ភ្នំពេញ : នៅយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថា : ក្នុងនាមជាប្រជាពលរដ្ឋមួយរូប ខ្ញុំផ្ទាល់បានចូលរួម និងបានឃើញនូវឆន្ទៈ ទឹកចិត្ត ការលះបង់កម្លាំងកាយចិត្តរបស់យុវជនស្ម័គ្រចិត្តកម្ពុជារាប់ពាន់នាក់ (៩២០០នាក់) ក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ SEA Games និង ASEAN Para Gamesដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយអ្វីដែលមិនអាចកាត់ផ្តាច់បាននោះ គឺថាតាមរយៈឯកសណ្ឋានពណ៌ស្វាយ ប្អូនៗពិតជាបាននាំមកនូវមោទនភាពសម្រាប់ប្រទេសជាតិរបស់យើង។ ជាថ្មីម្តងទៀត ខ្ញុំពិតជាមានការកោតសរសើរចំពោះប្អូនៗគ្រប់រូប ដោយស្មោះអស់ពីចិត្ត។
លោកបន្តថា, ដោយឡែក ខ្ញុំមានការភ្ញាក់ផ្អើល និងសោកស្តាយ ដោយបានឃើញបុគ្គលខ្លះដែលមិនមានការពាក់ព័ន្ធទៅនឹងការងារស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍សោះ បែរជាយកអាវពណ៌ស្វាយទៅប្រើប្រាស់ផ្សារភ្ជាប់នឹងរឿងខុសឆ្គងផ្ទាល់ខ្លួន ដែលទង្វើនេះពិតជាមិនសាកសម ហើយនឹងមិនគួរប្រព្រឹត្តទាល់តែសោះ។
ការចូលរួមរបស់យុវជនស្ម័គ្រចិត្តដែលចេញពីការលះបង់ពេលវេលា កម្លាំងកាយចិត្ត និងទឹកចិត្តបរិសុទ្ធទាំងស្រុង សម្រាប់គុណតម្លៃ និងមោទនភាពជាតិ គួរជារឿងដែលយើងផ្តល់នូវការគោរព ស្រឡាញ់និងឱ្យតម្លៃ មិនគួរណាយកទៅប្រើប្រាស់ក្នុងចេតនាទាញចំណាប់អារម្មណ៍ ដើម្បីចំនេញផលប្រយោជន៍ និងការពាររឿងខុសឆ្គងផ្ទាល់ខ្លួន ដូចអ្វីដែលបានបង្ហោះជាសាធារណៈកន្លងមកនោះទេ។
បំណងរបស់ខ្ញុំ គឺការការពារកិត្តិយសដែលចេញមកពីការលះបង់របស់ប្អូនៗអ្នកស្ម័គ្រចិត្តអាវស្វាយរបស់កម្ពុជាក្នុងព្រឹត្តិការណ៍ SEA Games និង ASEAN Para Games។ សូមផ្តាំផ្ញើនូវសេចក្តីស្រឡាញ់ និងអរគុណម្តងទៀតជូនប្អូនអ្នកស្ម័គ្រចិត្តយើងទាំងអស់។ You guys are amazing ៕
ដោយ : សិលា