគរបាលអូរជ្រៅបានប្រាប់ថា៖ កាលពីថ្មីៗនេះលោកឃើញតាមបណ្តាញសង្គមមានបង្ហោះរូបភាពយុវជន៣នាក់ជិះម៉ូតូបង្ហោះកង់មុខតាមដងផ្លូវនៅពេលថ្ងៃរៀបលិចដែលធ្វើអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈនិងប្រឈមគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំពោះអ្នកដំណើរតាមដងផ្លូវគ្រប់ពេល។
លោកបានបញ្ជាក់ថា៖ ក្រោយពីឃើញរូបភាពបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈមហាជនបានរិះគន់ថា(កូនអាណាគេ កូនលោកណាគេ ជិះម៉ូតូបង្ហោះកង់មុខ) បើវាដួលងាប់តាវាទៅគ្មានអ្វីកើតឡើងទេបើវាដួលឬរេចង្កូតបុកគេបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អ្នកដទៃតើវាយ៉ាងណា? ហើយទទូចសុំអោយអាជ្ញាធរនិងសមត្តកិច្ចជួយស្រាវជ្រាវរកយុវជនទាំងបីនាក់នេះមកដុសក្អែលនិងអប់រំណែនាំ។
លោកអនុសេនីយ៍ឯក ប៊ុន ឆៃដែន បានបញ្ជាក់ថា៖ ក្រោយមានការរិះគន់ពីមហាជនលោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឱ្យកម្លាំងនគរបាលប៉ុស្តិ៍អូរជ្រៅ ធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញាកោះហៅនាំយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ ដើម្បីវាស់កម្ពស់និងអប់រំណែនាំអោយបញ្ចប់សកម្មភាពបង្ហោះម៉ូតូតាមទីសាធារណៈធ្វើអោយប៉ះពាល់សណ្តាប់និងអោយឪពុកម្តាយមកទទួលយកទៅធ្វើការអប់រំបន្ត បើនៅឃើញធ្វើសកម្មភាពនឹងមានចំណាត់ការតាមច្បាប់៕ ដោយវណ្ណា