ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានស្នើឲ្យបញ្ឈប់នូវអ្វីដែលសម្ដេចថាជាការដុតឲ្យខ្លោច រោលឲ្យក្ដៅ លើអ្នកចម្រៀងអ្នកនាង មាស សុខសោភា និងបញ្ឈប់ការផ្សព្វផ្សាយចម្រៀងនេះ។
ថ្លែងនៅក្នុងពិធីបញ្ចប់ការសិក្សារបស់និស្សិតសាកលវិទ្យាល័យភូមិនីសាស្ត្រនិងវិទ្យាសាស្រ្តសេដ្ឋកិច្ចនៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាការចូលទៅផ្ដល់យោបល់មួយចំនួននៅលើទំព័រហ្វេសប៊ុកអ្នកនាង មាស សុខសោភា ដែលចង់ឱ្យមានវិធានការផ្លូវច្បាប់លើអ្នកនាងនោះគឺជាការដែលជ្រុលហួសបន្តិច ខណៈដែលតារាចម្រៀងរូបនោះបានស្នើសុំការអភ័យទោសនិងបានដកបទចម្រៀងនោះចេញរួចហើយ។
បទចម្រៀង មរណៈភាពព្រះស្វាមី ជ័យវរ្ម័នទី៧ ត្រូវបានតែងនិពន្ធដោយលោក ពេជ្រ សង្វាវង្ស ហៅ តាសក់ស ភ្នំត្បែង ដែលមានអត្ថន័យពីជម្លោះសាសនានិងការយកព្រះបាទជ័យវរ្ម័នទី៧ទៅសម្លាប់។
សម្ដេចតេជោថាបទចម្រៀងនេះមានកំហុសឆ្គងនៃការនិពន្ធ រួមទាំងខុសន័យប្រវត្តិសាស្ត្រធ្ងន់ធ្ងរថែមទៀត។
សូមបញ្ជាក់ថា : នៅព្រឹកថ្ងៃទី 5 ខែមិថុនា ឆ្នាំ 2023 តារាចម្រៀង មាស សុខសោភា បានបង្ហោះលើ facebook ផ្ទាល់ខ្លួន យ៉ាងដូច្នេះថា ;
នាងខ្ញុំមាស សុខសោភា សូមគោរពសូមទោសសម្តេចពុក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងបងប្អូនប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេស ចំពោះកំហុសឆ្គងលើខ្លឹមសារនៃបទចម្រៀង«មរណៈភាពព្រះស្វាមី ជ័យវរ្ម័នទី៧» ដែលបានបង្ហោះក្នុងហ្វេសបុកផេក និងឆាណែលយូធូប របស់នាងខ្ញុំ។ នាងខ្ញុំពិតជាមិនមានចេនាណាមួយក្នុងការបំភ្លៃប្រវត្តិសាស្រ្តខ្មែរនោះទេ តែដោយសារតែការខ្វះចន្លោះក្នុងការសិក្សាស្វែងយល់អោយបានស៉ីជម្រៅពីប្រវត្តិសាស្រ្តខ្មែរមុននឹងផលិតបទនេះឡើង ទើបធ្វើអោយមានកំហុសឆ្គងកើតមានឡើងដោយអចេតនា។ នាងខ្ញុំ និងក្រុមការងារសង្ឃឹមថាសម្តេចពុក ក្រសួងពាក់ព័ន្ធនានា ព្រមទាំងបងប្អូនជនរួមជាតិ មេត្តាយោគយល់ និងអធ្យាស្រ័យដល់នាងខ្ញុំ។ មកដល់ពេលនេះ នាងខ្ញុំបានលុបទាំងស្រុងនូវវីដេអូចម្រៀងមួយបទនេះចេញពី ហ្វេសបុកផេក និងឆាណែលយូធូបរបស់នាងខ្ញុំជាស្ថាពរហើយ។នាងខ្ញុំសន្យាថាចាប់ពីថ្ងៃនេះតទៅ នាងខ្ញុំនឹងព្យាយាមសិក្សាស្វែងយល់បន្ថែមទៀតពីប្រវត្តិសាស្រ្តខ្មែរ ព្រមទាំងផលិតបទចម្រៀងដែលលើកស្ទួយវប្បធម៌ អរិយធម៌ខ្មែរ ជាបន្តទៀត ។ សូមគោរពជូនពរសម្តេចពុក និងក្រុមគ្រួសារ មានសុខភាពល្អ បរិបូរ កំលាំងពលាំមាំមួន ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា អោយមានភាពរីកចំរើនបន្តទៀត និងសូមជូនពរបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសជួបប្រទៈតែសេចក្តីសុខចម្រើនកុំបីឃ្លាត។
ដោយក្តីគោរពពីនាងខ្ញុំ មាស សុខសោភា
🙏🙏🙏 ៕
ដោយ : សិលា