ភ្នំពេញ៖ សហព័ន្ធកីឡាវាយកូនបាល់ កម្ពុជាកាលពីព្រឹកថៃ្ងទី២៣ ខែមិថុនា ឆ្នាំ ២០១៦បានបង្ហាញវត្តមានកីឡាករសំខាន់៥នាក់
លោក ទេព រីទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានឲ្យដឹងថា កីឡាករដែលមានវត្តមានសាជាថ្មីនៅក្នុងព្រឹត្តិការណ៍ប្រកួត Davis Cup កម្រិត៣នៅប្រទេសអុីរ៉ង់នោះ គឺកីឡាករ ប៊ុន កេន្នី, កីឡាករ តាន់ នីសាន់, កីឡាករ ឡុង សំនៀង, កីឡាម៉ម ផលគុណ និង កីឡាករ ម៉ម ពិទូ ។
លោកបានបន្តទៀតថា សហព័ន្ធកីឡា វាយកូនបាល់កម្ពុជាមានក្តីសង្ឃឹមច្រើន ថាពួកគេអាចឆ្លងផុតកម្រិត៣ឡើងទៅ កម្រិត២ក្នុងការប្រកួតកីឡាវាយកូនបាល់ Davis Cup នៅអីុរ៉ង់ឆ្នាំនេះ ។ មូលហេតុ ដែលសហព័ន្ធកីឡាមួយនេះមានសង្ឃឹមច្រើនដោយសារមានវត្តមានកីឡាករកូនខ្មែរកាត់អាមេរិក ខ្មែរកូនកាត់បារាំង តាន់ នីសាន់ ចូលរួមប្រកួតជាថ្មីក្រោយអវត្តមានប៉ុន្មានឆ្នាំកន្លងមកនេះ ។
អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាលោក ទេព រិទ្ធីរិទ្ធ បានបញ្ជាក់ បន្ថែមថា កាលពីឆ្នាំ២០១៥កម្ពុជាហៀប នឹងឆ្លងទៅកម្រិត២ទៅហើយតែដោយ សារវិញ្ញាសាវាយគូកម្ពុជាបានធ្លាក់ចេញពីការប្រកួតដ្បិតពុំមានវត្តមានកីឡាករ ម៉ម ពិទូ ។ តែពេលនេះ លោកមានសង្ឃឹមច្រើន ឡើងវិញដ្បិត ម៉ម ពិទូ ចូលលេងសាជាថ្មី ដោយរ៉ាប់រងលើវិញ្ញាសាវាយគូ។ ជាមួយនឹងក្តីសង្ឃឹមយ៉ាងមុតមាំពីអគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់ខាង លោក ជា ពៅ គ្រូជម្រើសជាតិកីឡាវាយកូនបាល់កម្ពុជាបានឲ្យដឹងថា ក្នុងចំណោមប្រទេសទាំង៩ដែលស្ថិតនៅក្នុងកម្រិត៣ដូចគ្នា គឺមាន៧ប្រទេសហើយ កីឡាករកម្ពុជា ក៏ធ្លាប់បានជួប និងដឹងពីកម្រិតបច្ចេកទេស សមត្ថភាពដែរ។ ម្យ៉ាងវិញទៀតក្រុមកីឡាទាំង៧ប្រទេសនេះ ក្រុមកីឡាករកម្ពុជាធ្លាប់បានប្រកួតឈ្នះទៀតផង ។
លោក ជា ពៅ បញ្ជាក់បន្ថែមថា ចំពោះ ប្រទេសទាំង៩ការប្រកួតវាយឯកត្តជន យើងមានកម្រិតខ្ពស់ជាងពួកគាត់ស្រាប់ ដូច្នេះនៅតែវិញ្ញាសាវាយគូប៉ុណ្ណោះដែលយើងរង់ចាំអ៊ុតមើលទាំងអស់គ្នា។ដំណើរការប្រកួតក្នុងព្រឹត្តិការណ៍ Davis Cup សា ជាថ្មីនេះ ម៉ម ពិទូ នៅតែមានជំនឿចិត្ត លើប្រភេទវិញ្ញាសាជំនាញរបស់ខ្លួន ។
ម៉ម ពិទូបាននិយាយថា “ខ្ញុំជឿជាក់លើសមត្ថភាពរបស់ខ្ញុំផ្នែកវិញ្ញាសាវាយគូ ពីព្រោះខ្ញុំបានប្រឹងប្រែងហ្វឹកហាត់ខ្លាំងណាស់កន្លងមក”។ គេពិតជាមានសង្ឃឹមថានឹងអាចឈ្នះក្នុងការប្រកួត ដើម្បីនាំយកជោគជ័យមកមាតុប្រទេសវិញ។
គួរបញ្ជាក់ថា ប្រទេសទាំង៩ដែលកំពុងត្រៀមប្រជែងយកកៅអីទៅកាន់កម្រិត២ ប្រចាំទ្វីបអាស៊ី និងអូសេអានីមាន ហុងកុង, អុីរ៉ង់, លីបង់, ប៉ាស៊ីហ្វិក អូសេអានី, កាតារ, សិង្ហបុរី, ស៊ីរី, ទួរមេននីស្ថាន និងកម្ពុជា៕
ដោយ៖ សារីម