ស្លាប់ម្នាក់និងម្នាក់ទៀតរបួសធ្ងន់ក្នុងករណីរថយន្តធុនធំបើកក្នុងល្បឿនលឿនបុកគោយន្តកន្ត្រៃក្នុងទិសដៅស្របគ្នា

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសជាអ្នករួមដំណើរម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ  និងអ្នកបើកគោយន្តកន្ត្រៃម្នាក់ទៀតរង របួសធ្ងន់ ខណៈដែលរថយន្តធុនធំបើកបុកពីក្រោយពេញមួយទំហឹង ។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១៣ និង០៥នាទី រសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ ១២២-១២៣ ស្ថិតក្នុងភូមិចុងដូង ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

    សាក្សីនៅទីនោះបានឱ្យដឹងថា មុនពេលកើតហេតុ មានរថយន្តធុនធំមួយគ្រឿងម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខកំពង់ចាម1A-9593 បើកបរក្នុងល្បឿនលឿនពីជើងទៅត្បូង ខណៈនោះស្រាប់តែទៅបុកគោយន្តកន្ត្រៃមួយគ្រឿងទៀតម៉ាកគូបូតា ពណ៌ស្លាទុំ ក្នុងទិសដៅស្របគ្នាពីក្រោយពេញទំហឹង បណ្ដាលឱ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបូសធ្ងន់ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

    ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា រថយន្តបង្កហេតុម៉ាកហ៊ីយ៉ាន់ដាយ មានម្ចាស់ឈ្មោះ សោ ហុងគ្រី ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅភូមិតាពូន ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ (ឃាត់ខ្លួននៅកន្លែងកើតហេតុ)។

    ដោយឡែកជនរងគ្រោះទី១មានឈ្មោះ ហន ទិត្យ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិក្រយា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ (របួសធ្ងន់) ក្នុងនោះអ្នករួមដំណើរឈ្មោះ ហុន សុដារិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិក្រយា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ (ស្លាប់នៅនឹងកន្លែងកើតហេតុ)។

បច្ចុប្បន្នសពត្រូវបានប្រគល់ឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។

ក្រោយសមត្ថកិច្ចធ្វើការវាស់វែងរួចបានបញ្ជាក់ថា មូលហេតុបង្កឡេីងដោយអ្នកបើកបររថយន្តម៉ាកហ៊ីយ៉ាន់ដាយ បើកបរមានល្បឿនលឿនខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន៕ ដោយសហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print