ភ្នំពេញ÷ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកលោកហ៊ុនម៉ានីអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានសរសេរថា ក្នុង នាមខ្ញុំ ជាកូន ខ្ញុំពិតជាមិនអាចទទួលយកបានឡើយនូវការប្រើពាក្យពេចន៍ប្រមាថយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតក្រុមគ្រួសារខ្ញុំ ពីជនអគតិ មកពីបក្សប្រឆាំង។ ការ ប្រមាថ ម្តងហើយ ម្តងទៀតបែបនេះ ជាទង្វើដែលគ្មានក្រមសីលធម៌ និងមិនអាចអត់ឱនឲ្យបានជាដាច់ខាត។
លោកបានសរសេរបន្តទៀតថា តើនេះជាការធ្វើនយោ បាយអ្វី? តើនេះជានយោបាយ ដែលយើងគ្រប់គ្នាអាចទទួល យកបានទេ? ជាធម្មតាការធ្វើនយោបាយ ត្រូវមានព្រំដែន ពោលជាការប្រកួតប្រជែងដោយមានក្រមសីលធម៌ និងការទទួលខុសត្រូវ ដោយស្គាល់ច្បាស់នូវព្រំដែនបែងចែករវាងទិដ្ឋភាពសង្គម និងទិដ្ឋភាពផ្ទាល់ខ្លួន។
លោកបានសង្កត់ធ្ងន់ថា ចំពោះការធ្វើនយោបាយដ៏អសីលធម៌បែបនេះ តើខ្ញុំត្រូវមានជម្រើសអ្វីក្រៅពីការប្រកាន់ជំហរច្បាស់លាស់ និងដាច់ណាត់ចំពោះជនអគតិទាំងនេះ? ក្នុងរយៈពេលច្រើនឆ្នាំមកនេះ អស់លោកម្តងហើយម្តងទៀតបានបង្រៀនខ្ញុំថា ការគិតគូររឿងនយោបាយដែលតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជន គឺមិនគ្រប់គ្រាន់ទេជាពិសេសការធ្វើនយោបាយជាមួយពួកដូចអស់លោក។ ខ្ញុំមិនចោលការតម្កល់ផលប្រទេសជាតិនិងប្រជាជននោះទេ តែចំពោះអស់លោកគឺត្រូវមានវិធានការផ្សេងដែលស្របនឹងចរិកអស់លោក។
ប្រជាជន និងជាពិសេសយុវជន យុវនារីខ្មែរស្គាល់ចរិករបស់ខ្ញុំ តែអស់លោកកំពុងតែបង្រៀនអោយខ្ញុំចេះធ្វើនយោបាយក្តៅហើយ៕ ដោយ៖សុរិយា