សម្តេចតេជោ ហ៊ុន សែន ៖ វិស័យយុត្តិធម៌ និងវិស័យជាច្រើន ត្រូវបានរស់ឡើងវិញក្រោយផ្តួលរំលំរបបប៉ុល ពត

ចែករំលែក៖

ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ថ្លែងថា និស្សិតខ្លះនៅពេលធ្វើកំណែទម្រង់វិស័យយុត្តិធម៌កើតឡើង គឺនិស្សិតទាំងនោះមិនទាន់កើតនោះទេ ដូច្នេះបានជាត្រូវការចាស់ទុំខ្លះ រៀបរាប់ពីដំណើររឿងថា តើវិស័យយុត្តិធម៌នៅកម្ពុជាមានដំណើរការវិវត្តន៍ដូចម្តេចខ្លះ?

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារបណ្ឌិត្យសភា ភូមិន្ទយុត្តិធម៌កម្ពុជា និងប្រគល់សញ្ញាបត្រដល់សិស្សចៅក្រម សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា សិស្សសារការី ដែលបានបញ្ចប់ការសិក្សាសរុបចំនួន ១៨៣៥ នាក់។

សម្តេចតេជោ ហ៊ុន សែន បន្តថា នៅចំណុចនៃដំណើរការវិវត្តន៍នេះ កុំនិយាយឡើយដល់វិស័យយុត្តិធម៌ គឺប្រទេសកម្ពុជាយើងអ្វីៗ ក៏បានស្លាប់ទាំងអស់ដែរ ស្លាប់ទាំងប្រពៃណី សាសនា ទៅទាំងអស់ ដល់ពេលរស់ឡើងវិញ គឺក្រោយពេលផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត។ ជាការពិតវិស័យយុត្តិធម៌ នៅក្នុងកំឡុងពេលកាលនោះ ក៏បានរៀបចំឡើងវិញ ជាបណ្តើរៗ ជាដំណាក់រហូតមានរចនាសម្ព័ន្ធ និងរបៀបរៀបរយដូចបច្ចុប្បន្ននេះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា អ្នកមាន និងអ្នកក្រ ត្រូវតែមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់។ កុំឱ្យមានពាក្យថា អ្នកមានតែងតែឈ្នះ អ្នកក្រតែងតែចាញ់ ឬអ្នកមានតែងតែត្រូវ ឬអ្នកក្រតែងតែខុស។

សម្តេចតេជោបន្តថា, «ធ្វើម៉េចកាត់ក្តីមិនលម្អៀង ហើយស្រាវជ្រាវឲ្យបានហ្មត់ចត់។ កុំឲ្យមានពាក្យគេថា អ្នកមានឈ្នះទាំងអស់ កុំឲ្យមានភាសាហ្នឹង។ ប៉ុន្តែ នរណាក៏ដោយ មានក៏ដោយក្រក៏ដោយ ត្រូវទទួលបានយុត្តិធម៌ដូចគ្នា»។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងសង្កត់ធ្ងន់ ឲ្យអនុវត្តន៍ដោយម៉ឹងម៉ាត់ ចំពោះអ្នកកាប់ទន្ទ្រានយកដីរដ្ឋ ដោយមិនត្រូវលើកលែងក្រោមហេតុផលប៉ះពាល់សំឡេងឆ្នោតនោះឡើយ។

ជាមួយគ្នានេះ សម្តេចតេជោ បានលើកទឹកចិត្តឱ្យមានការដោះស្រាយជម្លោះក្រៅប្រព័ន្ធតុលាការ ព្រោះបើចូលដល់តុលាការហើយ គឺមានតែអ្នកឈ្នះ និងចាញ់ប៉ុណ្ណោះ។ អ្នកឈ្នះថា តុលាការកាត់ក្តីយុត្តិធម៌ អ្នកចាញ់ថា តុលាការអយុត្តិធម៌។

បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន មេធាវីមិនសប្បាយចិត្តទេ នៅពេលសម្តេចលើកទឹកចិត្តឱ្យដោះស្រាយក្រៅប្រព័ន្ធតុលាការ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print