ក្រោយបរាជ័យកូរ៉េខាងជើងនឹងបន្តបាញ់ផ្កាយរណបក្នុងពេលដ៏ខ្លី

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១ ខែមិថុនា ឆ្នាំ២០២៣បានផ្សាយថា អ្នកនាង គីម យ៉ូជុង ជាប្អូនស្រីបង្កើតរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា ផ្កាយរណបស៊ើបការណ៍យោធារបស់ប្រទេស នឹងត្រូវបញ្ជូនទៅកាន់គន្លងតារាវិថីឆាប់ៗខាងមុខនេះ ហើយបានសន្យាដែរថា ទីក្រុងព្យុងយ៉ាងនឹងបង្កើនការបាញ់បង្ហោះផ្កាយរណបយោធា។

ការកត់សម្គាល់ខាងលើរបស់អ្នកនាង គីម យ៉ូជុង ត្រូវបានដកស្រង់ចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃព្រហស្បតិ៍នេះ និងបន្ទាប់ពី ការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍យោធាដំបូងបំផុតរបស់កូរ៉េខាងជើងទទួលបរាជ័យដោយធ្លាក់ចូលទឹកសមុទ្រកាលពីថ្ងៃពុធ ទី៣១ ខែឧសភា។ អ្នកនាង គីម បានគូសបញ្ជាក់បន្ថែមដូច្នេះថា «យើងបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីធ្វើសកម្មភាពទាំងឡាយណាដើម្បីការពារសិទ្ធិអធិបតេយ្យ និងផលប្រយោជន៍ជាតិ»។
ការបាញ់បង្ហោះផ្កាយរណបរបស់កូរ៉េខាងជើងទទួលរងការថ្កោលទោសយ៉ាងខ្លាំងពីកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក ដែលអះអាងថា ការបាញ់បង្ហោះនេះ មានជាប់ពាក់ព័ន្ធនឹងបច្ចេកវិទ្យាមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ដែលត្រូវបានហាមឃាត់ដោយដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ប៉ុន្តែជាការឆ្លើយតបទៅលើការថ្កោលទោសទាំងនេះ អ្នកនាង គីម យ៉ូជុង បានចាត់ទុកថាគឺជាថ្កោលទោសលើខ្លួនឯងដូច្នោះដែរ ពីព្រោះប្រទេសជាសម្ព័ន្ធមិត្តទាំង៣ សុទ្ធតែធ្លាប់បានបាញ់បង្ហោះផ្កាយរណបរាប់ពាន់គ្រឿង៕ ដោយធីរីណា

...

រូប​ថត​ : baomoi.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print