ខេត្តព្រៃវែង : បច្ចុប្បន្ន កម្ពុជាត្រូវបានប្រជាជនចាត់ទុកជាផ្ទះដ៏សុខសាន្ត ដែលអាចរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ សុភមង្គល និងមោទនភាពជាតិ។ នេះជាសម្រង់ប្រសាសន៍សំខាន់ៗរបស់ លោក បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ថ្លែងក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ ។
លោក បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ៖ បច្ចុប្បន្ន កម្ពុជាត្រូវបានប្រជាជនចាត់ទុកជាផ្ទះដ៏សុខសាន្ត ដែលអាចរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ សុភមង្គល និងមោទនភាពជាតិ។ ទាំងនេះ គឺជាសមិទ្ធផលនៃចក្ខុវិស័យ និងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលត្រូវបានអនុវត្តចាប់ពីថ្ងៃកំណើតបក្ស បន្តរហូតមកដល់បច្ចុប្បន្ន។ សិទ្ធិសេរីភាពត្រូវបានផ្តល់ជូនប្រជាជនកម្ពុជាឡើងវិញនៅក្រោយការរំដោះប្រទេសជាតិចេញពីរបបប៉ុលពត ព្រមជាមួយនឹងឱកាសគ្រប់បែបយ៉ាងក្នុងការអភិវឌ្ឍខ្លួន និងកសាងជីវភាពទៅតាមសមត្ថភាព និងការខិតខំប្រឹងប្រែងរបស់ប្រជាជន ដោយមានការបង្កលក្ខណៈ និងការឧបត្ថម្ភគាំទ្រពីសំណាក់រាជរដ្ឋាភិបាលជាប់ជាប្រចាំ។
លោក បណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា តែងបានប្រកាន់គោលជំហររឹងមាំ និងរក្សាជានិច្ចនូវបុព្វហេតុបម្រើជាតិ និងប្រជាជន ដោយក្នុងនេះ កម្មវិធីនយោបាយដ៏ត្រឹមត្រូវរបស់បក្ស ក៏បានប្រែក្លាយជាគោលនយោបាយរបស់រាជរដ្ឋាភិបាលនៅរៀងរាល់អាណត្តិនយោបាយ បន្ទាប់ពីជ័យជម្នះក្នុងការបោះឆ្នោត ហើយគោលនយោបាយទាំងនេះ ក៏ត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាពដោយមានការចូលរួមយ៉ាងសកម្មពីសំណាក់យុវជនដែលជាកម្លាំងចលករដ៏មុតស្រួច។
លោក បណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា , ក្នុងន័យនេះ យុវជនក៏ត្រូវខិតខំប្រឹងប្រែងពង្រឹងសមត្ថភាព តាមរយៈការយកចិត្តទុកដាក់សិក្សាស្វែងយល់អំពីប្រវត្តិ ស្នាដៃ សមិទ្ធផល លក្ខន្តិកៈ កម្មវិធីនយោបាយ និងផែនការសកម្មភាពផ្សេងៗ ដើម្បីជាមូលដ្ឋានក្នុងការថែរក្សាជំនឿជឿជាក់លើគណបក្ស និងការសម្រេចចិត្ត ហើយជាពិសេសការប្រែក្លាយខ្លួនជាឃោសនិកដ៏មានឥទ្ធិពល ក្នុងការផ្សព្វផ្សាយដល់មហាជនឱ្យបានជ្រាបច្បាស់ពីភាពវិជ្ជមាន សក្តានុពល និងបេសកកម្មដ៏ឧត្តុង្គឧត្តមថ្លៃថ្លារបស់គណបក្សប្រជាជនកម្ពុជា ដែលបានធ្វើ កំពុងធ្វើ និងបន្តធ្វើចំពោះជាតិមាតុភូមិ។
លោក បណ្ឌិត ហ៊ុន ម៉ាណែត បានបន្ថែមថា, ការកសាងសមាជិកបក្សត្រឹមរូបរាងកាយ គឺជាកិច្ចការងាយស្រួល ប៉ុន្តែការទទួលបាននូវការគាំទ្រដោយបេះដូងពិតប្រាកដ ទើបជាកិច្ចការសំខាន់ និងលំបាក ដែលទាមទារឱ្យយើងទាំងអស់គ្នាត្រូវបង្កើនសកម្មភាពវិជ្ជមានសកម្មទ្វេដង និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលនយោបាយរបស់គណបក្ស រួមទាំងការចុះជួយដោះស្រាយបញ្ហាប្រឈមនានា ជាពិសេសការខិតខំបម្រើសេវាជូនប្រជាជនឱ្យបានល្អប្រសើរបំផុត ដើម្បីទទួលបានការគាំទ្រ និងការអាណិតស្រលាញ់របស់ពួកគាត់។ គណបក្សប្រជាជនកម្ពុជា មិនផ្តល់ការសន្យានោះទេ គឺនៅ បន្តធ្វើមិនឈប់ឈរ និងមិនបោះបង់ចោលប្រជាជនជាដាច់ខាត ដោយប្តេជ្ញានៅតស៊ូក្រាញនននៀលខាំស្មៅរួមសុខរួមទុក្ខជាមួយនឹងប្រជាជនក្នុងគ្រប់ពេលវេលា និងកាលៈទេសៈ។
លោក បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា, ពាក្យ “អរគុណសន្តិភាព” គឺជាស្នាដៃមិនអាចប្រកែកបានរបស់គណបក្សប្រជាជនកម្ពុជា ដែលបានដាក់ចេញគោលនយោបាយឈ្នះ-ឈ្នះ រហូតសម្រេចបាននូវការបញ្ចប់សង្គ្រាម និង ជម្លោះបែកបាក់ ក្រោមការដឹកនាំផ្ទាល់របស់ សម្តេចតេជោ រួមជាមួយនឹងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។ ជារួម គណបក្សប្រជាជនកម្ពុជា បានជួយសង្គ្រោះអាយុជីវិតប្រជាជន ក្នុងគ្រោះភ័យធំៗចំនួន ៣ ដង រួចមកហើយ៖ ទី១. ការសង្គ្រោះជីវិតប្រជាជនពីការកាប់សម្លាប់ក្នុងរបបប៉ុលពត, ទី២. ការនាំមកនូវសន្តិភាពពេញលេញនៅក្រោមនយោបាយឈ្ន-ឈ្នះ ដោយបានបញ្ឈប់ការរងគ្រោះពីការស្លាប់ និងពិការដោយសារសង្គ្រាមស៊ីវិល និង ទី៣. ការសង្គ្រោះជីវិតពីមាត់ជ្រោះមរណៈនៃជំងឺកូវីដ-១៩ ៕
ដោយ : សិលា