ភ្នំពេញ៖ ក្រោយពីប្រកាសបើកបង្ហាញមុខតារាសម្តែងប្រុសមីយ៉ាន់ម៉ា Paing Takhon មកថតភាពយន្តរឿង”ប្រុសលក់ខ្លួន” រួចមក ពេលនេះភាពយន្តនេះបានបញ្ចេញតារាសម្តែងបរទេស២ប្រទេសបន្ថែមទៀតគឺតារាសម្តែងនិងកំប្លែងថៃ និងវៀតណាម ។ ការបញ្ជាក់នេះធ្វើឡើងគ្រាដែលតារាសម្តែងរបស់ប្រទេសទាំង២នេះបានធ្វើដំណើរមកដល់កម្ពុជានិងបញ្ចប់ការថតត្រឹមតែរយៈពេលខ្លីនោះ។
អាចចាត់ទុកបានថាជាលើកដំបូងដែលផលិតកម្មនៅប្រទេសកម្ពុជា គឺផលិតកម្មLD Enttertaniment បានធ្វើការប្រមូលសិល្បករចំនួន៤ប្រទេសដើម្បីរួមគ្នាថតភាពយន្តបែបកំប្លែងថ្មីមួយដែលមានចំណងជើងថា”ប្រុសលក់ខ្លួន”។ តារាសម្តែងមកពីប្រទេស ថៃ កម្ពុជា វៀតណាម និង មីយ៉ាន់ម៉ា ដែលនឹងប៉ះគ្នាលើកដំបូងនេះនឹងត្រូវបានគេរំពឹងដែរថា នឹងអាចធ្វើឲ្យភាពយន្តនេះជ្រាតចូលក្នុងទីផ្សារអន្តរជាតិបាន។
មុននេះមានការប្រកាសអំពីវត្តមានតារាល្បីប្រុសមីយ៉ាន់ម៉ា Paing Takhon បានបង្ហាញមុខជាមួយនឹងការសម្តែងរួមគ្នាជាមួយកញ្ញាឯក Miss Grand Cambodia 2022 កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី។ អ្វីដែលធ្វើឲ្យគ្រប់គ្នាជឿជាក់ថាវានឹងក្លាយជាភាពយន្តកំប្លែងដែលធ្វើឲ្យអ្នកទស្សនាសើចចុងពោះរឹងថ្គាមនោះគឺការបង្ហាញវត្តមាន តារាសម្តែងល្បីឈ្មោះពីប្រទេសថៃម្នាក់គឺអ្នកនាង Tukky Sudarat ឬអ្នកគ្រប់គ្នាហៅថា អ្នកគ្រូ ផេនស៊ីនោះក៏នឹងលេចវត្តមានសម្តែងក្នុងភាពយន្តនេះដែរជាមួយនឹងតារាកំប្លែងប្រុសមាឌធំរបស់ថៃមួយរូបទៀតគឺលោក Kootee Aramboy ដែលអ្នកគ្រប់គ្នាធ្លាប់ស្គាល់ច្បាស់ដូចថ្ងៃក្នុងតួអង្គឈ្មោះនាងផេនខេកក្នុងភាពយន្តកំប្លែងរឿង”ខ្មោចត្រឡោកបែក”នោះតែម្តង។ គ្រាន់តែដឹងថា អ្នកគ្រូ ផេនស៊ី នឹងចូលរួមសម្តែងរឿងនេះ គ្រប់គ្នាលើកឡើងថាត្រៀមតែសើចទៅដឹងតែរឹងថ្គាមមិនខាន ព្រោះគ្រប់រឿងដែលនាងធ្លាប់សម្តែងគ្មានមួយណាមើលហើយមិនសើចរឹងពោះនោះទេ។ តារាសម្តែងថៃទាំងពីររូបបានធ្វើដំណើរមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី០៣ ខែមិថុនាឆ្នាំ ២០២៣កន្លងទៅនេះនឹងបានបញ្ចប់ការសម្តែងរួចមកហើយដែរ ដែលប្លង់សំខាន់ៗគឺមាននៅរាជធានីភ្នំពេញតែម្តង។ ខណៈដែលតារាសម្តែងមកពីប្រទេសវៀតណាមកញ្ញា ជូយ៉េន គៀវទ្រិញក៏នឹងបង្ហាញវត្តមានក្នុងភាពយន្តនេះដែរ។ ក្រៅពីកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី តារាសម្តែងល្បីឈ្មោះពីកម្ពុជាមួយចំនួនក៏នឹងបង្ហាញវត្តមានក្នុងភាពយន្តនេះដែរមានដូចជាកញ្ញា ឆាយ នីតា លោក ទេពរិន្ទដារ៉ូ និងតារាប្រុសស្រស់សង្ហា លោក ខាត់ វ៉ៃហាំងជាដើម។ វត្តមានតារាប្រុសស្រីល្បីឈ្មោះទាំង៤ប្រទេសក្នុងភាពយន្តនេះត្រូវបានគេដឹងថានឹងកាន់តែធ្វើឲ្យភាពយន្តកំប្លែងថ្មីដែលជាការសហការរវាងផលិតកម្មមកពីប្រទេសមីយ៉ាន់ម៉ា និង ផលិតកម្មLDEntertaninment របស់កម្ពុជា នឹងកាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំអជាក់ជាមិនខាន ខណៈដែលកន្លងទៅភាពយន្តកំប្លែងរបស់ផលិតកម្មនាំមុននៅកម្ពុជានេះធ្លាប់ទទួលបានការគាំទ្រខ្លាំងពីទស្សនិកជននោះ៕
ដោយ វឌ្ឍនា