ភ្នំពេញ : ជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា គឺបានមកពីការប្រើប្រាស់កម្លាំងសរុប និងធ្វើសកម្មភាពជាប់ជាប្រចាំដូចភ្លៀងរលឹម ។ នេះជាសម្រង់ប្រសាសន៍សំខាន់ៗរបស់ លោក បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ថ្លែងក្នុងពិធីប្រកាសសមាសភាព និងសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តឧត្តរមានជ័យ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣។
លោក បណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ៖ ជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា គឺបានមកពីការប្រើប្រាស់កម្លាំងសរុប និងធ្វើសកម្មភាពជាប់ជាប្រចាំដូចភ្លៀងរលឹម ពីព្រោះប្រជាជនចង់បានភាពកក់ក្តៅ, ប្រសិទ្ធភាពនៃការបម្រើសេវាសាធារណៈ និងការរីកចម្រើនផ្នែកជីវភាពក្រោមម្លប់នៃសុខសន្តិភាព ស្ថិរភាព និងវិបុលភាព។ គណបក្សប្រជាជនកម្ពុជា បានខិតខំជំរុញការអនុវត្តកម្មវិធីនយោបាយរបស់បក្ស និងរបស់រាជរដ្ឋាភិបាល ដើម្បីយកបេះដូងស្រឡាញ់គាំទ្ររបស់ប្រជាជន ហើយប្រជាជនក៏បានស្ម័គ្រចូលរួមក្នុងជីវភាពនយោបាយជាមួយបក្សទាំងកាយ និងចិត្ត ដោយសារប្រជាជនបានយល់ដឹងច្បាស់ និងចងចាំនូវអំពើល្អ និងការជួយសង្គ្រោះរបស់បក្ស ជាពិសេសការរួមសុខរួមទុក្ខក្នុងកាលៈទេសៈ ដែលលំបាក និងគ្រោះថ្នាក់បំផុត។
លោក បណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ បន្តថា , ភាពសុខសាន្ត និងឱកាសគ្រប់បែបយ៉ាង ដែលយុវជនជំនាន់បច្ចុប្បន្នទទួលបាន គឺជាស្នាដៃ និងគុណបំណាច់ដែលយុវជនជំនាន់រៀមច្បងបានកសាងទុកឱ្យ។ ដូច្នេះ យុវជនជំនាន់បច្ចុប្បន្នត្រូវថែរក្សាការពារ និងពង្រីកសមិទ្ធផលវិជ្ជមានបន្ថែមទៀតសម្រាប់ការអភិវឌ្ឍកាន់តែខ្ពស់ត្រដែតឡើងរបស់ប្រទេសជាតិ។ គណបក្សប្រជាជនកម្ពុជា មិនប្តូរឈ្មោះ និងបុព្វហេតុឡើយ ហើយសម្រាប់ឆ្នាំ២០២៣នេះ និងបន្តទៅមុខ គឺកម្មវិធីនយោបាយរបស់បក្សបានដាក់ការយកចិត្តទុកដាក់លើអនាគត តាមរយៈការធ្វើបច្ចុប្បន្នភាព, ការផ្លាស់ប្តូរវិធីសាស្ត្រ និងការធ្វើកំណែទម្រង់នានា សំដៅដឹកនាំនាវាកម្ពុជាឆ្ពោះទៅមុខ និងទៅដល់គោលដៅដែលបានកំណត់។
លោក បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា , គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលតែងបានផ្តល់ការគោរពឥតងាករេចំពោះបាវចនាជាតិ គឺ ជាតិ សាសនា ព្រះមហាក្សត្រ៖ ទី១. ជាតិ គឺទឹកដី និងប្រជាជន ដែលក្នុងនេះ គណបក្សប្រជាជនកម្ពុជា បានការពារយ៉ាងប្តូរផ្តាច់នូវបូរណភាពទឹកដី និងបានជួយសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋ រួមទាំងការលើកកម្ពស់ជីវភាពរស់នៅផងដែរ, ទី២. សាសនា គឺការសង្គ្រោះវិស័យសាសនាឱ្យរស់ឡើងវិញនៅក្រោយរបបប៉ុលពត និងការលើកស្ទួយវិស័យសាសនាឱ្យមានការអភិវឌ្ឍរីកចម្រើនប្រកបដោយសុខដុមនីយកម្ម ដើម្បីសេចក្តីសុខផ្លូវចិត្តរបស់ប្រជាពលរដ្ឋ, និងទី៣. គឺព្រះមហាក្សត្រ ដោយក្នុងនេះ ថ្នាក់ដឹកនាំគណបក្សបានចូលរួមតស៊ូក្នុងព្រៃម៉ាគី (maquis) តាមការអំពាវនាវរបស់អង្គអតីតព្រះមហាក្សត្រ ជាពិសេសនៅក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ គណបក្សប្រជាជនកម្ពុជាបានចូលរួមបង្កើតរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញឡើងវិញ និងបន្តគោរពប្តូរផ្តាច់ការពារយ៉ាងម៉ឺងម៉ាត់រហូតមកដល់បច្ចុប្បន្ន និងតទៅអនាគត ៕
ដោយ : សិលា