សម្ដេចតេជោ​ ហ៊ុន​ សែន​ ថ្លែង​ប្រសាសន៍សំខាន់ៗឱកាសអញ្ជើញចុះជួបបងប្អូនកម្មករ-កម្មការិនីជិត២ម៉ឺននាក់ ជាបន្តទៀតនៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា​ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ​ បានថ្លែង​ប្រសាសន៍​សំខាន់​ៗ​នាឱកាស​បន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត២ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ មកពីរោងចក្រ សហគ្រាសចំនួន៩ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន មានដូចខាងក្រោម៖

សម្តេចតេជោ ហ៊ុន សែន ថ្លែង​ថា តាមរយៈជំនួបជាមួយកម្មករនិយោជិត គឺសម្ដេចបានទទួលរាល់បញ្ហារបស់បងប្អូនកម្មករនិយោជិត និងបានយកបញ្ហានោះមកធ្វើការដោះស្រាយជាបន្តបន្ទាប់ ដូចជាករណីកាលពីមុនមានកម្មការិនីនៅតាមរោងចក្រមួយចំនួនបានដួលសន្លប់ គឺត្រូវបានធ្វើការដោះស្រាយ។ជារួមរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហាទាំងបញ្ហាធំ និងបញ្ហាតូចរបស់កម្មករនិយោជិត។

សម្តេចតេជោ បន្តថ្លែង​អំពាវនាវដល់ម្ចាស់រោចក្រ និងកម្មករនិយោជិតត្រូវរួមគ្នាធ្វើយ៉ាងណា ធ្វើឱ្យរោងចក្រមួយក្លាយទៅជាសហគមន៍សុខសាន្តមួយ។ ការធ្វើបែបនេះបាន គឺកម្មករនិយោជិត និងម្ចាស់រោងចក្រត្រូវធ្វើបែបណា កុំឱ្យមានគ្រឿងញៀន កុំឱ្យមានបងតូច បងធំ កុំឱ្យមានជម្លោះរវាងកម្មករនិយោជិត និងថៅកែរោងចក្រ នៅក្នុងរោងចក្ររបស់ខ្លួន។

សម្តេចតេជោ ថ្លែង​ថា ជាមួយគ្នានេះ គោលនយោបាយប្រាក់សោធននិវត្តន៍សម្រាប់កម្មករនិយោជិត ក៏ជាគោលនយោបាយរយៈពេលវែងរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាជូនកម្មករនិយោជិតនៅពេលមានវ័យចំណាស់ទៅ គឺមិនចាំបាច់ពឹងផ្អែកតែនៅលើកូននោះទេ។

សម្តេចតេជោ ថ្លែង​ថា រាជរដ្ឋាភិបាលប្រឹងប្រែង ដើម្បីធ្វើឱ្យស្ថានភាពនៃការវិនិយោគលើវិស័យរោងចក្រនៅក្នុងប្រទេសកម្ពុជា ឱ្យរឹតតែមានការរីកចម្រើន។

សម្ដេចតេជោ ថ្លែង​បន្តថា ទោះពីជាពិភពលោកកំពុងមានបញ្ហាអតិផរណាលើផ្នែកសេដ្ឋកិច្ចមិនច្បាស់លាស់ ប៉ុន្ដែប្រទេសកម្ពុជា បានខិតខំធ្វើបែបណាឱ្យមានលំនឹងក្នុងការវិនិយោគ និងការនាំចេញ និងនាំចូលទំនិញ រួមនឹងការផ្ដល់ការឧបត្ថម្ភគាំទ្រដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះនៅទូទាំងប្រទេសកម្ពុជា។

សម្តេចតេជោ ថ្លែង​ថា ជោគជ័យក្នុងការអភិវឌ្ឍ និងសុខសន្ដិភាពរបស់ប្រទេសកម្ពុជា គឺបានកើតឡើងពីការចូលរួមចំណែកពីសំណាក់ប្រជាពលរដ្ឋ និងបងប្អូនកម្មករនិយោជិតទាំងអស់ ដែលបានជឿជាក់មកលើរាជរដ្ឋាភិបាល និងរួមគ្នារក្សាសន្ដិភាពរបស់ប្រទេសកម្ពុជា។

សម្តេចតេជោ ថ្លែង​ថា សម្ដេចនៅតែបន្តតាមដានលើស្ថានការណ៍ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅឡើយពីព្រោះបញ្ហាកូវីដ-១៩នេះ មិនទាន់ទៅណាឆ្ងាយទេ។

សម្ដេចតេជោ​ ប្រកាស​ជំរុញឱ្យបន្តការយកចិត្តទុកដាក់ក្នុងការចាក់វ៉ាក់សាំងបន្ថែមដល់ប្រជាពលរដ្ឋ ពីព្រោះបច្ចុប្បន្នពិភពលោកមិនអាចដឹងថា នាពេលខាងមុខជំងឺនេះ នឹងមានការវិវត្តទៅជាប្រភេទថ្មីអ្វីទៀតនោះទេ។

សម្តេចតេជោ ថ្លែង​រម្លឹកពីការឈឺចាប់ និងក្ដីសោកសង្រែងរបស់សម្ដេចក្នុងពេលតស៊ូ ដើម្បីធ្វើដំណើរទៅរំដោះជាតិមាតុភូមិ ទៅកាន់ប្រទេសវៀតណាម។ ពេលនោះសម្ដេច បានទៅដល់ប្រទេសវៀតណាមបានទទួលទានបាយដោយស្រក់ទឹកភ្នែក ដោយសារប្រពន្ធកូនកំពុងរងទុក្ខ ព្រោះសង្គ្រាមនៅក្នុងប្រទេសកម្ពុជានាពេលនោះ។

សម្តេចតេជោ ថ្លែង​ថា ការស្វែងរកសុខសន្ដិភាពរបស់ប្រទេសកម្ពុជា គឺមានការលំបាកខ្លាំងណាស់ ទម្រាំប្រទេសកម្ពុជា ទទួលបានការអភិវឌ្ឍ និងសន្ដិភាពដូចបច្ចុប្បន្ននេះ ដូច្នេះត្រូវរួមគ្នារក្សាសន្ដិភាពរបស់ប្រទេសកម្ពុជាឱ្យបាន។

សម្តេចតេជោ ថ្លែង​ថា ការធ្វើឱ្យប្រទេសមានសង្គ្រាមគឺរហ័សណាស់ គឺគ្រាន់តែសម្រេចចិត្ត ១០ នាទី គឺអាចធ្វើឱ្យប្រទេសមានសង្គ្រាមបាត់ទៅហើយ ប៉ុន្ដែបញ្ឈប់សង្គ្រាមទៅវិញទេ ដែលមានការលំបាកខ្លាំងណាស់។

សម្តេចតេជោ លើកឡើងបន្ថែមទាក់ទងនឹងករណីសង្គ្រាមនេះ ដូចជាប្រទេសអ៊ុយគ្រែន និងប្រទេសរ៉ុស្ស៊ី គឺសង្គ្រាមនេះពិបាកនឹងបញ្ចប់ណាស់ បើប្រទេសទាំងពីរនៅតែបន្តធ្វើការវាយប្រហារគ្នាទៅវិញទៅមក ហើយមានតែការសន្ទនាចរចាគ្នាទេ ដែលអាចដោះស្រាយសង្គ្រាមនៅប្រទេសទាំងពីរនេះបាន។

សម្តេចតេជោ បានបង្ហាញ ពង្រាងស្ដីពីការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតត្រង់មាត្រា ១៤២ ថ្មី ដែលក្នុងនោះឈានទៅធ្វើការផាកពិន័យ ចំពោះបុគ្គលណាដែលធ្វើឱ្យមានភាពវឹកវរដល់ការបោះឆ្នោត និងធ្វើសកម្មភាពរារាំង ញុះញង់ដល់ពលរដ្ឋមិនឱ្យទៅបោះឆ្នោតជាដើម។

សម្តេចតេជោ ថ្លែង​ថា រដូវកាលនេះ គឺជារដូវកាលសន្យាខ្យល់របស់គណបក្សនយោបាយមួយចំនួន ប៉ុន្ដែគណបក្សប្រជាជនមិនដែលសន្យាអ្វីជាមួយប្រជាពលរដ្ឋទេ។ គណបក្សប្រជាជនធ្វើអ្វីជាមួយប្រជាពលរដ្ឋគឺធ្វើតែម្ដងលើអ្វីដែលត្រូវធ្វើ និងតែងតែរួមរស់នៅជាមួយប្រជាពលរដ្ឋជានិច្ច ដូចជាករណីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាដើមរាជរដ្ឋាភិបាលរកវិធីគ្រប់បែបយ៉ាង ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ។

សូមជម្រាបជូនថា​ នាឱកាសនោះ​លោកបណ្ឌិត​ អ៉ិត​ សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអោយដឹងថា កន្លងទៅ សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បាន អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនេះ ចំនួន ១៥ដង រួចមកហើយ ក្នុងនោះកាលពីឆ្នាំ២០១៧ ចំនួន ៧ដង ដែលមានកម្មករនិយោជិតចូលរួមចំនួន ១០ ម៉ឺន ៦ពាន់នាក់ មកពីរោងចក្រ សហគ្រាស ចំនួន៨៨ និងកាលពីឆ្នាំ២០១៨ ចំនួន ៧ដង ដែលមានកម្មករនិយោជិត ចូលរួមចំនួន ១០ម៉ឺន ៧ពាន់នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១០០ និងកាលពីថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមិញនេះ ដែលមានកម្មករនិយោជិតចូលរួមចំនួន ១៨០៣១នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១១។

...

ថ្ងៃនេះ ជាលើកទី១៦ ដែល សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមកជួបសំណេះសំណាលជាមួយ បងប្អូនកម្មករនិយោជិតសរុបចំនួន ១៨ ៣០៥នាក់ មកពីរោងចក្រ សហគ្រាស ចំនួន ៩ នៅ ខណ្ឌពោធិ៍សែនជ័យ។ រោងចក្រ សហគ្រាស ចំនួន ៩ ជាប្រភេទរោងចក្រកាត់ដេរ ចំនួន ៦, ផលិតផលធ្វើដំណើរ និងកាបូប ចំនួន ១, ដេរស្បែកជើងចំនួន ២។ ផលិតផលរបស់រោងចក្រទាំងនេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ដូចជា សហគមន៍អឺរ៉ុប សហរដ្ឋអាម៉េរិក ប្រទេសកាណាដា ប្រទេសជប៉ុន ។ល។ នៅរាជធានីភ្នំពេញ ឆ្នាំ២០២៣ មាន រោងចក្រ សហគ្រាស ចំនួន ៩ ៣១៤ មានកម្មករនិយោជិតប្រមាណជាង ៦៦ម៉ឺននាក់ ក្នុងនោះរោងចក្រ សហគ្រាស វិស័យកាត់ដេរ ចំនួន៧២៧ មានកម្មករនិយោជិតសរុបជាង ៣៣ម៉ឺន ៨ពាន់នាក់ និងជាតំបន់ដែលមានការអភិវឌ្ឍ រោងចក្រ សហគ្រាស ច្រើនជាងគេ៕ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print