អាមេរិកបានដាក់ទណ្ឌកម្មលើរុស្ស៊ី នូវអ្វីដែលខ្លួនមិនត្រូវការប៉ុណ្ណោះ ។ អាមេរិកបានដាក់ទណ្ឌកម្មស្ទើរតែគ្រប់វិស័យនៃសេដ្ឋកិច្ចរុស្ស៊ី។ ប៉ុន្តែក្រុមហ៊ុនអាមេរិក នៅតែទិញសារធាតុ អ៊ុយរ៉ានីញ៉ូមរបស់រុស្ស៊ី ដែលមានតម្លៃប្រហែល ១ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ។
កាសែត New York Times បានផ្សាយថា កិច្ចខិតខំប្រឹងប្រែង របស់សហរដ្ឋអាមេរិក ក្នុងការកាត់បន្ថយការពឹងផ្អែករបស់ខ្លួន លើការផ្គត់ផ្គង់អ៊ុយរ៉ានីញ៉ូម ពីប្រទេសរុស្ស៊ីរហូតមកដល់ពេលនេះ បានបរាជ័យ។
ចាប់តាំងពីរុស្ស៊ីបានចាប់ផ្តើម ប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន ក្នុងខែ កុម្ភៈឆ្នាំ 2022 សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប បានប្រកាសពីកញ្ចប់ទណ្ឌកម្មរាប់សិប ប៉ុន្តែមិនមានការលើកឡើង អំពីឥន្ធនៈនុយក្លេអ៊ែ នោះទេ។
ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប្រ៊ុចសែល បានអនុវត្តទណ្ឌកម្មលើប្រេង ឧស្ម័ន និងធ្យូងថ្មរបស់រុស្ស៊ី ប៉ុន្តែនៅតែទិញសារធាតុអ៊ុយរ៉ានីញ៉ូម ដែលចម្រាញ់ពីក្រុមហ៊ុនថាមពលនុយក្លេអ៊ែរ រុស្ស៊ី Rosatom ។
រោងចក្រចម្រាញ់ សារធាតុអ៊ុយរ៉ានីញ៉ូមរបស់សហរដ្ឋអាមេរិក ត្រូវបានបិទទាំងអស់បន្ទាប់ពីសង្គ្រាមត្រជាក់ ខណៈដែលអ្នកនាំចូលអាមេរិក បានទិញសារធាតុអ៊ុយរ៉ានីញ៉ូម ពីរុស្ស៊ីក្នុងតម្លៃ ថោកជាង។ បច្ចុប្បន្ននេះ មានតែរោងចក្រអាមេរិក ចំនួនពីរប៉ុណ្ណោះ នៅក្នុងរដ្ឋ Ohio និង New Mexico ដែលត្រូវបានអនុញ្ញាតឱ្យផលិតឥន្ធនៈ នុយក្លេអ៊ែរថ្នាក់ខ្ពស់។
ប្រធានាធិបតីអាមេរិក លោក Joe Biden បានសម្រេចចិត្តចំណាយប្រាក់ ៧០០លានដុល្លារ ដើម្បីជំរុញសកម្មភាពផលិតកម្មនៅរោងចក្រ ចំនួនពីរ ប៉ុន្តែមិនទទួលបានជោគជ័យ។ ក្រុមហ៊ុនដែលដំណើរការរោងចក្រ Ohio បាននិយាយថា វាអាចចំណាយពេលជាង មួយទសវត្សរ៍ដើម្បីតាមទាន់ទិន្នផល របស់ Rosatom ។
យោងតាមការប៉ាន់ស្មាន ដោយកាសែត New York Times ប្រហែលមួយភាគបី នៃសារធាតុអ៊ុយរ៉ានីញ៉ូម ដែលចម្រាញ់ដោយសហរដ្ឋអាមេរិក ត្រូវបាននាំចូលពីប្រទេសរុស្ស៊ី។ នៅឆ្នាំ 2022 ក្រុមហ៊ុនប្រឹក្សាថាមពលស្អាត GHS Climate និយាយថា រោងចក្រមួយក្នុងចំណោមរោងចក្រ និងអាជីវកម្មរបស់សហរដ្ឋអាមេរិកនឹងប្រើប្រាស់ថាមពលអ៊ុយរ៉ានីញ៉ូម
របស់ រុស្ស៊ី។
កាលពីខែមេសា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា ជប៉ុន និងបារាំងបានប្រកាសថា ពួកគេនឹងបង្កើតខ្សែចង្វាក់ផ្គត់ផ្គង់ ប្រេងឥន្ធនៈនុយក្លេអ៊ែរ ដើម្បីជំនួសការផ្គត់ផ្គង់ពីប្រទេសរុស្ស៊ី។ យ៉ាងណាក៏ដោយ កាលពីខែឧសភា បារាំងបានប្រកាសថា ខ្លួននឹងបន្តទិញឥន្ធនៈនុយក្លេអ៊ែរ ពីរុស្ស៊ីនាពេលខាងមុខ។ នៅឆ្នាំ 2022 បារាំងបានបង្កើនការនាំចូល អ៊ុយរ៉ានីញ៉ូមរបស់ខ្លួន បីដងពីរុស្ស៊ី។
ជិតពាក់កណ្តាល នៃសារធាតុអ៊ុយរ៉ានីញ៉ូម ដែលចម្រាញ់ចេញពីពិភពលោកឥឡូវនេះ ត្រូវបានផលិតនៅក្នុងប្រទេសរុស្ស៊ី។ សាជីវកម្ម Rosatom មានម៉ាស៊ីន រ៉េអាក់ទ័រនុយក្លេអ៊ែរ ចំនួន 20 ក្នុងចំណោម 53 ដែលកំពុងសាងសង់នៅពាក់កណ្តាលឆ្នាំ 2022 ដែលក្នុងនោះ 17 នៅក្រៅប្រទេស។
ថ្មីៗនេះ Rosatom បានបញ្ចប់ការសាងសង់ រោងចក្រថាមពលនុយក្លេអ៊ែរដំបូង របស់Türkiyeនៅក្នុងទីក្រុង Akkuyu ។ រុស្ស៊ីកំពុងបញ្ឆេះម៉ាស៊ីន រ៉េអាក់ទ័រជាច្រើននៅក្នុងប្រទេសឥណ្ឌា និងចិន ពង្រីករោងចក្រថាមពលនុយក្លេអ៊ែរ នៅប្រទេសហុងគ្រី និងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរដំបូងគេ នៅប្រទេសបង់ក្លាដែស៕ ដោយធីរីណា
រូបថត: Vietnamnet.vn