សារព័ត៌មាន Trust of india កាលពីថ្ងៃទី២២ ខែមិថុនា បានប្រកាសថា ឥណ្ឌាបានសម្រេចទិញយន្តហោះគ្មាន
សំណើរខាងលើកើតឡើងក្រោយពេលមេដឹកនាំឥណ្ឌា ណារ៉ានត្រាម៉ូឌី ជួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិកលោកបារ៉ាក់អូបាម៉ា។ នៅក្នុងជំនួបពិភាក្សាកន្លងមកមេដឹកនាំប្រទេសទាំងពីរបានផ្តោតសំខាន់ទៅលើការធ្វើចរាចរណ៍នៅដែនសមុទ្រ។
ជាយូណាស់មកហើយឥណ្ឌាបានចាប់អារម្ភយ៉ាងខ្លាំងដល់យន្តហោះគ្មានមនុស្សបើកខាងលើ ដែលមានប្រព័ន្ធគ្រប់គ្រងបានយ៉ាងល្អព្រមទាំងកាំជ្រួចមីស៊ីលផងដែរ។
កាលពីឆ្នាំ២០១៥ ឥណ្ឌាបានលើកឡើងសំណើរចូលរួមជាមួយបណ្តាញគ្រប់គ្រងកាំជ្រួចមីស៊ីលនិងបច្ចកវិទ្យា។ នៅក្នុងសេចក្តីប្រកាសក្រោយជំនួបពិភាក្សា លោកអូបាម៉ាចង់ឲ្យឥណ្ឌាចូលជាមួយក្រុមខាងលើឲ្យបានឆាប់បំផុត។
ឥណ្ឌានិងចំណាយប្រាក់៥ពាន់លានដុល្លារបន្ថែមដើម្បីទិញយន្តហោះគ្មានមនុស្សបើកបំពាក់កាំជ្រួចមីស៊ីល ២៥០គ្រឿងប្រភេទ Predator B សម្រាប់ការពារដែនអធិបតេយ្យភាពរបស់ឥណ្ឌាដែលមានព្រំដែនធំ ហើយមានវិវាទជាមួយប្រទេសជិតខាងជាប់ព្រំដែនទៀតផងគឺចិននិងប៉ាគីស្ថាន។
លោក អូបាម៉ា បានអញ្ជើញលោក ម៉ូឌី ទៅកាន់អាមេរិកក្នុងនាមជាភ្ញៀវដ៏សំខាន់បំផុត និងចុងក្រោយបង្អស់របស់លោកមុនពេលចាកចេញពីសេតវិមាននៅខែមករា ឆ្នាំ២០១៧។ នៅក្នុងដំណើរទស្សនកិច្ចនោះលោកនាយករដ្ឋមន្ត្រីឥណ្ឌានឹងថ្លែងសុន្ទរកថានៅក្នុងសភានិងព្រឹទ្ធសភាអាមេរិកដែលជាសកម្មភាពដ៏កម្រសម្រាប់ប្រមុខដឹកនាំឥណ្ឌា។
លោក Ashley Tellis មកពីមូលនិធិ Carnegie ដើម្បីសន្តិភាពអន្តរជាតិនៅទីក្រុងវ៉ាស៊ីនតោនបានបញ្ជាក់ថា នេះគឺជាជំនួបលើកទី៧រវាងមេដឹកនាំទាំងពីរចាប់តាំងពីលោក ម៉ូឌី ឡើងកាន់តំណែងជា នាយករដ្ឋមន្ត្រីឥណ្ឌានៅខែឧសភា ឆ្នាំ២០១៤។ នេះជាជំនួបដ៏ច្រើនបំផុតសម្រាប់មេដឹកនាំដែលមិនមែនជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់អាមេរិក។
ទំនាក់ទំនងផ្ទាល់ខ្លួនរវាងប្រធានាធិបតី អូបាម៉ា នឹងលោក ម៉ូឌី គឺជារឿងមិននឹកស្មានដល់ ដោយសារតែក្នុងរយៈពេលខ្លីប៉ុណ្ណោះមេដឹកនាំទាំង២មានឱកាសបានជួបគ្នាជាញឹកញាប់។ ការអភិវឌ្ឍទំនាក់ទំនងរវាងអាមេរិកនឹងឥណ្ឌាគឺជាជោគជ័យមួយរបស់អាមេរិកនៅក្នុងទំនាក់ទំនងការបរទេសរបស់លោក អូបាម៉ា ។ ទីក្រុងវ៉ាស៊ីនតោនបានចាត់ទុកឥណ្ឌាគឺជាផ្នែកមួយនៃការធ្វើឲ្យមានតុល្យភាពយោធានៅតំបន់អាស៊ី។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរនៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌាវិញរបស់ប្រធានាធិបតីអាមេរិកគឺត្រូវចំណាយប្រាក់យ៉ាងច្រើនសម្រាប់ការពារសន្តិសុខ។ មន្ដ្រីរដ្ឋាភិបាលអាមេរិកបានឲ្យដឹងថា ក្នុងមួយថ្ងៃអាមេរិកត្រូវចំណាយប្រាក់ដល់ទៅ ២០០លានដុល្លារសម្រាប់ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអូបាម៉ា ទៅកាន់ឥណ្ឌាកាលពីពេលកន្លងមក។
សារព័ត៌មាន ភីធីអាយ របស់ឥណ្ឌាបានដកស្រង់សម្ដីមន្ដ្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាលអាមេរិកដែលទទួលបន្ទុករៀបចំផែនការពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបានឲ្យដឹងថា ទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះគឺប្រើប្រាស់ដើម្បីរក្សាសន្ដិសុខ, ការស្នាក់នៅ និងកិច្ចការផ្សេងៗដែលពាក់ព័ន្ធទៅនឹងដំណើរទស្សនកិច្ចនោះ។
តាមប្រសាសន៍របស់មន្ដ្រីរៀបចំផែនការរបស់អាមេរិកបានឲ្យដឹងថា មានក្រុមសន្ដិសុខប្រមាណ៣ពាន់នាក់ រួមទាំងក្រុមចារកម្មសម្ងាត់មន្ដ្រីរដ្ឋាភិបាលអ្នកសារព័ត៌មានដែលអមដំណើរប្រធានាធិបតី។ មន្ដ្រីជាន់ខ្ពស់សេតវិមាន និងមន្ដ្រីសន្ដិសុខអាមេរិកមានវត្ដមាននៅទីក្រុងមុមបៃ ជាច្រើនថ្ងៃមុនពេលប្រធានាធិបតី អូបាម៉ា ធ្វើដំណើរទៅកាន់ប្រទេសនោះ។ ការការពាររួមមានទាំងនាវាចម្បាំងនៅតាមដែនសមុទ្រផងដែរ។
សារព័ត៌មាន ភីធីអាយ ដកស្រង់សម្ដីមន្ដ្រីដែលមិនបញ្ចេញឈ្មោះខាងលើឲ្យដឹងថា ក្រៅពីអង្គរក្សការពារផ្ទាល់របស់ ប្រធានាធិបតីអូបាម៉ា មន្ដ្រីផ្សេងទៀតមិនត្រូវគេអនុញ្ញាតឲ្យកាន់អាវុធឡើយ។ ប៉ូលិសទីក្រុងមុមបៃ មានកម្លាំងគ្រប់គ្រាន់ការពារសន្ដិសុខ ប៉ុន្ដែអាមេរិកចាំបាច់ត្រូវតែការពារដោយខ្លួនឯងទៀត។ ក្រៅពីនេះសារព័ត៌មាន ភីធីអាយ បានផ្សព្វផ្សាយទៀតថា លោកអូបាម៉ា ស្នើឲ្យនាវាចម្បាំង ៣៤គ្រឿង អមដំណើរលោកនៅក្នុងដំណើរទស្សនកិច្ចមកកាន់ទ្វីបអាស៊ីនេះ ប៉ុន្ដែអ្នកនាំពាក្យសេតវិមានរ៉ូប៊ីត ហ្គីប ប្រកាសថា គ្មានព័ត៌មានឆ្កួតៗបែបនេះឡើយ។ តាមគម្រោង ប្រធានាធិបតីអូបាម៉ា នឹងបន្ដដំណើរទៅឥណ្ឌូនេស៊ី កូរ៉េខាងត្បូង និងជប៉ុនក្នុង ដំណើរទស្សនកិច្ចរយៈពេល១០ថ្ងៃទៅកាន់ទ្វីបអាស៊ីនេះ។
កន្លងមកឥណ្ឌាក៏បានស្នើរទិញយន្ដហោះចម្បាំងពីប្រទេសបារាំងតែ ៣៦គ្រឿង ផងដែរ។ លោក Manohar Parrikar រដ្ឋមន្ដ្រីការពារជាតិឥណ្ឌាបានថ្លែងថា តាមគម្រោងរដ្ឋាភិបាលមុន គឺទិញយន្ដហោះចម្បាំង ១២៦គ្រឿងពីក្រុមហ៊ុនបារាំង Dassault ។ ប៉ុន្ដែដោយអាស្រ័យថា គម្រោងទាំងនេះមានតម្លៃថ្លៃពេក រដ្ឋាភិបាលបច្ចុប្បន្នសម្រេចទិញតែយន្ដហោះចម្បាំងប្រភេទ Fafale ៣៦គ្រឿងវិញ។
ក្នុងអំឡុងធ្វើទស្សនកិច្ចទៅកាន់បារាំង កាលពីពេលកន្លងមកនាយករដ្ឋមន្ដ្រីឥណ្ឌា លោកណារ៉េនដ្រា ម៉ូឌី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញយន្ដហោះចម្បាំង ៣៦គ្រឿង ដែលមានតម្លៃប្រមាណ ៥.៥ពាន់លានដុល្លារ។ គម្រោងប្រើរយៈពេលពិភាក្សារយៈពេលវែងទើបសម្រេចបាន ។
ប៉ុន្ដែទោះបីយ៉ាងណាកិច្ចព្រមព្រៀងទិញយន្ដហោះចម្បាំងនេះមានតិចតួចជាងកិច្ចព្រមព្រៀងធ្វើឡើងរបស់រដ្ឋាភិ បាលលើកមុនដែលមានរហូតដល់ ១២៦គ្រឿង ។ រដ្ឋសភាឥណ្ឌាបានសម្រេចអនុញ្ញាតឲ្យទិញតែ ៣៦គ្រឿងប៉ុណ្ណោះ ។
លោក Parrikar បានបញ្ជាក់ពីការបន្ថយទិញសព្វាវុធពីបរទេស ជាពិសេសយន្ដហោះចម្បាំងនេះតែម្ដង ដោយលោក បានបញ្ជាក់ថា គម្រោងទិញយន្ដហោះចម្បាំងច្រើនគ្រឿងនោះធ្វើឲ្យថវិកាការពារជាតិកាន់តែរួញតូចថយមកនៅតិច។ លោកបានបន្ដថ្លែងជាមួយទីភ្នាក់ងារព័ត៌មាន PTI តាមរបៀបកំប្លែងទៀតថា «ខ្ញុំមានអារម្មណ៍ចង់បានរថយន្ដប្រភេទ BMW និង Mercedes ដែរ ។ ប៉ុន្ដែ ខ្ញុំមិនអាច ដោយសារតែខ្ញុំគ្មានលទ្ធភាព។ ទីមួយខ្ញុំមិនអាចបានវា ប៉ុន្ដែអាទីពីរ ខ្ញុំមិនចង់បានវា» ។
លោកបញ្ជាក់ថា គណៈកម្មការពាក់ព័ន្ធនឹងធ្វើការកិច្ចតាមគម្រោងទិញយន្ដហោះចម្បាំងតែ ៣៦គ្រឿងនេះឲ្យចប់ សព្វគ្រប់ក្នុងរយៈពេលមិនលើសពីពីរ ឬ បីខែទៀតនោះទេ ។
ប្រទេសឥណ្ឌានៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានពង្រឹងលើវិស័យការពារជាតិដោយគ្រឿងសព្វាវុធទំនើបៗ មានតម្លៃរាប់រយពាន់លានដុល្លារដើម្បីប្រកួតប្រជែងជាមួយគូជម្លោះប្រទេសជិតខាងគឺចិន និងប៉ាគីស្ថាន ។
ចាប់តាំងពីឡើងកាន់អំណាចបានរយៈពេល១ឆ្នាំកន្លងមក, រដ្ឋាភិបាលឥណ្ឌា ក្រោមការដឹកនាំរបស់លោកណារ៉េនដ្រា ម៉ូឌី បានស្វះស្វែងរកកិច្ចព្រមព្រៀងឲ្យមានការទិញសព្វាវុធទំនើបៗដើម្បីពង្រឹងវិស័យការពារជាតិ ដែលគម្រោង ទាំងនេះបានជាប់គាំងតាំងពីរដ្ឋាភិបាលមុនៗមកម្ល៉េះ៕
ប្រែសម្រួល៖ សីលា