លោក បណ្ឌិត ហ៊ុន ម៉ាណែត : គណបក្សប្រជាជនកម្ពុជា អាចសម្រេចជោគជ័យនៅក្នុងគ្រប់ការប្រកួតប្រជែងបែបប្រជាធិបតេយ្យ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ : គណបក្សប្រជាជនកម្ពុជា អាចសម្រេចជោគជ័យនៅក្នុងគ្រប់ការប្រកួតប្រជែងបែបប្រជាធិបតេយ្យ។ នេះជាសម្រង់ប្រសាសន៍សំខាន់ៗរបស់ លោក បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ថ្លែងក្នុងពិធីប្រកាសសមាសភាព និងសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ នាថ្ងៃសុក្រ ទី៩ ខែមិថុនា ឆ្នាំ២០២៣។

លោក បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា  ៖ សូមអបអរសាទរចំពោះ លោក ជាម ច័ន្ទសោភ័ណ្ឌ ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ ដែលត្រូវប្រកាសសមាសភាពផ្លូវការនាថ្ងៃនេះ ដើម្បីបន្តដឹកនាំក្រុមការងារយុវជនគណបក្សថ្នាក់ខេត្ត និងជាសេនាធិការឱ្យគណៈកម្មាធិការគណបក្សខេត្ត ក្នុងការបំផុសចលនាយុវជនឱ្យគាំទ្រគណបក្ស ក៏ដូចជាការចូលរួមអនុវត្តកម្មវិធីនយោបាយ និងសេចក្តីសម្រេចចិត្តនានា បម្រើឱ្យបុព្វហេតុដ៏ត្រឹមត្រូវរបស់គណបក្ស គឺការបម្រើជាតិ និងប្រជាជន។ ការទទួលបានតួនាទីថ្មី គឺជាការទទួលនូវសិទ្ធិអំណាច រួមជាមួយនឹងការទទួលខុសត្រូវ ហើយក្នុងនាមជាថ្នាក់ដឹកនាំ គឺត្រូវមានចក្ខុវិស័យច្បាស់លាស់, ភាពរហ័សរហួនសកម្មការងារ និងការសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវ។ ក្នុងន័យនេះ ការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំ គឺត្រូវមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងផ្អែកលើផលប្រយោជន៍រួមជាធំ ហើយថ្នាក់ដឹកនាំអាចប្រើសិទ្ធិអំណាចដើម្បីចាតតាំងអនុវត្តសេចក្តីសម្រេចនេះ ឱ្យសម្រេចបានតាមគោលដៅដែលបានកំណត់ដោយធានាប្រសិទ្ធភាពខ្ពស់បំផុត។

លោក បណ្ឌិត ហ៊ុន ម៉ាណែត បានលើកបញ្ជាក់ថា,  ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំថ្មី គប្បីត្រូវខិតខំបន្តក្តាប់ជាប់សភាពការណ៍ ជាពិសេសបញ្ហាសតិអារម្មណ៍របស់សកម្មជនបក្ស និងសមាជិកបក្ស ក៏ដូចជាមហាជនទាំងមូល ដើម្បីយកធ្វើជាមូលដ្ឋានក្នុងការបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អ និងដើម្បីពន្យល់បកស្រាយអំពីគុណសម្បត្តិរបស់បក្សជូនពួកគាត់ឱ្យបានយល់ច្បាស់ និងមានលំនឹងជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា។ មួយវិញទៀត យើងក៏ត្រូវយកចិត្តទុកដាក់ផងដែរលើការបណ្តុះបណ្តាលសកម្មជនយុវជនបក្សក្នុងរចនាសម្ព័ន្ធបក្ស ក៏ដូចជាសមាជិកថ្មីដែលបានស្ម័គ្រចិត្តចូលរួមជីវភាពជាមួយគណបក្សឱ្យបានយល់ច្បាស់អំពីប្រវត្តិ, បុព្វហេតុ, កម្មវិធីនយោបាយ, ស្នាដៃ និងសមិទ្ធផលធំៗរបស់គណបក្សប្រជាជនកម្ពុជា សំដៅបង្កើនភាពកក់ក្តៅ, ជំនឿទុកចិត្ត និងការពេញចិត្តក្នុងការរស់នៅក្រោមម្លប់នៃសុខសន្តិភាព។

លោក បណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ទៀតថា  អត្រានៃចំនួនអ្នកបានទៅបោះឆ្នោតក្នុងឆ្នាំ២០២២ កន្លងទៅ បានបង្ហាញឱ្យឃើញនូវការគាំទ្រនៃដំណើរការលិទ្ធិប្រជាធិបតេយ្យយ៉ាងពិតប្រាកដ ក៏ដូចជាការជ្រើសរើសយកឱកាសនៃសុខសន្តិភាព និងស្ថិរភាព ដែលកំពុងមានសព្វថ្ងៃនេះ ជាពិសេសការយល់ច្បាស់អំពីតួនាទីក្នុងនាមជាពលរដ្ឋល្អ ដែលត្រូវអនុវត្តសិទ្ធិនយោបាយក្នុងការជ្រើសរើសអ្នកដឹកនាំដែលខ្លួនពេញចិត្ត និងជឿជាក់ ជាពិសេសជំនឿទុកចិត្តលើ សម្តេចតេជោ ប្រធានគណបក្ស, ថ្នាក់ដឹកនាំបក្ស និងថ្នាក់ដឹកនាំមូលដ្ឋាន ដើម្បីបន្តថែរក្សាការពារឱកាសគ្រប់បែបយ៉ាងក្រោមដំបូលនៃសន្តិភាព។ 

លោក បណ្ឌិត ហ៊ុន ម៉ាណែត បានចាត់ទុកថា,  គណបក្សប្រជាជនកម្ពុជា អាចសម្រេចជោគជ័យនៅក្នុងគ្រប់ការប្រកួតប្រជែងបែបប្រជាធិបតេយ្យ គឺអាស្រ័យដោយគណបក្សប្រជាជនកម្ពុជាខ្លួនឯង ដែលបានខិតខំធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងបុព្វហេតុជាតិ និងប្រជាជន។ ក្នុងនេះ សមាជិកបក្សគ្រប់រូប គឺជាគ្រឿងបង្គុំនៃអង្គការចាត់តាំងបក្សពីលើដល់ក្រោម និងជាកម្លាំងប្រតិបត្តិករនៃកម្មវិធីនយោបាយរបស់គណបក្ស ហើយកម្លាំងប្រតិបត្តិករទាំងអស់ចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវអភិក្រមទាំង ៥ “ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់” ដែលជាមូលដ្ឋានដ៏សំខាន់របស់គណបក្សក្នុងការធានាបាននូវការគោរពបុព្វហេតុដ៏ត្រឹមត្រូវ និងប្រសិទ្ធភាពនៃបេសកកម្មរបស់គណបក្សក្នុងការបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print