ភ្នំពេញ៖ មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា នៅរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣នេះ បានបង្ហោះនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា៖ កាលពីព្រឹកមិញនេះ លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានផ្លល់កិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ក្នុងស្រុកថា មូលនិធិគន្ធបុប្ផាកម្ពុជា គិតត្រឹមថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ម្សិលមិញ, បានទទួលថវិកាបរិច្ចាគតាមប្រព័ន្ធធនាគារអនឡាញចំនួនជាង ៥២ម៉ឺនដុល្លារអាមេរិក ពីសំណាក់សប្បុរសជនជាង ១២ម៉ឺននាក់ ដែលនេះសបញ្ជាក់ពីការចូលរួមយ៉ាងផុសផុលរបស់សប្បុរសជនរាប់ម៉ឺននាក់ជាមួយយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ប្រចាំឆ្នាំ២០២៣នេះ។
នាឱកាសនោះដែរ លោករដ្ឋលេខាធិការ បានអំពាវនាវដល់គ្រប់ក្រសួង-ស្ថាប័ន, ក្រុមហ៊ុនឯកជន និងសប្បុរសជននានា ជាពិសេសសារព័ត៌មានជាតិ-អន្តរជាតិទាំងអស់ ចូលរួមសហការផ្សព្វផ្សាយអំពីយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” និងចូលរួមបរិច្ចាគឱ្យបានកាន់តែផុសផុលថែមទៀត ដើម្បីជួយសង្រ្គោះកុមារនៅកម្ពុជា។
លោកនាយកប្រតិបត្តិរូបនេះ បានបញ្ជាក់បន្ថែមថា ទោះបីជា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់ ” មានរយៈពេលតែ ៣០ថ្ងៃ ដោយគិតពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ក៏ដោយ, មិនមែនមានន័យថាមូលនិធិឈប់ទទួលការបរិច្ចាគពីសប្បុរសជននោះទេ ដោយហេតុថាមន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ទីតាំង នៅតែត្រូវការថវិកាជាប្រចាំប្រមាណ ១២ម៉ឺនដុល្លារក្នុងមួយថ្ងៃ ឬ ប្រមាណ ៤០លានដុល្លារ អាមេរិក ក្នុង១ឆ្នាំៗ ដើម្បីធ្វើប្រតិបត្តិការមនុស្សធម៌សង្រ្គោះជីវិតកុមារនៅកម្ពុជា។ ក្នុងន័យនេះ និង ក្នុងស្មារតី “ខ្មែរជួយខ្មែរ”, ខ្ញុំសូមអំពាវនាវដល់សប្បុរសជនទាំងអស់បន្តចូលរួមបរិច្ចាគ ដើម្បីរួមគ្នាផ្ដល់ភាពញញឹមដល់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា៕ដោយ៖សហការី