«ការយល់ដឹងពីធនធានធម្មជាតិ និងជីវៈចម្រុះ គឺជាមូលដ្ឋានចាំបាច់ សម្រាប់មាតាបិតា ព្រមទាំងកុមារគ្រប់រូបក្នុងការបណ្តុះស្មារតី និងឆន្ទៈ ចូលរួមក្នុងកិច្ចគាំពារបរិស្ថាន និងអភិរក្សធនធានធម្មជាតិ»

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​បរិស្ថាន​ បានឱ្យដឹងនៅរសៀលថ្ងៃ​ទី០៥​ ខែមិថុនា​ ឆ្នាំ​២០២៣នេះថា៖​ «ការយល់ដឹងពីធនធានធម្មជាតិ និងជីវៈចម្រុះ គឺជាមូលដ្ឋានចាំបាច់ សម្រាប់មាតាបិតា ព្រមទាំងកុមារគ្រប់រូបក្នុងការបណ្តុះស្មារតី និងឆន្ទៈ ចូលរួមក្នុងកិច្ចគាំពារបរិស្ថាន និងអភិរក្សធនធានធម្មជាតិ»។

ក្រសួង​បរិស្ថាន​ បានឱ្យដឹងទៀតថា​ ដើម្បីចូលរួមអបអរសាទរខួបលើកទី៧៤ ទិវាកុមារ អន្តរជាតិ ១មិថុនា ខួបលើកទី២២ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និង ទិវាកុមារកម្ពុជា ឆ្នាំ២០២៣ និងទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា លោកស្រី ព្រំ សុភី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារបច្ចេកទេសយេនឌ័រ និងកុមារតូច វិស័យបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងកម្មវិធីអប់រំផ្សព្វផ្សាយចំណេះដឹងបរិស្ថាន ដល់លោកគ្រូ អ្នកគ្រូ មាតាបិតា និងសិស្សានុសិស្ស នៅសហគមន៍តំបន់ការពារធម្មជាតិជាំធ្លក ខេត្តកំពង់ធំ នាថ្ងៃច័ន្ទ ២រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣  ដែល រៀបចំឡើងក្រោមកិច្ចសហការរវាង មន្ទីរបរិស្ថានខេត្តកំពង់ធំ អង្គការរីខូហ្វ និងមូលនិធិហេនរេចបូល។

គោលបំណងសំខាន់ៗនៃការរៀបចំកម្មវិធីនេះ គឺដើម្បី៖

-បណ្តុះស្មារតី និងឆន្ទៈស្រឡាញ់បរិស្ថាន ដល់កុមារតូចៗដែលជាអ្នកបន្តវេនដឹកនាំវ័យក្មេង ក្នុងកិច្ចការពារ អភិរក្សធនធានធម្មជាតិ

-បំផុសភាពក្លាហានរបស់កុមារ ក្នុងការបង្ហាញចេញនូវការយល់ដឹងពីកំណើត អំពីគុណតម្លៃ សារៈសំខាន់ និងគុណប្រយោជន៍របស់បរិស្ថានចំពោះការរស់នៅប្រចាំថ្ងៃ

-បង្កើនភាពស្និទ្ធស្នាលរវាង មន្ត្រីរាជការ ប្រជាសហគមន៍ រួមជាមួយនឹងកុមារតូចៗដែលជាទំពាំងស្នងឫស្សី។

នៅក្នុងកម្មវិធីមានការដាក់បង្ហាញនូវសកម្មភាពនានាសម្រាប់កុមារា កុមារី មាតាបិតាទស្សនាស្វែងយល់អំពីកិច្ចគាំពារបរិស្ថាន ធនធានធម្មជាតិ និងជីវៈចម្រុះ វីដេអូខ្លីៗពាក់ព័ន្ធនឹងការអប់រំបរិស្ថាន ណែនាំអំពីការគ្រប់គ្រងនិងបែងចែកសំរាម ការថែរក្សាសុខភាពមាត់ធ្មេញ ការបង្ហាញម៉ូតសម្លៀកបំពាក់ការងារដោយកុមារ និងមានរៀបចំស្តង់សម្រាប់កុមារលេងកំសាន្ត ដូចជាបោះបាល់ អំណាន ផាត់រូបដោយសេរី និងឆ្លើយសំណួរយករង្វាន់៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print