ខេត្តបាត់ដំបង៖ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបងបានអោយដឹងនៅរសៀលថ្ងៃ០៨ ខែមិថុនា ឆ្នាំ២០២៣នេះថា ក្រោយពីទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋរងគ្រោះលោកបានដឹកនាំកម្លាំងផ្នែកជំនាញព្រហ្មទណ្ឌចុះធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនមុខសញ្ញាជាជនសង័្សយចំនួន០៣នាក់។
លោកអធិការនគរបាលក្រុងបាត់ដំបង បានអោយដឹងបន្តទៀតថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ សំបូរ ថាវីរៈ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ពាក់ព័ន្ធករណីអំពើលួចទ្រព្យសម្បត្តិរបស់ខ្លួន។
ដោយឡែកក្រុមជនសង្ស័យដែលត្រូវបានឃាត់ខ្លួន ទី១-ឈ្មោះញ៉ែម ប៊ុនធឿន ហៅ ហេីម ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង, ២-ឈ្មោះថោង សុភ័ក្រ ហៅកែវ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង, ៣-ឈ្មោះ សេត ឆៃហ្វុង ហៅជ្រូក ភេទប្រុស រស់នៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ។
សម្ភារដកហូតរួមមាន៖
-ដែកទីបមូលចំនួន១០កំណាត់
-ដែកជេីងតម្រង់ចំនួន១០ដេីម
-ដែកក្រចាប់ពុម្ព ចំនួន០១
-ពូថៅ ចំនួន ០១
-ញញួរ ចំនួន ០១ (ជារបស់ជនរងគ្រោះ)
-រទេះដែក ចំនួន ០១
-ម៉ូតូវីវ៉ា ពណ៌ក្រហម១គ្រឿង ។
ក្រោយពីឃាត់ខ្លួននិងដកហូតបាន សម្ភារខាងលើរួចមក ពេលនេះសមត្ថកិច្ចបានប្រគល់ជូនម្ចាស់វិញ ចំណែកជនសង័្សយត្រូវកសាងសំណុំរឿងអនុវត្តតាមផ្លូវច្បាប់៕ដោយ÷ចន្ទ លីហ្សា