ខេត្តបន្ទាយមានជ័យ៖ លោកវរសេនីយ៍ទោ សោម សារុន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា៖ មានស្រ្តីម្នាក់ឈ្មោះ ធាន សាមួន អាយុ២៣ឆ្នាំ រស់នៅភូមិផ្គាំ ឃុំផ្គាំ ស្រុក ស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៦ និង៣០នាទី បានមកទទួលពាក្យបណ្តឹងនៅការិយាល័យជំនាញប្រឆាំងបទល្មើសបច្ចេកវិទ្យា ពាក់ពន្ធ័ករណីវិវាទចងការប្រាក់តាមអនឡាញ ។
លោកវរសេនីយ៍ទោ សោម សារុន បានឱ្យដឹងទៀតថា៖ យោងពាក្យបណ្តឹងនារីរងគ្រោះបានរៀបរាប់ថា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣កន្លងទៅ ខ្លួនបានកម្ចីប្រាក់តាមអនឡាញ ដែលមានឈ្មោះថា “ត្រូវការលុយបង្វិល Online” ចំនួន ៥០ដុល្លារ ប៉ុន្តែខាងកម្ចីឲ្យតែ ៣២ដុល្លារ ក្នុងរយៈពេល១សប្តាហ៍ត្រូវសងចំនួន ៥០ដុល្លារ ។ ដល់ថ្ងៃត្រូវសង ខ្លួនគ្មានលទ្ធភាពសង ក៏មានខាងកម្ចីអនឡាញ ម្នាក់ផ្សេងទៀត ទូរស័ព្ទមកផ្តល់កម្ចី ៥០ដុល្លារ ត្រូវសងដូចកម្ចីលើកមុន ។ ដោយសារខ្លួនគ្មានលទ្ធភាពសង ខ្លួនបានកម្ចីតាមអនឡាញ ផ្សេងៗបន្ថែមទៀត រហូតដល់ ១៤លើក (១៤ លាន) សរុបប្រាក់ដើម ៣០០០ដុល្លារ ។
នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ខ្លួនបានទំនាក់ទំនងជាមួយ ខាងកម្ចីសុំសងតែដើម ៣០០០ដុល្លារ ប៉ុន្តែខាងកម្ចីមិនព្រម ។ ទើបយករូបភាព ក្រុមគ្រួសារ បងប្អូនមិត្តភក្តិ មកធ្វើការបង្ហោះ បរិហាកេរ្តិ៍ និងគំរាមគំហែង ។
នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១២ និង៣០នាទី ខាងបងប្អូន មិត្តភក្តិ បានឲ្យខ្លួនទាក់ទងសារព័ត៌មាន “អាបងស្អាត” ដើម្បីឡាយក្នុងហ្វេសប៊ុក បកស្រាយអំពីកម្ចីតាមអនឡាញថា មិនជាប់ពាក់ព័ន្ធនឹងបងប្អូន មិត្តភក្តិទេ គឺខ្លួនធ្វើការកម្ចីតែម្នាក់ឯងទេ គឺមិនបានយកឈ្មោះ បងប្អូន មិត្តភក្តិ មកធានានោះទេ ។
លោកនាយការិយាល័យ បានបញ្ជាក់ទៀតថា ៖ ដោយអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកបានដឹកនាំកម្លាំង ការិយាល័យជំនាញប្រឆាំងបទល្មើសបច្ចេកវិទ្យា បាននឹងកំពុងបើកធ្វើការស្រាវជ្រាវ ដោយយកចិត្តទុកដាក់ ជុំវិញករណីបរិហាកេរ្តិ៍ជាសាធារណៈ និងគំរាមគំហែងនេះ ដើម្បីយកមកចាត់ការតាមនីតិវិធី ៕ដោយ៖សហការី