មកទល់ពេលនេះ ចិននៅតែមិនព្រមតភ្ជាប់ទំនាក់ទំនងយោធាជាមួយអាមេរិកនោះឡើយ បើទោះបីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antoy Blinken ជាច្រើនលើកបានអំពាវនាវឱ្យចិន តភ្ជាប់ទំនាក់ទំនងយោធាក្នុងពេលបំពេញទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងនាពេលកន្លងមក។
ពេលថ្មីៗនេះ ប្រធានាធិបតីអាមេរិក លោកចូ បៃឌិន បានចាត់ទុកប្រធានាធិបតីចិនថាជាជនផ្តាច់ការ។ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០២៣ បានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃអង្គារសប្ដាហ៍នេះបានហៅប្រធានាធិបតីចិន លោក ស៊ី ជិនពីង ថាជា «ជនផ្ដាច់ការម្នាក់» ហើយថាលោក ស៊ី រងភាពអាម៉ាស់ នៅពេលដែលបាល់ឡុងចិនមួយត្រូវបានយោធាអាមេរិកបាញ់ទម្លាក់កាលពីដើមឆ្នាំកន្លងទៅ។
លោក បៃដិន ធ្វើការកត់សម្គាល់ខាងលើនៅឯកម្មវិធីរៃអង្គាសប្រាក់មួយសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតក្នុងកាលីហ្វ័រនីញ៉ា និងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ជួបជាមួយលោក ស៊ី ជិនពីង អំឡុងបំពេញទស្សនកិច្ចដ៏កម្រមួយទៅកាន់ប្រទេសចិន ក្នុងគោលបំណងបញ្ចុះកម្ដៅនៃភាពតានតឹងរវាងប្រទេសទាំង២។
ថ្លែងនៅចំពោះមុខក្រុមអ្នកឧបត្ថម្ភ លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា «ហេតុផលដែលលោក ស៊ី ជិនពីង មិនសប្បាយចិត្តនៅពេលដែលខ្ញុំបាញ់ទម្លាក់បាល់ឡុងនោះ ដែលមានភ្ជាប់ជាមួយបរិក្ខារស៊ើបការណ៍ នោះគឺលោកមិនបានដឹងអ្វីទេ…នេះគឺជារឿងអាម៉ាស់បំផុតសម្រាប់ជនផ្ដាច់ការ នៅពេលដែលពួកគេមិនបានដឹងពីអ្វីដែលបានកើតឡើង»។
លោក Antony Blinken និងលោក ស៊ី ជិនពីង កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅ បានព្រមព្រៀងគ្នាក្នុងការរក្សាស្ថិរភាពនៃទំនាក់ទំនងរវាងប្រទេសទាំង២ ដើម្បីបញ្ចៀសកុំឱ្យជម្លោះណាមួយផ្ទុះឡើង។ ប៉ុន្តែដំណើរទស្សនកិច្ច ២ថ្ងៃ របស់លោក Blinken មិនអាចស្វែងរកច្រកចេញឬក៏សម្រេចបានលទ្ធផលផ្លែផ្កាធំដុំអ្វីឡើយ៕ ដោយធីរីណា
រូបថត: Reuters