ភ្នំពេញ៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដេញតាមក្របួចចាប់ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ក្រោយពួកគេធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីជនជាតិចិន កំពុងជិះឡាំប្រឺតា(កង់បីឥណ្ឌា)បានសម្រេច។ បន្ទាប់ពីសាកសួរបញ្ចប់នីតិវិធី និងបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់ផងដែរ។
ប្រភពដដែលបន្តថា លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង២១៖១៥នាទី បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញ៉ែម វ៉ន ជានាយការិយាល័យ ដោយមានការចូលរួមសហការពីលោកវរសេនីយ៍ទោ ប៊ុត ស៉ីម៉េង ចុះល្បាតតាមបណ្តោយផ្លូវលេខ៨៤ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក៏ប្រទះឃេីញជនសង្ស័យជិះម៉ូតូចំនួន០១គ្រឿង មានគ្នាចំនួន០២នាក់ បានធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសម្នាក់ (ជាជនជាតិចិន) ដែលកំពុងជិះកង់បីឥណ្ឌាបានសម្រេច។
ភ្លាមនោះកម្លាំងជំនាញ ការិយាល័យធ្វេីការប្រដេញនឹងឃាត់ខ្លួនជនសង្ស័យបានទាំង០២នាក់ នៅចំណុចផ្លូវលំ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលមានឈ្មោះ៖ ១. ឈ្មោះ ផន សុផានិត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ(ដៃដល់) និង២. ឈ្មោះ យឿន រតនា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ(អ្នកបេីក)។
ចំណែកសម្ភារៈដកហូតមាន៖
១.ម៉ូតូម៉ាក HONDA-SCOOPY ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JO-2976(របស់ជនសង្ស័យ)
២.ទូរស័ព្ទដៃម៉ាក I-PHONE13 Promax ពណ៌ស (ជារបស់ជនរងគ្រោះ)។ ចំពោះទូរស័ព្ទដៃកម្លាំងជំនាញការិយាល័យ បានប្រគល់ឲ្យទៅបុរសរងគ្រោះជាជនជាតិចិនវិញ។
បច្ចុប្បន្នកម្លាំងជំនាញការិយាល័យ បានបញ្ជូនជនសង្ស័យខាងលេី និងម៉ូតូធ្វេីសកម្មភាពទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការបន្តតាមនីតិវិធី៕ដោយ៖សហការី