ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កម្លាំងនគរបាលស្រុកមោងឫស្សី បានឃាត់ខ្លួនបុរសម្នាក់ ទាំងយប់ពាក់ព័ន្ធករណីគ្រឿងញៀន ដោយអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តបាត់ដំបង។
ប្រភពដដែលបន្តថា លោកវរសេនីយ៍ឯកស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី កាលពីវេលាម៉ោង២២ និង១៥នាទីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុក ចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនបុរសម្នាក់ ស្ថិតនៅចំណុចក្រុមទី០៩ ភូមិគារ២ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ជាក់ស្ដែងយោងតាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ១៨៦ ត.ព្រ ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ របស់លោក នុត សុម៉ារី ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តបាត់ដំបង ដោយបង្គាប់ឱ្យចាប់ខ្លួនពិរុទ្ធជនម្នាក់ឈ្មោះ ជៀប ចាន់ថើប ហៅ ធឺន ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិគារ៣ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ជាប់ចោទពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិគារ៣ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។
បច្ចុប្បន្នពិរុទ្ធជនត្រូវបានរៀបចំបញ្ជូនមកការិយាល័យជំនាញនៅព្រឹកថ្ងៃទី០៧ ខែមិថុនានេះ ដេីម្បីបន្តនីតិវិធីច្បាប់៕ដោយ៖អរុណរះ