ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បាបានឱ្យដឹងនៅថ្ងៃអាទិត្យទី០៤ ខែមិថុនា ឆ្នាំ២០២៣នេះនេះថា៖ កម្លាំងនគរបាលក្រុងបាត់ដំបង បានចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាបទីតាំងជល់មាន់ភ្នាល់ដាក់ប្រាក់មួយកន្លែង ដោយជាក់ស្ដែងឃាត់ខ្លួនមនុស្សចំនួន១៩នាក់ យកមកសាកសួរដេីម្បីចាត់ការតាមច្បាប់។
ប្រភពដដែលបន្តថា ក្នុងប្រតិបត្តិការនោះកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាប នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ឯក ចៀក ថានិន នាយកការិយាល័យកំរិតស្រាល កាលពីរសៀលថ្ងៃទី០៣ ខែមិថុនាម្សិលមិញនេះ បានចុះប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់ (ភ្នាល់មាន់ជល់) ០១លើក ចំណុចភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ជាក់ស្ដែងកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនអ្នកញៀនល្បែងស៉ីសងបញ្ជល់មាន់ខុសច្បាប់ចំនួន ១៩នាក់ មកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។ វត្ថុតាងដកហូតរួមមាន ៖ ម៉ូតូ ចំនួន ១៦គ្រឿង, ជញ្ជីងសម្រាប់ថ្លឹងមាន់ជល់ ០១, កៅស៊ូសង្វៀនជល់មាន់ ចំនួន ០៦ដុំ, កំសៀវដាំទឹកសម្រាប់ស្អំមាន់ជល់ ០១ និងនាឡិកាកំណត់នាទី ចំនួន ០១គ្រឿង។
បច្ចុប្បន្ននៅថ្ងៃទី០៤ ខែមិថុនានេះដែរ កម្លាំងនគរបាលការិយាល័យជំនាញកំពុងធ្វេីការកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖សហការី