ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើឲ្យស្នងការដ្ឋាននគរបាល តាមបណ្ដាខណ្ឌទាំង១៤ ត្រូវបន្ដចុះធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋឲ្យបានលឿន ខណៈការបោះឆ្នោតបានខិតជិតមកដល់ ។
លោក ឃួង ស្រេង បានជំរុញបែបនេះនាព្រឹកថ្ងៃទី២១ មិថុនា ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅសាលារាជធានីភ្នំពេញ។
លោកឃួង ស្រេង បានមានប្រសាសន៍ ដោយជំរុញឲ្យស្នងការដ្ឋាននគរបាលរាជធា នីភ្នំពេញ បញ្ចេញឈ្មោះប្រជាពលរដ្ឋដែល មានអត្តសញ្ញាណប័ណ្ណ ហួសសុពលភាព បញ្ជូនទៅអធិការខណ្ឌ និងអភិបាលខណ្ឌទាំង១៤ ដើម្បីសាវជ្រាវធ្វើអត្តសញ្ញាណប័ណ្ណទាំងនេះជូនពួកគាត់ឡើងវិញ។ ចំពោះការធ្វើអត្តសញ្ញាណប័ណ្ណដែលហួសសុពល ភាពនេះ បើធ្វើមិនទាន់មុនពេលបោះឆ្នោតទេ លោកបានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ ណែនាំទៅសង្កាត់ទាំង១០៥ ដើម្បីធ្វើលិខិតបញ្ជាក់ អត្តសញ្ញាណសម្រាប់ការ បោះឆ្នោតជូនពួកគាត់ មានន័យថា នៅពេលដែលអត្តសញ្ញាណប័ណ្ណធ្វើមិនបានរួចរាល់ តែពួកគាត់នៅតែអាចបោះឆ្នោតបាន ។
លោក ឃួង ស្រេង ក៏បានណែនាំឲ្យរដ្ឋបាលរាជធានីភ្នំពេញធ្វើលិខិត ដើម្បីរំលឹក ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានកូនអាយុ១៥ឆ្នាំហើយ ត្រូវនាំកូនទៅធ្វើអត្តសញ្ញាណប័ណ្ណ កុំចាំពេលដែលត្រូវការទើបសម្រុកទៅធ្វើអត្តសញ្ញាណប័ណ្ណនោះ។
លោកឃួង ស្រេង ក៏បានធ្វើការណែនាំ ដោយអាជ្ញាធរខណ្ឌទាំង១៤ ជួយជម្រុញប្រជាពលរដ្ឋអោយភ្ជាប់ប្រព័ន្ធតេឡេក្រាម ជាមួយសម្ដេចតេជោហ៊ុនសែន និងរដ្ឋបាលរាជធានីភ្នំពេញ។ដើម្បីឲ្យពួកគាត់បានទទួលព័ត៌មានជាក់លាក់ជៀសវាងការជឿញុះញង់ពីពួកអគតិមួយចំនួន។
បើតាមស្នងការរងរាជធានីភ្នំពេញបានឲ្យដឹងថា គិតពីឆ្នាំ២០១២ រហូតមកដល់ឆ្នាំ២០២៣នេះ យើងបានផ្ដល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ចំនួនជាង១លាន៦ម៉ឺនសន្លឹក។ តាមទិន្នន័យដែលអាចព្យាករណ៍បាន នៅឆ្នាំ២០២៤ អត្តសញ្ញាណប័ណ្ណប្រជាពលរដ្ឋនៅភ្នំពេញ ដែលអស់សុពលភាពមានចំនួន១៣២១០៣ សន្លឹក នៅឆ្នាំ២០២៥ អត្តសញ្ញាណប័ណ្ណអស់សុពលភាព ចំនួន៣៤៩២១៨សន្លឹក នៅឆ្នាំ២០២៦អត្តសញ្ញាណប័ណ្ណអស់សុពលភាព ចំនួន២៧៦៧៦២ សន្លឹក និងនៅឆ្នាំ២០២៧អត្តសញ្ញាណប័ណ្ណអស់សុពលភាព ចំនួន ២៧៤៣៦សន្លឹក ៕ ដោយ៖សំរិត