ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោកម៉ប់ សារិន បានថ្លែងនូវការកោតសរសើរចំពោះរដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធដែលបានសហការជាមួយថ្នាក់ជាតិក្នុងការខិតខំបំពេញការងារគ្រប់មុខសញ្ញាធ្វើឱ្យរាជធានីភ្នំពេញមានសោភណភាពស្រស់បំព្រង និងការពារបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អ ក្នុងការរៀបចំប្រារព្ធពិធីបិទស៊ីហ្គេមលើកទី៣២ ដែលបានធ្វើឱ្យកិត្យានុភាពនៃព្រះរាជាណាចក្រកម្ពុជាល្បីរន្ទឺលើពិភពលោក។
ការថ្លែងកោតសរសើរបែបនេះធ្វើឡើង នាព្រឹកថ្ងៃទី០៨ មិថុនា ឆ្នាំ២០២៣ក្នុងឱកាសដែលរូបលោកនិងលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងអោយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៩ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅសាលារាជធានីភ្នំពេញ។
លោកម៉ប់ សារិន បានមានប្រសាសន៍លើកឡើងថា៖ រដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធបានសហការគ្នាយ៉ាងល្អជាមួយថ្នាក់ជាតិ ក្នុងការខិតខំបំពេញការងារគ្រប់មុខសញ្ញា ដែលបានធ្វើឱ្យរាជធានីភ្នំពេញមានសោភណភាពស្រស់បំព្រង និងការពារបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងការរៀបចំប្រារព្ធពិធីបិទស៊ីហ្គេមលើកទី៣២ ក្រោមពាក្យស្លោក «កីឡារស់ក្នុងសន្តិភាព» ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បន្ទាប់ពីបានរង់ចាំអស់រយៈពេល ៦៤ឆ្នាំ បានបញ្ចប់ដោយជោគជ័យត្រចះត្រចង់ និងទទួលបានចំណាត់ថ្នាក់លេខ៤ ដោយទទួល បានមេដាយ ២៨២គ្រឿង ក្នុងនោះ មេដាយមាស ៨១គ្រឿង, មេដាយប្រាក់ ៧៤គ្រឿង និងមេដាយសំរឹទ្ធិ១២៧គ្រឿង ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកីឡាពីមុនមក។
លោក ម៉ប់ សារិនបន្តថា៖ តាមរយៈព្រឹត្តិការណ៍ដ៏អស្ចារ្យនេះធ្វើឱ្យប្រជាជន មហាជនជាតិ អន្តរជាតិស្ងើចសរសើរ និងកាន់តែស្គាល់ពីអត្តសញ្ញាណកម្ពុជា បានច្បាស់ ជាពិសេសបានក្លាយជាកម្លាំងចលករថ្មីមួយទៀត គាស់ជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យងើបឡើងថែមមួយកម្រិតទៀត។ ក្នុងនោះ ប្រជាពលរដ្ឋនៅទូទាំងប្រទេស និងបណ្តាប្រទេសអាស៊ានស្វាគមន៍ អបអរសាទរចំពោះការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាដែលបានបើកទូលាយ មិនលក់សំបុត្រឱ្យប្រជាជន មិនលក់សំបុត្រឱ្យអ្នកគាំទ្រ មិនលក់សិទ្ធិផ្សព្វផ្សាយទៅបរទេស មិនយកប្រាក់ដែលជាកាតព្វកិច្ចមានចែងក្នុងលក្ខន្តិកៈអាស៊ានហ្គេម ហើយបានចំណាយថវិកាជាច្រើនសម្រាប់ការស្នាក់នៅរបស់កីឡាករ ដែលធ្វើឱ្យកិត្យានុភាពនៃព្រះរាជាណាចក្រកម្ពុជាល្បីរន្ទឺលើពិភពលោក។
បន្ថែមពីនេះ លោកម៉ប់ សារិន ក៏បានថ្លែងនូវការកោតសរសើរចំពោះសមត្ថកិច្ចពាក់ព័ន្ធផងដែរ ដែលបានរួមគ្នាធ្វើឱ្យបទល្មើសព្រហ្មទណ្ឌនៅក្នុងខែឧសភានេះ បានថយចុះ៤លើក(៤១លើក/៤៥លើក)ជាពិសេសបានស្រាវជ្រាវបង្ក្រាបករណ៏ប្លន់អាជីវករលក់មាសនៅផ្សារស្ទឹងមានជ័យធ្វើឱ្យអាជីវករក្នុងរាជធានីភ្នំពេញមានភាពកក់ក្ដៅ។
លោក កើត ឆែ បានមានប្រសាសន៍លើកឡើងថា៖ ការកោតសរសើររបស់ក្រុមប្រឹក្សារាជធានីភ្នំពេញខាងលើ គឺជាការលើកទឹកចិត្តដើម្បីអោយអាជ្ញាធររាជធានីភ្នំពេញអនុវត្តការងារទាំងនេះអោយកាន់តែល្អប្រសើរថែមទៀត ហើយចំពោះការណែនាំរបស់ក្រុមប្រឹក្សារាជធានី អោយមានការកែសម្រួលរបាយការណ៍របស់រដ្ឋបាលរាជធានី ក៏ជាចំណុចល្អនិងអរគុណផងដែរ ដើម្បីអោយរដ្ឋបាលរាជធានីភ្នំពេញបានបំពេញចំណុចខ្វះខាតក្នុងរបាយការណ៍៕ ដោយសំរិត