សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០២៣បានផ្សាយថា ការផ្ទុះមួយបានកើតឡើងតាមដងផ្លូវមួយ ក្បែរទីប្រជុំជនប្រវត្តិសាស្រ្ត Latin Quarter របស់ទីក្រុងប៉ារីស នៃប្រទេសបារំាង កាលពីថ្ងៃពុធសប្តាហ៍នេះ ហើយក្រុមជួយសង្គ្រោះកំពុងស្វែងរកមនុស្សបាត់ខ្លួនពីរនាក់ ដោយភ័យខ្លាចថាពួកគេត្រូវជាប់នៅក្រោមគំនរបាក់បែកនៃអគារដែលបានដួលរលំដោយផ្នែកខ្លះនៅក្នុងការផ្ទុះនោះ។
ការផ្ទុះនោះកើតឡើងនៅឯវិថី Rue Saint-Jacques ដែលចេញពីព្រះវិហារ Notre-Dame de Paris ទៅកាន់សាកលវិទ្យាល័យ Sorbonne បណ្តាលឱ្យមនុស្សចំនួន ៣៧នាក់រងរបួស ក្នុងនោះ ៤នាក់កំពុងស្ថិតក្នុងការសង្គ្រោះជីវិតនៅឯមន្ទីរពេទ្យ។ រដ្ឋមន្ត្រីមហាផ្ទៃបារាំង លោក Gerald Darmanin បានឱ្យដឹងថា «ពេលនេះសត្វសុនខកំពុងហិតក្លិននៅក្រោមបំណែកឥដ្ឋដែលនៅពាសពេញផ្លូវ។ វាអាចទៅរួចថានៅយប់នេះយើងនឹងរកឃើញសាកសពឬប្រហែលជាអ្នកនៅរស់រានមានជីវិត»។
គួរបញ្ជាក់ថា ការផ្ទុះនេះបានបំផ្លាញផ្នែកខាងមុខអគារមួយដែលជាសាលារចនា Paris American Academy និងជាទីពេញនិយមសម្រាប់និស្សិតបរទេស។ ខាង អាជ្ញាធរមិនបានបញ្ជាក់លម្អិតពីមូលហេតុផ្ទុះខាងលើនៅឡើយទេ តែបើតាមសេចក្ដីរាយការណ៍បឋម វាអាចជាការផ្ទុះហ្គាស៕ ដោយធីរីណា
រូបថត: AP