ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣នេះ បានថ្លែងប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារថ្មីនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងប្រគល់សញ្ញាបត្រជូនដល់សិស្សចៅក្រម សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា និងសិស្សសារការី ដែលបានបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា សរុបចំនួន១៨៣៥នាក់។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន មានដូចខាងក្រោម៖
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា កុំនិយាយឡើយដល់វិស័យយុត្តិធម៌ គឺអ្វីៗទាំងអស់បានស្លាប់ក្នុងសម័យប៉ុលពត ប៉ុន្ដែត្រូវបានរស់ឡើងវិញក្រោយពីការផ្ដួលរំលំរបបប្រល័យពូជសាសន៍។
សម្តេចតេជោ ប្រកាសលើកទឹកចិត្តឱ្យមានការចម្រុះសម្រួលគ្នាក្រៅប្រព័ន្ធតុលាការ ដោយមានការចូលរួមពីមន្រ្ដីយុត្តិធម៌ មេធាវី និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីជៀសវាងបញ្ហា ឬវិវាទនោះឈានទៅដល់តុលការ ឬឈានទៅដល់ការប្រឈមផ្សេងៗទៀត។ ការកាត់ក្ដីនេះត្រូវធ្វើម៉េចត្រូវប្រកាន់ភ្ជាប់នូវយុត្តិធម៌ ត្រូវប្រកាន់ភ្ជាប់ឱ្យបាន មិនត្រូវឱ្យមានពាក្យថា ឱ្យតែអ្នកមានគឺឈ្នះ អ្នកក្រចាញ់នោះទេ។
សម្តេចតេជោ ថ្លែងបន្តណែនាំឱ្យមានការយកចិត្តទុកដាក់ក្នុងការអនុវត្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដល់ប្រជាពលរដ្ឋឱ្យបានច្រើន ដែលនេះគឺជារឿងល្អក្នុងការដោះស្រាយបញ្ហា វិវាទមួយចំនួននៅថ្នាក់មូលដ្ឋាន និងវិវាទជាលក្ខណៈគ្រួសាររបស់ប្រជាពលរដ្ឋជាដើម។
សម្តេចតេជោ ថ្លែងថា អ្វីៗក៏ដោយ ការកែទម្រង់៩៩រស់ មិនកែទម្រង់៩៩ងាប់ រាប់តាំងការកែទម្រងវិស័យនានា និងប្រព័ន្ធតុលាការនៅកម្ពុជាផងដែរ។
សម្តេចតេជោ ថ្លែងថា កាលពីកំណែទម្រង់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៣ រាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ ប្រព័ន្ធយុត្តិធម៌ និងតុលាការ និងកំណែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុ ហើយមកដល់សព្វថ្ងៃនេះប្រព័ន្ធយុត្តិធម៌ និងតុលាការរបស់កម្ពុជា គឺត្រូវការធ្វើកំណែទម្រង់បន្តទៀត។
សម្តេចតេជោ ថ្លែងថា ការបង្កើតសាលាឧទ្ធរណ៍តាមភូមិភាគ បានផ្ដល់ភាពងាយស្រួល ក្នុងការផ្ដល់សេវាយុត្តិធម៌ដល់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ននេះ ដូច្នេះឱកាសបង្កើតសាលាឧទ្ធរណ៍ ក៏មានតម្រូវការក្នុងការផ្ដល់ក្របខណ្ឌមន្រ្ដីយុត្តិធម៌បន្ថែមផងដែរ។
សម្តេចតេជោ ដាក់បទបញ្ជាដល់បណ្ដាអភិបាល និងអាជ្ញាធរតាមបណ្ដាខេត្តទាំងអស់ត្រូវទប់ស្កាត់ឱ្យបានការកាប់ទន្រ្ទាន រុករានព្រៃឈើល្មើសច្បាប់នៅតាមខេត្តរបស់ខ្លួន ខណៈនាពេលកន្លងទៅមានក្រុមមេខ្យល់បានកើនប្រជាជនទៅទន្រ្ទានដីឯកជន និងដីរបស់រដ្ឋត្រឹមមួយយប់បានសាងសង់ខ្ទមរហូតដល់ទៅ ៥០០ ខ្ទម។
សម្តេចតេជោ ថ្លែងថា រាជរដ្ឋាភិបាលដឹងថា នរណានៅពីក្រោយក្នុងការដឹកនាំពលរដ្ឋទៅកាប់រុករាន ទន្រ្ទានដីរដ្ឋ និងដីឯកជននេះរួចហើយ។ សម្ដេចណែនាំទៅដល់ មន្រ្ដីរាជការ បើសិនមានការពាក់ព័ន្ធត្រូវដកខ្លួនចេញជាបន្ទាន់ ពីព្រោះបើរកឃើញថាមានជាប់ពាក់ព័ន្ធនឹងអនុវត្តច្បាប់ដោយមិនលើកលែងឡើយ។
សម្តេចតេជោ ថ្លែងថា កម្ពុជាកំពុងពង្រឹងលទ្ធិប្រជាធិបតេយ្យ។ ប៉ុន្ដែបើប្រជាធិបតេយ្យ មិនគោរពច្បាប់ គឺជាអនាធិបតេយ្យ។ ដូច្នេះនៅក្នុងការរក្សាសន្ដិភាពក្នុងប្រទេសកម្ពុជា គឺមិនអាចឱ្យមានភាពអនាធិបតេយ្យណាមួយកើតឡើងបានឡើយ។
សម្តេចតេជោ ប្រកាសលើកទឹកចិត្តដល់រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ ដែលរួមគ្នាបង្កើតអគារអន្ដេវាសិកដ្ឋាន នៅទីតាំងអគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ខណៈទីនេះមានផ្ទៃដីជារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្រាប់។
សម្តេចតេជោ ថ្លែងថា កោតសរសើរដល់បណ្ដាក្រសួងស្ថាប័នរបស់រដ្ឋនាពេលបច្ចុប្បន្ននេះ ដែលបានគិតគូរបានល្អ ដោយបានបង្កើនសាលារៀន និងកន្លែងបណ្ដុះបណ្ដាលដោយផ្ទាល់ដល់សិស្សមន្រ្ដី និងនិស្សិត នៅតាមក្រសួង ស្ថាប័នរបស់ខ្លួន។
សម្តេចតេជោ ប្រកាសជំរុញឱ្យមានការពង្រឹងនូវការគោរពទំនៀមទម្លាប់ប្រពៃណីខ្មែរ ដូចជាក្រមណែនាំរបស់បុរាណាចារ្យ ដែលទាំងនេះ គឺជាផ្នែកមួយនៃការពង្រឹងក្រមសីលធម៌នៅក្នុងសង្គមខ្មែរនាពេលអនាគត។
សូមជម្រាបជូនថា បច្ចុប្បន្ន, បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា គឺជាគ្រឹះស្ថានបណ្តុះបណ្តាលសាធារណៈ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងយុត្តិធម៌ និងដឹកនាំដោយក្រុមប្រឹក្សាភិបាលមួយ ហើយមានរចនាសម្ព័ន្ធចំណុះ រួមមាន៖ សាលាភូមិន្ទចៅក្រមនិងព្រះរាជអាជ្ញា, សាលាភូមិន្ទក្រឡាបញ្ជី, សាលាភូមិន្ទអាជ្ញាសាលា, សាលាភូមិន្ទសារការី, សាលាច្បាប់ និងអគ្គលេខាធិការដ្ឋាន ព្រមទាំងមានក្រុមប្រឹក្សាវិទ្យាសាស្ត្រនិងគរុកោសល្យមួយ ជាសេនាធិការ។ ដោយឡែក, មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ដែលជាស្ថាប័នបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ក្រោម គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក៏ស្ថិតនៅក្រោមអាណាព្យាបាលផ្នែករដ្ឋបាលនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាផងដែរ។ បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា មានថ្នាក់ដឹកនាំ, មន្ត្រីរាជការ, មន្ត្រីជាប់កិច្ចសន្យា និងគ្រូបណ្តុះបណ្តាល ដែលកំពុងបម្រើការងារសរុបចំនួន ១២១ នាក់ (នារី ២៦ នាក់) ក្នុងនោះ គ្រូបណ្តុះ-បណ្តាល មានចំនួន ៥០ នាក់ (នារី ៩ នាក់) ដែលសុទ្ធសឹងជាឥស្សរជន ដែលជាចៅក្រម ជាព្រះរាជអាជ្ញា និងជាអ្នកប្រកបវិជ្ជាជីវៈច្បាប់ ដែលមានចំណេះដឹង និងបទពិសោធន៍ខ្ពស់ក្នុងវិស័យច្បាប់ និងយុត្តិធម៌។
ជាលទ្ធផលការងារ គិតចាប់ពីឆ្នាំ២០០២ រហូតមកទល់បច្ចុប្បន្ន, បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ផលិតបានធនធានជាចៅក្រម, ព្រះរាជអាជ្ញា, ក្រឡាបញ្ជី, អាជ្ញាសាលា និងសារការី សរុបចំនួន ១ ៩៤៣ នាក់ (នារី ៤៤៥ នាក់ និងមានជនពិការចំនួន ៣ នាក់) ក្នុងនោះរួមមាន៖
-សិស្សចៅក្រមជំនាន់ទី១ ដល់ជំនាន់ទី៩ សរុបចំនួន ៥១០ នាក់ (នារី ៩២ នាក់, និងពិការដៃ ១នាក់)
-សិស្សចៅក្រមផ្ទៃក្នុងជំនាន់ទី១ ចំនួន ៣២ នាក់ (នារី ៥ នាក់ និងពិការជើង ១ នាក់)
-សិស្សក្រឡាបញ្ជីជំនាន់ទី១ ដល់ជំនាន់ទី៧ សរុបចំនួន ៦៥៤ នាក់ (នារី ១៨១ នាក់)
-សិស្សក្រឡាបញ្ជីផ្ទៃក្នុងជំនាន់ទី១ ដល់ជំនាន់ទី៣ សរុបចំនួន ៦៦ នាក់ (នារី ២៤ នាក់)
-សិស្សមន្ត្រីសុក្រឹតការក្រឡាបញ្ជីជំនាន់ទី១ ដល់ជំនាន់ទី៨ សរុបចំនួន ៦១៦ នាក់ (នារី ១២៧ នាក់)
-សិស្សអាជ្ញាសាលាជំនាន់ទី១ ចំនួន ២៨ នាក់ (នារី ២ នាក់)
-សិស្សសារការីជំនាន់ទី១ និងជំនាន់ទី២ សរុបចំនួន ៣៧ នាក់ (នារី ១៤ នាក់ និងពិការជើង ១នាក់)។
ដោយឡែក, សិស្សវិជ្ជាជីវៈទាំងអស់ ទាំងសិស្សចៅក្រម, ក្រឡាបញ្ជី, អាជ្ញាសាលា និងសារការី ដែលកំពុងសិក្សានៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា មានចំនួនសរុប ២៧០ នាក់ (នារី ៨៧ នាក់)។ ក្នុងចំណោមសិស្សវិជ្ជាជីវៈទាំង ១ ៩៤៣ នាក់ ដែលបានបញ្ចប់ការសិក្សានាពេលកន្លងមក មានតែសិស្សចៅក្រមជំនាន់ទី១ ចំនួន ៥៥ នាក់ (នារី ៦ នាក់) និងសិស្សមន្ត្រីសុក្រឹតការក្រឡាបញ្ជីជំនាន់ទី១ ចំនួន ៥៣ នាក់ (នារី ៧ នាក់) ប៉ុណ្ណោះ ដែលបានទទួលសញ្ញាបត្ររួច៕ដោយ៖ស តារា