ភ្នំពេញ : ជំងឺរលាកសន្លាក់ (arthritis) មានច្រើនសណ្ឋាន ប៉ុន្តែជំងឺរលាកសន្លាក់មួយដែលគេតែងជួបប្រទះញឹកញាប់ គឺជាជំងឺមួយដែលកើតឡើងដោយសារការលើសអាស៊ីតអ៊ុយរីកក្នុងឈាម (gouty arthritis due to hyperuricemia)។
ប្រសិនបើយើងមិនព្យាបាលឲ្យត្រឹមត្រូវ ទាន់ពេលវេលា ជាមួយគ្រូពេទ្យជំនាញទេ នោះវានឹងបណ្តាលអោយមានការឈឺចាប់ និងរំខានដល់ការរស់នៅ និងប្រកបរបរប្រចាំថ្ងៃ រហូតដល់ពិការភាពក៏មាន។ គេឃើញភាគច្រើនជំងឺនេះកើតលើមនុស្សប្រុសដែលមានអាយុចន្លោះពី៣០-៤៥ឆ្នាំ (រីឯ មនុស្សស្រីច្រើនកើតក្រោយអាយុ៥៥ឆ្នាំ)។ ផ្ទុយទៅវិញ មនុស្សទាំងពីរភេទក្រោយអាយុ៦៥ឆ្នាំ សុទ្ធតែអាចប្រឈមនឹងជំងឺនេះ បើមានកត្តាដូចរៀបរាប់ខាងក្រោម។
ក) កត្តាប្រឈមដែលជំរុញអោយងាយនឹងកើតជំងឺលើសអាស៊ីតអ៊ុយរីកនេះរួមមាន ៖
១. មនុស្សលើសទំងន់
២. អ្នកពិសារជាតិអាល់កុលញឹកញាប់ ជាពិសេស ស្រាបៀរ ស្រាវីស្គី ជីន វុលដកា ឫ ស្រារ៉ូម
៣. អ្នកញុំាអាហារច្រើនលើសកំរិត ឫពោះទទេរយូរពេក
៤. អ្នកជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ
៥. អ្នកជំងឺមានសំពាធឈាមលើស
៦. អ្នកចូលចិត្តឧស្សាហ៏បរិភោគសាច់ គ្រឿងសមុទ្យបរិមាណច្រើន
៧. អ្នកកំពុងប្រើថ្នាំមួយចំនួន ដែលនាំទៅរកកាលើសអាស៊ីតអ៊ុយរីកក្នុងឈាម (ដោយមិនបានពិគ្រោះពេទ្យ)
ខ) រោគសញ្ញា នៃជំងឺលើសអាស៊ីតអ៊ុយរីក រួមមាន៖
– នៅលើស្បែក និងនៅសន្លាក់ មានលេចចេញជាដុំពកៗ (chronic tophaceous gout)
– នៅតម្រងនោម ឃើញមានជាគ្រួសតម្រងនោម
– សន្លាក់ដែលមានការប៉ះពាល់ខ្លាំង ជាពិសេសគឺសន្លាក់ ជង្គង់ កដៃ កជើង និងមេជើង គឺមានជាលក្ខណៈ ហើម ក្តៅ ឡើងក្រហម និងឈឺចាប់ខ្លាំង ពិសេសស្តែងចេញភ្លាមៗពិបាកនឹងទ្រាំ
គ) ការធ្វើរោគវិនិច្ឆ័យនិងព្យាបាល ៖
បើបងប្អូន ប្រជាពលរដ្ឋ មានអការៈដូចបានរៀបរាប់ខាងលើ សូមមេត្តាជួបពិគ្រោះជាបន្ទាន់ជាមួយគ្រូពេទ្យជំនាញ ដើម្បីធ្វើរោគវិនិច្ឆ័យឲ្យបានច្បាស់លាស់ និងកំណត់វិធីសាស្ត្រព្យាបាល តាមដានឲ្យបានត្រឹមត្រូវ និងទាន់ពេលវរលា ជៀសវាងការប្រើថ្នាំដោយខ្លួនឯង ដែលអាចបណ្តាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ។
«បង្ការការលើសអាស៊ីតអ៊ុយរីកក្នុងឈាម គឺការពារសន្លាក់លោកអ្នក និងជាពិសេសគឺការពារប្រព័ន្ធតម្រងនោម និងបេះដូងរបស់លោកអ្នក!»
នេះជាបញ្ជាក់ខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕
ដោយ : សិលា