ភ្នំពេញ៖ សូមគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ម្សិលមិញនេះ បណ្តាលឱ្យមនុស្សស្លាប់ ២នាក់ របួសធ្ងន់ ៦នាក់ និងស្រាលគ្មាន។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១១ ខែមិថុនា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ៨នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ៩លើក មាន មិនគោរពសិទ្ធ ២លើក ប្រជែងគ្រោះថ្នាក់ ៣លើក ស្រវឹង ១លើក កត្តាយាន ២លើក និងភ្លើងសញ្ញា ១លើក។
ជាមួយគ្នានេះ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកកាលពីថ្ងៃទី១១ ខែមិថុនាម្សិលមិញនេះ បានឱ្យដឹងថា ចំនួនគោលដៅសរុប ៦គោលដៅ មានយានយន្តចូលគោលដៅចំនួន ៥គ្រឿង ម៉ូតូ ១គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៥គ្រឿង មានម៉ូតូចំនួន ១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការ ទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ដោយ៖សហការី