ម្ចាស់ជំនួញ Sheikh Jassim bin Hamad Al Thani បានធ្វើការដេញថ្លៃជាលើកទី៥ដើម្បីទិញក្លិបបិសាចក្រហមManchester United នៅដើមសប្តាហ៍នេះ។ នេះបើយោងតាមប្រភពជិតស្និទ្ធនឹងធនាគារកាតា។ ការដេញថ្លៃនេះនឹងក្លាយជាការដេញថ្លៃចុងក្រោយរបស់ Sheikh Jassim បន្ទាប់ពីថ្ងៃសុក្រ គាត់នឹងមិនចូលរួមជាមួយដំណើរការនេះទៀតទេ។
ការដេញថ្លៃនេះគឺសម្រាប់១០០% នៃក្លិបនឹងជម្រះបំណុលរបស់ Man United និងមានមូលនិធិដាច់ដោយឡែកសម្រាប់ក្លិប និងសហគមន៍មូលដ្ឋាន។ រីឯស្ថាប័ន Ineos Group របស់លោក Sir Jim Ratcliffe គឺជាភាគីសំខាន់ផ្សេងទៀតដែលព្យាយាមទិញក្លិប Premier League មួយនេះដែរ។
តួលេខនៅក្នុងខែមីនាបានបង្ហាញថា Man United បានជំពាក់៩៦៩.៦លានផោនតាមរយៈការរួមបញ្ចូលគ្នានៃបំណុលសរុប ការខ្ចីប្រាក់ពីធនាគារ និងថ្លៃផ្ទេរប្រាក់ដែលមិនទាន់មានជាមួយនឹងការទូទាត់ដែលពាក់ព័ន្ធ។
គ្រួសារត្រកួល Glazer ដែលបច្ចុប្បន្នជាម្ចាស់ក្លិបបានប្រកាសកាលពីខែវិច្ឆិកាថា ពួកគេកំពុងពិចារណាលក់ក្លិប Manchester United ខណៈដែលពួកគេស្វែងរកជម្រើសជាយុទ្ធសាស្ត្រ។
ទោះបីជាមិនមានការឆ្លើយតបពីគ្រួសារ Glazer ចាប់តាំងពីថ្ងៃផុតកំណត់នៃការដេញថ្លៃចុងក្រោយនៅថ្ងៃទី២៨ ខែមេសាក៏ដោយមានទំនុកចិត្តកាន់តែខ្លាំងឡើងនៅក្នុងការប្រជែង Ineos នៅក្នុងខែឧសភាថា ការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការទិញក្លិបUnited នឹងទទួលបានជោគជ័យ។
ការប្រកាសនេះត្រូវបានគេយល់ថា ការផ្ដល់យោបល់មួយរបស់លោក Ratcliffe គឺដើម្បីបន្ថយភាគរយនៃក្លិប United ដែលគាត់ចង់ទិញពីដំបូង៦៩% សម្រាប់ភាគហ៊ុនរបស់ Glazer ទាំងអស់មកត្រឹមតែជាង៥០% ដែលនឹងអនុញ្ញាតឱ្យសហប្រធាន Joel និងAvram Glazer រក្សាការពាក់ព័ន្ធមួយចំនួន។
ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានការបង្ហាញថា តើនៅពេលណាដែលគ្រួសារត្រកូល Glazer នឹងធ្វើការសម្រេចចិត្តលើទិសដៅអនាគតរបស់ក្លិប Manchester United នោះទេ។ ពួកគេបានទិញក្លិបក្នុងតម្លៃ៧៩០លានផោនក្នុងឆ្នាំ២០០៥ ហើយបានបង្កើតតម្លៃចន្លោះពី៥ពាន់លានទៅ៦ពាន់លានផោនសម្រាប់ក្លិបនេះ ៕ (រូបភាព ៖ BBC Sport)