ខេត្តបាត់ដំបង÷ យោងតាមរបាយការណ៍របស់អាជ្ញាធរខេត្តបាត់ដំបងបានអោយដឹងនៅព្រឹកថ្ងៃទី០៧ខែមិថុនាឆ្នាំ២០២៣នេះថាបើគិតត្រឹមរយ:ពេល៥ខែដើមឆ្នាំនេះមានករណីខ្យល់កន្ត្រាក់បានបំផ្លាញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋទាំងតូចទាំងធំសរុបជាង ២០០០ខ្នង ក្នុងនោះរន្ទះបាញ់បណ្តាលអោយមនុស្សស្លាប់ និងរងរបួសជិត ២០នាក់ក ព្រមទាំងសតូគោជាច្រើនក្បាលផងដែរ។
មន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងបានរាយការណ៍ឲ្យដឹងកាលពីថ្ងៃទី ០៦ ខែមិថុនា នេះថា ដោយសារឥទ្ធិពលអាកាសធាតុប្រែប្រួលជាបន្តបន្ទាប់ពិសេសចាប់ពីដើមខែមករា ដល់ចុងខែឧសភា ឆ្នាំ ២០២៣កន្លងមកនេះ គ្រោះធម្មជាតិខ្យល់កន្ត្រាក់ និងរន្ទះបាញ់បានបោកបក់យ៉ាងខ្លាំងរហូតបានបំផ្លាញលំនៅដ្ឋានរបស់ប្រជាពលរដ្ឋធ្ងន់ និងស្រាលសរុបចំនួន ២.២០៨ខ្នង ស្មើប្រជាពលរដ្ឋរាយប្រមាណ ៩.៣៩៤នាក់ ថែមទាំងបានបង្កជារន្ទះបាញ់សម្លាប់ជីវិតមនុស្សអស់ចំនួន ៦នាក់ របួស ១១នាក់ និងបណ្តាលឲ្យងាប់សត្វគោជាច្រើនក្បាល រួមនឹងទ្រព្យសម្បត្តិមួយចំនួនធំទៀត។
មន្ត្រីសាខាដដែលបានបន្តថា ខ្យល់កន្រ្តាក់ និងគ្រោះថ្នាក់ដោយរន្ទះកន្លងមកបានកើតមានក្នុងភូមិសាស្ត្រឃុំសង្កាត់ចំនួន ៩៦ ស្មើ ៤១១ភូមិ ទូទាំងក្រុង ស្រុកថំនួន ១៤ របស់ខេត្តបាត់ដំបង ហើយជាចុងក្រោយនេះមន្ត្រីក្រុមការងារកាកបាទក្រហមសាខាខេត្តបាត់ដំបងបានចុះផ្តល់នូវអំណោយមនុស្សធម៌បឋមយ៉ាងទាន់ពេលវេលាសម្រាប់ជនរងគ្រោះដើម្បីជួយសម្រាលការខ្វះខាតចំពោះមុខផងដែរ៕ ដោយ÷ចន្ទ លីហ្សា