សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៩ ខែមិថុនា ឆ្នាំ២០២៣ បានផ្សាយថា នៅថ្ងៃសុក្រ ទីក្រុងប៉េកាំងបានប្រកាសឱ្យដឹងថា ប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាមូដ អាប់បាស់ (Mahmud Abbas) នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋ មកកាន់ប្រទេសចិននៅសប្តាហ៍ក្រោយនេះ បន្ទាប់ពីចិនបាននិយាយថា ខ្លួនត្រៀមលក្ខណៈរួចរាល់ជានិច្ច ដើម្បីជួយសម្របសម្រួល កិច្ចចរចាសន្តិភាព រវាងប៉ាឡេស្ទីននឹងអ៉ីស្រាអែល។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ហ័រ ឈុនយីង (Hua Chunying) បានលើកឡើងយ៉ាងដូច្នេះថា «តបតាមការអញ្ជើញរបស់ប្រធានាធិបតីចិន លោក ស៉ី
ជីនពីង ប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាមូដ អាប់បាស់ នឹងមកធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមិថុនា»។ រដ្ឋមន្រ្តីការបរទេសចិន លោក ឈិន ហ្កាង (Qin Gang) កាលពីខែមេសាកន្លងទៅ បានប្រាប់សមភាគី អ៉ីស្រាអែល និងប៉ាឡេស្ទីនរបស់លោកថា ប្រទេសចិនស្ម័គ្រចិត្តផ្តល់ការជួយជ្រោមជ្រែងដល់ ដំណើរការចរចាសន្តិភាពរវាងភាគីទាំងពីរ ដែលបានបន្តជាប់គាំងតាំងតែពីឆ្នាំ២០១៤ រហូតមក។
មួយរយៈចុងក្រោយនេះ ចិនបាននិងកំពុងស្ថិតក្នុងការធ្វើយុទ្ធនាការការទូតយ៉ាងសស្រាក់សស្រាំ ដោយទើបតែជួយសម្រេចបាននូវការផ្សះផ្សាទំនាក់ទំនងឡើងវិញ កាលពីខែ មីនា រវាងប្រទេសអ៉ីរ៉ង់នឹង អារ៉ាប៊ីសាអូ៊ឌីត។ វាជាការបញ្ចប់ជម្លោះការទូតនឹងគ្នា ចាប់តាំងពីឆ្នាំ២០១៦មក រវាងទីក្រុងតេហេរ៉ង់ នឹង ទីក្រុងរីយ៉ាដ ហើយក៏ជាសញ្ញាមួយផងដែរ បង្ហាញពីការកើនឡើងឥទ្ធិពលចិន នៅមជ្ឈិមបូព៌ា ជាតំបន់ដែលធ្លាប់តែស្ថិតនៅក្រោមឥទ្ធិពល របស់សហរដ្ឋអាមេរិកជាចម្បងអស់រយៈពេល រាប់ទសវត្សរ៍មកហើយ៕ ដោយធីរីណា
រូបថត :Manila Times