អ្នកឃ្វាលពពែប្រទះឃើញសាកសពបុរសម្នាក់ដេកស្លាប់ដោយមិនដឹងមូលហេតុ

ចែករំលែក៖

ខេត្តបាត់ដំបង÷យោងតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តបាត់ដំបងបានអោយដឹងថា,មានករណីមួយបានកើតឡើងបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ០៨និង៣០នាទី ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចលើទួលវាលស្រែមួយកន្លែង ស្ថិតក្នុងក្រុមទី៩ ភូមិនរា២ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបងខណៈពលរដ្ឋអ្នកឃ្វាលពពែប្រទះឃើញសពបុរសម្នាក់ដេកស្លាប់យ៉ាងអាណោចអាធ័មក្នុងវាលស្រែ។

តាមការបំភ្លឺពីម្តាយរបស់ជនរងគ្រោះបានបញ្ជាក់ថា កូនរបស់គាត់មានឈ្មោះ ទក ប៊ុនធឿន ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង នៅមុនពេលកើតហេតុកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ជនរងគ្រោះមានអាការៈជំងឺរើឡើង(សរសៃប្រសាទ) ប្រពន្ធក៏នាំយកទៅសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកឃុំរកា ក្នុងស្រុកសង្កែ ហើយក្រោយមកបន្ទាប់ពីបានដាក់សេរ៉ូមបានពីរទៅបីកំប្លោក ក៏សុំពេទ្យចេញទៅផ្ទះវិញ ដោយប្រពន្ធកូនជិះម៉ូតូទៅមុន ចំណែកជនរងគ្រោះដើរតាមក្រោយព្រោះជិះមិនអស់គ្នា ។

ប្រភពដដែលបានបញ្ជាក់ថា ដោយបាត់យូរមិនឃើញជនរងគ្រោះទៅផ្ទះ ដើររកក៏មិនឃើញ បងប្អូនសាច់ញាតិក៏សំរេចដាក់ពាក្យប្តឹងទៅប៉ុស្តិ៍ លុះព្រឹកឡើងនៅថ្ងៃទី១៣ វេលាម៉ោងប្រមាណ០៨និង៣០នាទី ក៏មានការភ្ញាក់ផ្អើលដោយអ្នកឃ្វាលពពែប្រទះឃើញជនរងគ្រោះដេកស្លាប់នៅកណ្តាលទួលវាលស្រែបាត់ទៅហើយ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញនិងក្រុមគ្រូពេទ្យបានចុះទៅពិនិត្យកោសល្យវិច័យនិងបញ្ជាក់ថា សាកសពជនរងគ្រោះបានស្លាប់ដោយប៉ះជាមួយវត្ថុរឹង ព្រោះនៅលើក្បាលមានស្នាកស្នាមច្រើនកន្លែង និងរបួសរលាត់ដល់លលាក្បាល បន្ទាប់មកក៏បានធ្វើកំណត់ហេតុប្រគល់សពអោយក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕ដោយ÷ចន្ទ លីហ្សា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print