ខេត្តកំពង់ស្ពឺ : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ថា គោលដៅនៃជំនួបជាមួយកម្មករនិយោជិត គឺដើម្បីជំនួបសន្ទនារវាងរដ្ឋមន្រ្ដីនឹងកម្មករនិយោជិត ដើម្បីស្វែងយល់ពីអនុសាសន៍នានាដែលរាជរដ្ឋាភិបាលបានដាក់ចេញទៅថា តើសម្រេចបានដល់កម្រិតណា ហើយចាំបាច់ត្រូវជំរុញបន្ថែមលើផ្នែកណាបន្ថែមទៀត។ ដូច្នេះហើយទើបសម្ដេចតេជោ បានផ្ដួចផ្ដើមគំនិតចុះផ្ទាល់តាមរោងចក្រជួបផ្ទាល់ជាមួយ កម្មករនិយោជិតជាបន្តបន្ទាប់។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមថា តាមរយៈជំនួបនេះ នាយករដ្ឋមន្រ្ដី កម្មករនិយោជិត និងម្ចាស់រោងចក្រ បានពិភាក្សាគ្នា និងដោះស្រាយដោយផ្ទាល់លើបញ្ហានានា ដែលកើតមានឡើងផងដែរ។
សម្តេចតេជោ បានបញ្ជាក់ថា សម្ដេចមិនយកអធិបតេយ្យរបស់ប្រទេសកម្ពុជា ទៅដោះដូរជាមួយការផ្ដល់ជំនួយរបស់ប្រទេសណាទាំងអស់។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ប្រព័ន្ធអនុគ្រោះពន្ធ EBA គង់តែនឹងត្រូវបាត់បង់ នៅពេលដែលសេដ្ឋកិច្ចកម្ពុជាឈានដល់កម្រិតណាមួយ។ សម្ដេចបញ្ជាក់ថា ទោះបីជាត្រូវបានដកប្រព័ន្ធអនុគ្រោះ EBA ពីកម្ពុជា ក៏ប៉ុន្តែការនាំចេញនៅតែមានកំណើន។សម្តេចតេជោ បញ្ជាក់ថា ចិនបើកចំហទីផ្សារសម្រាប់ការស្វាគមន៍កម្ពុជា ក្នុងនោះបានទិញយកផលិតផលកសិកម្មកម្ពុជា១១មុខ រួមមាន៖ ចេក ស្វាយ ស្វាយចន្ទី ត្រីប្រាជាដើម។ ក្រៅពីនេះជប៉ុន និងកូរ៉េ និងបណ្ដាប្រទេសក្នុងតំបន់មួយចំនួនទៀត ក៏កំពុងបង្កើនការទិញផលិតផលកសិកម្មពីកម្ពុជាផងដែរ។
សម្តេចតេជោថ្លែង នៅព្រឹកថ្ងៃអាទិត្យ ១រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជាង ១ម៉ឺន ៦ពាន់នាក់ទៀត មកពីរោងចក្រ សហគ្រាសនានា នៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ឆ្នាំ២០២៣នេះ កម្ពុជារំពឹងទុកថា នឹងទទួលបានទេសចរបរទេសមកកាន់កម្ពុជាក្នុងរង្វង់៤លាននាក់ តាមរយៈកំណើននេះ ការផ្ដល់សេវាកម្មលើផ្នែកបដិសណ្ឋារកិច្ចនឹងមានកំណើនកើនឡើងផងដែរ។ ដូច្នេះកម្ពុជាចាំបាច់ត្រូវពង្រឹងភាពធនក្នុងការផ្ដល់សេវានានាលើផ្នែកបដិសណ្ឋារកិច្ចនេះ។
លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បានអញ្ជើញជួបជាមួយកម្មករ និយោជិត នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺនេះ ១ដងរួចមកហើយកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ដែលមានកម្មករនិយោជិតចូលរួមចំនួន ២៧,៤៤៤នាក់ មកពីរោងចក្រ សហគ្រាស ចំនួន២៤។
សម្រាប់ការជួបសំណេះសំណាលជាលើកទី២ នៅព្រឹកនេះ មានកម្មករ និយោជិតចូលរួមសរុបចំនួន ១៦,៤៤១នាក់ មកពីរោងចក្រ សហគ្រាសចំនួន១១។ រោងចក្រ សហគ្រាសចំនួន១១ ដែលកម្មករ និយោជិតចូលរួមសំណេះសំណាលនេះ ជាប្រភេទរោងចក្រផលិតស្បែកជើងចំនួន១០ និងផលិតកាបូបចំនួន១។ ផលិតផលរបស់រោងចក្រទាំងនេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ជាពិសេសសហគមន៍អឺរ៉ុប សហរដ្ឋអាម៉េរិកប្រទេសកាណាដា ប្រទេសជប៉ុន។ល។ នៅខេត្តកំពង់ស្ពឺ ឆ្នាំ២០២៣ មានរោងចក្រ សហគ្រាស៣៨៥ មានកម្មករនិយោជិតប្រមាណ ១៦ម៉ឺននាក់។ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ដេរចំនួន១៩១ មានកម្មករនិយោជិតសរុបជិត ១៥ម៉ឺននាក់ និងជាខេត្តទី២ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើន។
សម្តេចតេជោ ណែនាំដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរៀបចំផ្សព្វផ្សាយបន្តអំពីការជូនដំណឹងដល់ម្ចាស់រោងចក្រ សហគ្រាសទាំងអស់ គឺត្រូវអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់បានឈប់សម្រាកទៅចូលរួមបោះឆ្នោត នាថ្ងៃទី២៣ ខែ កក្កដា ខាងមុខ ដោយទទួលបានប្រាក់ខែដដែល ៕
ដោយ : សិលា