ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូចនេះថា «អ្វីដែលគួរកត់សម្គាល់ គឺពីមួយថ្ងៃទៅមួយថ្ងៃយើងឈានឡើងតាមតំណាក់ៗ ហើយយើងកំពុងតែដំណើរការប្រជាធិបតេយ្យនីតិរដ្ឋត្រូវចាំឱ្យច្បាស់អាពាក្យនឹង ប្រជាធិបតេយ្យដែលគ្មានការគោរពច្បាប់គឺអនាធិបតេយ្យ បើគិតតែពីការអនុវត្តន៍ច្បាស់ដោយមិនបើកសេរីភាពគឺវាផ្តាច់ការ ចឹងវាត្រូវអមដំណើរជាមួយគ្នារវាងប្រជាធិបតេយ្យនីតិរដ្ឋ»។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា នៅលើពិភពលោកក៏គេកំពុងធ្វើដូចនេះដែរ គឺត្រូវឱ្យមានការគោរពច្បាប់ ពិភពលោកគឺគោរពច្បាប់ និងផ្អែកលើកច្បាប់ ហើយនៅក្នុងប្រទេសនីមួយៗ បើមិនមានច្បាប់គ្រប់គ្រងទេ នោះអ្នកខ្លាំងទៅបំពានអ្នកខ្សោយវានឹងកើតឡើង ដូចនេះត្រូវតែដំណើរការទៅជាមួយគ្នា ចូលរួមជាមួយគ្នា។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា កម្ពុជាបានចាប់ផ្តើមយ៉ាងពិបាកទម្រាំបានដូចសព្វថ្ងៃនេះ ដូចនេះត្រូវចូលរួមជាមួយគ្នា ជាមួយនឹងការរក្សាសន្តិភាពឱ្យខានតែបាន ទោះដើរដល់ដំណាក់កាលណាក៏ដោយ។
ជាមួយគ្នានោះសម្តេចតេជោ ក៏បានបន្ថែមដែរថា ការទទួលបានសញ្ញាបត្ររបស់សិស្សចៅក្រម សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា សិស្សសារការី គឺជាធាតុផ្សំនៃដំណើរការតុលាការ និងដំណើរការយុត្តិធម៍ ហើយយើងក៏មិនត្រូវភ្លេចការបន្តធ្វើកំណែរទម្រង់ឱ្យបានជាប់ជាប្រចាំផងដែរ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារថ្មីនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និង ពិធីប្រគល់សញ្ញាបត្រជូនដល់សិស្សចៅក្រម សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា និងសិស្សសារការី ដែលបានបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាសរុបចំនួន១៨៣៥នាក់ ស្ថិតក្នុងខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារ ៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ នេះ ៕
ដោយ : សហការី