ខេត្តប៉ៃលិន៖ មន្រ្តីជំនាញនៃមន្ទីរកសិកម្មខេត្តប៉ៃលិនបានបើកយុទ្ធនាការចុះអន្តរាគមន៍បាញ់ថ្នាំសម្លាប់សត្វល្អិត
លោក សាយ សុផាត ប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិនបានឱ្យដឹងថា ក្នុងឆ្នាំ២០១៦ នេះនៅទូទាំងខេត្តប៉ៃលិនប្រជាកសិករដាំដំណាំដំឡូងមីលើផ្ទៃដីចំនួន៥៩.០៨៧ ហិកតាខូចខាតដោយគ្រោះរាំងស្ងួតចំនួន ៤.០៤៨ហិកតា ហើយរងគ្រោះដោយសត្វល្អិតចង្រៃបំផ្លាញចំនួន២.១៦២ហិកតា។ បច្ចុប្បន្ននេះមន្ត្រីជំនាញនៃមន្ទីរកសិកម្ម
ខេត្តបានចុះជួយអន្តរាគមន៍ចែកថ្នាំ និងបាញ់ថ្នាំជួយសង្គ្រោះដំណាំដំឡូងមីរបស់ប្រជាកសិករបានចំនួន២១៨ហិកតា ព្រមទាំងបន្តចុះផ្សព្វផ្សាយដល់ប្រជាកសិករអំពីវិធីកម្ចាត់សត្វល្អិតចង្រៃបំផ្លាញដំឡូងមី របស់ពួកគាត់ផងដែរ។
លោក ផាន់ សុផាណ្ណារ៉ា មន្ត្រីជំនាញនៃមន្ទីរកសិកម្មខេត្តបានពន្យល់ពីមូលហេតុដែលបណ្តាលឱ្យកើតមានសត្វល្អិតចង្រៃ ដូចជាសត្វចៃពីងពាងក្រហមនិងសត្វចៃពណ៌សស៊ីបំផ្លាញដំណាំដំឡូងមីនេះគឺបណ្តាលមកពីអាកាសធាតុក្តៅភាពរាំងស្ងួតអូសបន្លាយពេលយូរ។ ដូច្នេះបងប្អូនត្រូវតែប្រញាប់បាញ់ថ្នាំដើម្បីកម្ចាត់វា ហើយបន្ទាប់មកត្រូវប្រើជីដើម្បីបំប៉នដំណាំដំឡូងមីឱ្យលូតលាស់ល្អឡើងវិញតែវាក៏អាស្រ័យលើទឹកភ្លៀងផងដែរ។
អ្នកមីង អ៊ូច ធី ជាប្រជាកសិករម្នាក់រស់នៅភូមិវាល ឃុំសាលាក្រៅ ស្រុកសាលាក្រៅបានបញ្ជាក់ថា ឆ្នាំនេះគាត់ដាំដំឡូងមីបានចំនួន១០ហិកតា ហើយដំណាំដំឡូងមីរបស់គាត់ក៏ដូចជារបស់បងប្អូនក្នុងភូមិដែរពេលកំពុងលូតលាស់ស្រាប់តែស្លឹកវារួញឡើងពណ៌ក្រហមព្រឿងៗមិនអាចលូតលាស់ទៀតទេ ហើយឈានទៅងាប់អស់ចំនួន៤ហិកតា ។
ដូច្នេះពួកគាត់សូមថ្លែងអំណគុណរដល់មន្ត្រីជំនាញនៃមន្ទីរកសិកម្មខេត្តដែលបានចុះជួយសង្គ្រោះចម្ការដំឡូងមីរបស់ពួកគាត់ តែក៏សំណូមពរដល់មន្រ្តីមន្ទីរកសិកម្មខេត្តសូមសូមជួយជាពូជពោតឲ្យពួកគាត់បានដាំដុះបន្តបន្ទាប់ពីដំណាំ
ដំឡូងមីដែលងាប់អស់ផង៕
ដោយ៖ ស សារ៉េត