បើកម៉ូតូឆ្លងផ្លូវត្រូវរថយន្តបុកស្លាប់នៅស្រុកខ្សាច់កណ្ដាល

ចែករំលែក៖

ខេត្តកណ្ដាល: បុរសម្នាក់ បើកម៉ូតូឆ្លងផ្លូវ មិនប្រយ័ត្នបណ្ដាលឲ្យរថយន្តមួយគ្រឿងបើកបុកពេញមួយទំហឹងស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ២១និង១០នាទី ផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែត្រលេខ 37- 38 ស្ថិតក្នុងភូមិវិហារសួរជើងឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឈិន ឈឿង ភេទប្រុស អាយុ ៤៨ឆ្នាំ រស់នៅភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បើកបរម៉ូតូម៉ាកហុងដា គុបមូល ពណ៌ទឹកសមុទ្រ គ្មានផ្លាកលេខ ។ចំណែករថយន្តកូរ៉ូឡា ប្រភេទទេសចរណ៍ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ.2U.2009 បើកបរដោយឈ្មោះ សុខ សុីធាន ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅបច្ចុប្បន្នភូមិកំបូល សង្កាត់កំបូល ខ័ណ្ឌកំបូល រាជធានីភ្នំពេញ។
ប្រភពដដែលបន្តថា នៅវេលាម៉ោងកើតហេតុ គេបានឃើញជនរងគ្រោះជិះម៉ូតូ តាមបណ្ដោយផ្លូវលេខ៨ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ជនរងគ្រោះបានបត់ឆ្លងផ្លូវ ក៏ត្រូវរថយន្តមួយគ្រឿងបើកបរក្នុងទិសដៅពីត្បូងទៅជើង បុកពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចបានធ្វើការវាស់វែង កសាងឯកសារដកហូតវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល ៕
សេចក្តីសន្និដ្ឋាន បណ្តាលមកពីអ្នកបើកបរម៉ូតូខាងលើបើកបរឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ៕ដោយ៖ស្អាងជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print