តំណាងរាស្ត្រ ហ៊ុន ម៉ានី អញ្ជើញសម្ភោធដាក់ឱ្យប្រើ ប្រាស់ស្ពានតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ កាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០២៣នេះលោកហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ អញ្ជើញជាគណៈអធិបតីពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ស្ពានតាំងបំពង់ ប្រវែង១៥ម៉ែត្រទទឹង៩ ម៉ែត្រ ស្ថិតនៅក្នុងភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ អញ្ជើញមានវត្តមាននាឱកាសនេះ សមាជិក ព្រឹទ្ធសភា រដ្ឋសភា,ប្រធានក្រុមប្រឹក្សាខេត្ត,អភិបាលនៃគណៈអភិបាលខេត្ត មន្ត្រីរាជការ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់  និងបងប្អូនប្រជាពលរដ្ឋទាំងអស់សរុប ៦២៨នាក់។

មានប្រសាសន៍ក្នុងអង្គពិធី លោកហ៊ុន ម៉ានី បានលើក ឡើងថា÷ មូលហេតុដែលនាំដល់ការសាងសង់ស្ពានតាំងបំពង់នេះ គឺ បានផ្តើមចេញពីការចុះមកសម្ពោធឧបដ្ឋានសាលា នៅវត្តគីរីរុក្ខា(ហៅវត្តសំពៅផុស) ស្ថិត នៅភូមិ តាំងបំពង់ ឃុំតាសាល កាលពីថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ២០២២ កន្លងទៅ ដែលកាលនោះនៅពេល ធ្វើដំណើរមកដល់ស្ពានតាំងបំពង់នេះគឺមិនបានឆ្លង កាត់លើស្ពានទេ ដោយសារឃើញស្ពានឈើ នោះមានសភាពចាស់ទ្រុឌទ្រោមខ្លាំងពេកដែលអាចបង្កគ្រោះ ថ្នាក់និងដោយមើលឃើញពីតម្រូវការចាំបាច់នៃការប្រើប្រាស់ស្ពាននេះពីសំណាក់បងប្អូនប្រជាពលរដ្ឋក្នុងឃុំ ទើបលោកអ្នកតំណាងរាស្ត្របានសម្រេចជូនស្ពានដែលសម្ពោធថ្ងៃនេះជាចំណងភ្ជាប់និស្ស័យជាមួយអ្នកតាសាលតែម្តង។ 

លោកហ៊ុន ម៉ានីបន្តលើកឡើងថា ស្ពាននេះនឹងសម្រួលដល់ការធ្វើដំណើរ ដោយធានាដល់សុវត្ថិភាព ងាយ ស្រួលដល់ប្រជាពលរដ្ឋក្នុងការដឹកជញ្ជូនកសិផល ការធ្វើដំណើរឆ្លងកាត់ទៅមន្ទីរពេទ្យ ទៅសាលារៀន ទៅធ្វើបុណ្យទាន និង ទៅប្រកបកិច្ចការផ្សេងៗ ហើយជា ពិសេសស្ពាននឹងបង្កើនភាពងាយស្រួលដើម្បីឆ្លងកាត់ឆ្ពោះទៅកាន់តំបន់ទេសចរណ៍ផ្សងព្រេង ដ៏មានសក្តានុពលរបស់ខេត្តកំពង់ស្ពឺ គឺភ្នំខ្នងផ្សារ ឬភ្នំខ្នងក្រពើ ដែលជាប្រភពចំណូលរបស់បងប្អូន ប្រជាពលរដ្ឋនៅតំបន់នេះ ក៏ដូចជាបង្កើនឱកាសការងារ និងទាក់ទាញភ្ញៀវទេសចរណ៍បន្ថែមទៀត។ 

នាឱកាសនោះលោកបានថ្លែងអំណរគុណ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានផ្តល់ការទុកចិត្តនិងជឿជាក់តាមរយៈការបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ឱ្យឯកឧត្តមបានធ្វើជាតំណាងរាស្ត្រ ដើម្បីបម្រើបងប្អូនប្រជាពលរដ្ឋក្នុង ខេត្តកំពង់ស្ពឺ។

លោកហ៊ុន ម៉ានី បានបន្តថា តាមរយៈការបោះឆ្នោតឱ្យបានធ្វើជា តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺជិត១០ឆ្នាំ (២អាណត្តិ) កន្លងមកនេះ បានផ្តល់ឱកាសឱ្យលោកបានចូលរួមជាមួយរដ្ឋបាលខេត្តអភិវឌ្ឍ ជួសជុល និងកសាងសំណង់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ផ្សេងៗជាច្រើនជាប្រយោជន៍ដល់អ្នកខេត្តកំពង់ស្ពឺជាបន្តបន្ទាប់។ 

លោកតំណាងរាស្ត្របានឲ្យដឹងដែរថា យោងតាមស្មារតីនៃរដ្ឋធម្មនុញ្ញ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាង មុខ កម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រសម្រាប់នីតិកាលទី៧ លោកបានអំពាវនាវឱ្យបង ប្អូនប្រជាពលរដ្ឋយើងទាំងអស់ ដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត សូមត្រៀមខ្លួនអញ្ជើញទៅបោះ ឆ្នោតទាំងអស់គ្នា និងបោះជូនគណបក្សដែលខ្លួនស្រឡាញ់ពេញចិត្ត ជាពិសេស គណបក្សដែលដឹងពីសុខទុក្ខ និងតែងតែនៅជាប់ជាមួយប្រជាពលរដ្ឋជានិច្ច។ 

ឆ្លៀតឱកាសនេះលោកហ៊ុនម៉ានី ថ្លែងអំណរគុណដល់ សប្បុរសជន ក្រុមការងារប្រធានមន្ទីរសាធារណការ ខេត្តកំពង់ស្ពឺ និងភាគីដទៃទៀតដែលបានចូលរួមចំណែកជួយឧបត្ថម្ភក្នុងការសាងសង់ស្ពានតាំងបំពង់នេះផងដែរ។ 

គួរបញ្ជាក់ផងដែរថា ស្ពានតាំងបំពង់ដែលដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ ប្រើរយៈពេលសាងសង់ ជាង៥ខែ (គិតចាប់ពីការបើកការដ្ឋាននៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ និងបញ្ចប់នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣), ស្ពាននេះមានប្រវែង១៥ម៉ែត្រ ទទឹង៩ ម៉ែត្រ បានចំណាយថវិកាសាងសង់ អស់ ១០៨,០០០ (ដប់ម៉ឺនប្រាំបីពាន់) ដុល្លារអាមេរិកផងដែរ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print