ភ្នំពេញ៖ បុរស២នាក់បងប្អូនបានស្លាប់នៅនឹងកន្លែង និងក្មេងចាស់៥នាក់ទៀតបានរងរបួសស្រាលនិងធ្ងន់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយដែលបង្កឡើងដោយរថយន្តដឹកដីមួយគ្រឿង ដែលអះអាងថា ជាន់ហ្វ្រ័ងមិនស៊ីបើកបោះពួយបុករះយានយន្តដែលកំពុងតែឈប់ពេញទំហឹង កាលពីវេលាម៉ោងប្រមាណ១១និង១៥នាទីព្រឹកថ្ងៃទី១៣ខែមិថុនា ឆ្នាំ២០២៣នៅចំណុចភ្លើងស្តុបមហាវីថីឈ្នះ=ឈ្នះកែងផ្លូវភ្នំពេញហាណូយ ក្នុងភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
រថយន្តដែលបង្កគ្រោះថ្នាក់នេះម៉ាកហ៊ីណូពណ៌ទឹកប៊ិកដឹកដី ពាក់ស្លាកលេខព្រះសីហនុ៣A-៣៣៧៨ បើកបរដោយបុរសម្នាក់ឈ្មោះពេជ្រ សួង អាយុ៤១ឆ្នាំមានលំនៅភូមិហួចកើត ឃុំក្រែក ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបាននគរបាលឃាត់ខ្លួន។ ចំណែកជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវីតមាន១-ឈ្មោះឡាត់ លុយ ភេទប្រុស អាយុ៤៥ឆ្នាំជាបង ,២-ឈ្មោះនឿន នាង ភេទប្រុសអាយុ៤០ឆ្នាំជាប្អូនថ្លៃ ។ អ្នកទាំង២នាក់មានលំនៅភូមិស្ទឹងឆ្វេង ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម ជិះម៉ូតូម៉ាកហុងដាឌ្រីម ពាក់ស្លាកលេខភ្នំពេញ១FU-៤៥៦៣។
តាមនគរបាលមូលដ្ឋានបានអោយដឹងថា គ្រោះថ្នាក់នេះបង្កឡើងដោយរថយន្ត ដឹកដីបើកបោះពួយក្នុងល្បឿនលឿនបុករះម៉ូតូ១គ្រឿង កង់៣មួយគ្រឿង និង រថយន្តម៉ាកម៉ាស្តា១គ្រឿង នៅពេលកំពុងតែឈប់ភ្លើងស្តុបបណ្តាលអោយ អ្នកជិះម៉ូតូ២នាក់ស្លាប់នៅនឹងកន្លែងនិង រងរបួសក្មេងចាស់ប្រុសស្រីដែលជិះឡំប្រឺតាចំនួន៥នាក់។
តាមព័ត៌មានបានអោយដឹងថា នៅមុនពេលកើតហេតុ ខណៈដែលយានយន្ត កំពុងតែឈប់ភ្លើងស្តុបស្រាប់តែរថយន្ត ដឹកដី១គ្រឿងខាងលើបើកបោះពួយក្នុងទិសដៅពីលិចទៅកើតមកបុកម៉ូតូ១គ្រឿងពេញទំហឹងនិងកិន២នាក់បងប្អូន បែកក្បាលស្លាប់នៅនឹងកន្លែង ហើយ រថយន្តក៏បានជ្រុលទៅកៀររថយន្តម៉ាកម៉ាស្តាមួយគ្រឿង និងបុកឡំប្រឺតាពីក្រោយធ្វើឱ្យអ្នកជិះចំនួន៥នាក់បានរងរបួសធ្ងន់និងស្រាល។
តាមក្រុមគ្រួសារអ្នកស្លាប់បានរៀបរាប់ទាំងទឹកភ្នែកថា នៅព្រឹកថ្ងៃកើតហេតុ ២នាក់បងប្អូនថ្លៃ(អ្នកស្លាប់)បានធ្វើដំណើរមកពីស្រុកដើម្បីជួនកូនប្រុសមកប្រលងនៅសាលាកូរ៉េ។ នៅពេល ធ្វើដំណើរត្រលប់ទៅស្រុកវិញឈប់ភ្លើងស្តុបក៏មានរថយន្តដឹកដីបើកមកពីក្រោយបុករះហើយកិនស្លាប់និងរបួសតែម្តង។ បន្ទាប់ពីបង្កគ្រោះថ្នាក់រួចមកអ្នកបើកបររថយន្តត្រូវបានអ្នកដំណើររួមទាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន។ រីឯសពត្រូវបានក្រុមគ្រួសារបញ្ជូនទៅធ្វើបុណ្យនៅស្រុកកំណើត។ ចំណែករថយន្តអ្នកបើកបរ ,ម៉ូតូនិងឡំប្រឺតាត្រូវបានបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីចាត់ការតាមច្បាប់៕ដោយ រ៉ារ៉ា