ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធៀន(Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ បានថ្លែងប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន មានដូចខាងក្រោម៖
សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត នឹងត្រូវតភ្ជាប់ជាមួយផ្លូវល្បឿនលឿនវៀតណាម ដែលនេះគឺជាគម្រោងផ្លូវល្បឿនលឿនអាស៊ាន ខណៈផ្លូវល្បឿនលឿននេះបានផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋកម្ពុជា។
សម្ដេចតេជោ ថ្លែងថា គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត គឺស្ថិតនៅក្នុងកិច្ចសហប្រតិបត្តិការគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន ដែលប្រទេសចិនបានវិនិយោគ ១០០ភាគរយ ដោយកម្ពុជាមិនបានខ្ចីលុយចិននោះទេ ហើយរាជរដ្ឋាភិបាលបានទាញយកផលប្រយោជន៍នេះ។
សម្ដេចតេជោ ថ្លែងថា រាជរដ្ឋាភិបាលនឹងចេញប្រាក់ជាង ២៣២ លានដុល្លារ ដើម្បីសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ដែលតភ្ជាប់ពីឃុំដីឥដ្ឋ ស្រុកកៀនស្វាយ (ពីផ្លូវក្រវាត់ក្រុងខ្សែទី៣) ទៅដល់ឃុំថ្មគរ ស្រុកល្វាឯម និងតភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត។
សម្ដេចតេជោ ថ្លែងថា ទន្ទឹមនឹងការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនេះ រាជរដ្ឋាភិបាល ក៏បានសម្រេចឱ្យមានការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ដែលតភ្ជាប់ពីឃុំដីឥដ្ឋ ស្រុកកៀនស្វាយ (ពីផ្លូវក្រវាត់ក្រុងខ្សែទី៣) ទៅដល់ឃុំថ្មគរ ស្រុកល្វាឯម និងតភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត។ ស្ពាននេះជាប្រភេទស្ពានបេតុង មានប្រវែង ១,៦០០ ម៉ែត្រ ទទឹង ២៦ម៉ែត្រ និងផ្លូវតភ្ជាប់ទាំងសងខាងពីក្បាលស្ពានមានប្រវែង ២,១០០ម៉ែត្រ ទទឹង ២៦ម៉ែត្រ ក្រាលបេតុងកៅស៊ូ AC កម្រាស់ ១០ សង់ទីម៉ែត្រ រួមទាំងការសាងសង់ផ្លូវប្តទិសចរាចរណ៍ (Interchange) ចំនួន ១ កន្លែង និងផ្លូវក្រោមស្ពាន(Underpass) ចំនួន ២កន្លែង ហើយប្រជាពលរដ្ឋនឹងអាចឆ្លងស្ពាននេះដោយមិនគិតថ្លៃឡើយ។
សម្ដេចតេជោ ថ្លែងថា បន្ទាប់ការបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ថ្ងៃនេះ រាជរដ្ឋាភិបាលនឹងចុះហត្ថលេខាលើគម្រោងផ្លូវល្បឿនលឿនសៀមរាប-ប៉ោយប៉ែត ផងដែរ។
សម្ដេចតេជោ ប្រកាសយកនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីប្រកាសដាក់ឱ្យប្រើប្រាស់ផ្លូវការផ្លូវក្រវ៉ាត់ក្រុងទី៣បន្ថែមទៀត។
សម្ដេចតេជោ ថ្លែងទៅកាន់ឯកអគ្គរដ្ឋទូតវៀតណាមសូម ប្រយ័ត្នកុំឱ្យជនក្បត់ជាតិនៅក្រៅប្រទេស ដែលមានបំណងចូលមកប្រទេសវៀតណាម។ សម្ដេចបញ្ជាក់ថា បើបុគ្គលនោះចូលមកប្រទេសវៀតណាម សូមចាប់ប្រគល់ឱ្យកម្ពុជា។
សម្តេចតេជោ បានស្នើដល់ភាគីវៀតណាម ជួយចាប់ទណ្ឌិតក្បត់ជាតិ និងបក្សពួកបញ្ជូនមកកម្ពុជា ខណៈពួកទាំងនោះប្រកាសប្រើលិខិតឆ្លងដែនរបស់បារាំងចូលមកវៀតណាម តែពួកគេទាំងមានដីការដើម្បីចាប់ខ្លួនរបស់កម្ពុជា
សម្ដេចតេជោ ថ្លែងថា ទោះបីចំណូលរបស់កម្ពុជាកើនឡើង ប៉ុន្ដែនិន្នាការសេដកិច្ចសកល គឺកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់ និងបញ្ហាប្រឈម ដូច្នេះរាជរដ្ឋាភិបាល មានការប្រុងប្រយ័ត្នខ្លាំងណាស់ក្នុងការប្រើប្រាស់ថវិកាជាតិ។
សម្តេចតេជោ ថ្លែងថា ភាពជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ គឺមិនចង់បានតែភាពឈ្នះ និងចង់បានតែមេដាយនោះទេ គឺចង់បានការប្រកួតប្រកបដោយមិត្តភាព និងការទទួលខុសត្រូវ។
សម្ដេចតេជោ បន្តថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំតាមបណ្ដាប្រទេសអាស៊ាន ដែលបានបញ្ជូនអត្តពលិកមកចូលរួមប្រកួតកីឡានៅកម្ពុជា ក្នុងឱកាសកម្ពុជាធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២។
សម្ដេចតេជោ ថ្លែងថា កម្ពុជាបានធានាបានយ៉ាងល្អ នូវការមើលថែទាំយ៉ាងយកចិត្តទុកដាក់បំផុតដល់ប្រតិភូកីឡា និងអត្តពលិកទាំងអស់ ក្នុងឱកាសស្នាក់នៅប្រកួតកីឡានៅកម្ពុជា «កម្ពុជាប្រទេសតូច ប៉ុន្ដែមានបេះដូងធំ»។
សូមជម្រាបជូនថា ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ជាផ្លូវល្បឿនលឿន ខ្សែទី២ ក្នុងប្រទេសកម្ពុជា បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលដាក់ឱ្យប្រើប្រាស់ ជាផ្លូវការកាល ពីឆ្នាំ ២០២២កន្លងទៅនេះ។
នាឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវល្បឿនលឿននេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀតនៅក្នុងចំណោមសមិទ្ធផលជាតិសំខាន់ៗជាច្រើននៅទូទាំងប្រទេស ដែលបាន កើត ចេញពីកិច្ចខិតខំប្រឹងប្រែងរបស់អគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមរបស់កម្ពុជា គឺសម្តេចតេជោនាយករដ្ឋមន្ត្រី និងការចូលរួម ចំណែក មិន អាចខ្វះបានពីបណ្តាប្រទេសជាមិត្តរបស់កម្ពុជា និងដៃគូអភិវឌ្ឍន៍នានា។
គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត មានប្រវែងសរុប ១៣៥,១០គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ទៅដល់សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។ ផ្លូវនេះ មានខ្សែផ្លូវឆ្លង កាត់ខេត្តកណ្តាល ប្រវែង ៤,១គីឡូម៉ែត្រ ខេត្តព្រៃវែង ប្រវែង ៧០,៩គីឡូម៉ែត្រ និងខេត្តស្វាយរៀង ប្រវែង ៦០,១គីឡូ ម៉ែត្រ៕ ដោយ៖ស តារា