សម្តេចតេជោ ហ៊ុន សែន ថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញចុះជួបកម្មករ កម្មការិនីជិត២ម៉ឺននាក់ជាបន្តទៀតមកពីរាជធានីភ្នំពេញ និងខេត្តកណ្តាល

ចែករំលែក៖

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣នេះ​ បានថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញបន្តចុះ​ជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី ចំនួន១៩,០០៤នាក់ មកពីរោងចក្រសហគ្រាចំនួន១៣ នៅ​រាជធានីភ្នំពេញ និងខេត្តកណ្ដាល ដែលជំនួបសំណេះ សំណាល ធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេច​តេជោ​ ហ៊ុន​ សែន​ មានដូចខាងក្រោម​៖

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា គោលនយោបាយគាំពារកម្មករ-កម្មការិនី រួមទាំងកម្រិតប្រាក់បៀវត្សរ៍ គឺជាការគិតគូរយ៉ាងដិតដល់របស់រាជរដ្ឋាភិបាល ដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា ដែលមិនមែនជារឿងចៃដន្យទេ។

សម្តេចតេជោ បានថ្លែង​សម្តែងក្តីរីករាយ​ដែលបានមកជួបក្មួយៗកម្មករ-កម្មការិនីរោងចក្រ នាព្រឹកនេះ ដែលមួយចំនួនមកពីខេត្តកណ្តាល និងមួយចំនួនទៀតមកពីរាជធានីភ្នំពេញ។

សម្ដេចតេជោ ថ្លែងថា ការចុះជួបកម្មករនិយោជិតនេះ គឺដើម្បីស្វែងយល់ពីកិច្ចការ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដើម្បីគាំពារកម្មករនិយោជិតថា តើសម្រេចបានដល់កម្រិតណាខ្លះ?។

សម្ដេចតេជោ បានបង្ហាញ​ និងចាក់វីដេអូកម្សាន្តមួយ (Trollរឿង​ឆាវឆាវ​) ឱ្យកម្មករស្ដាប់​ ក្នុងគោលបំណងផ្សព្វផ្សាយនៅក្នុងរដូវកាលឃោសនារបស់ឆ្នោតដើម្បីណែនាំឱ្យពលរដ្ឋចេញទៅបោះឆ្នោតគ្រប់គ្នា​ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។

សូមជម្រាបជូនថា​ វីដេអូសំឡេងមួយនេះ​ គឺបានរិះគន់ទៅលើអ្នកដែលប្រឆាំងទៅនឹងការបោះឆ្នោត រួមទាំងរំលឹកអំពីស្នាដៃរបស់រាជរដ្ឋាភិបាលកម្ពុជាចាប់តាំងពីឆ្នាំ១៩៧៩ ដល់បច្ចុប្បន្ន និងការរីកចម្រើននៃប្រទេស រួមទាំងប្រាក់ចំណូលរបស់ពលរដ្ឋផងដែរ។

សម្តេចតេជោ ថ្លែង​ថា​ នៅឆ្នាំ២០២១-២០២៣ ក្នុងពេលវិបត្តិកូវីដ-១៩ធ្ងន់ធ្ងរ រាជរដ្ឋាភិបាលមិនបានដំឡើងប្រាក់បៀវត្សរ៍ដល់មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធឡើយ ដោយសាររដ្ឋត្រូវយកចំណែកទាំងនោះ ទៅទប់ទល់នឹងហានិភ័យសង្គមបណ្តាលមកពីកូវីដ-១៩ តែរដ្ឋាភិបាលបានប្រឹងប្រែងមិនឱ្យឡើងថ្លៃនូវមុខទំនិញសមសារពើ និងសេវាចាំបាច់របស់ប្រជាពលរដ្ឋដូចជា៖ ទឹក ភ្លើងជាដើម។

សម្តេចតេជោ ថ្លែង​ថា រាជរដ្ឋាភិបាលបានបង្ក​លក្ខណៈងាយស្រួល​យ៉ាងខ្លាំងដល់ថៅកែរោងចក្រ តាមរយៈការប្រើប្រាស់រូបីយប័ណ្ណអន្តរជាតិ ដើម្បីបើកប្រាក់ខែជូនកម្មករបាន ដែលជាផ្នែកជួយសម្រួលការងារ និងនិរន្តរភាព នៃអត្រាប្តូរប្រាក់ផងដែរ។

សម្តេចតេជោ ថ្លែងថា មានជន​ចង្រៃមួយក្រុម ដែលកំពុងមានទោសក្បត់ជាតិ​កម្ពុជាផងនោះ បានដើរអំពាវនាវដល់អន្តរជាតិ កុំមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា, កុំទិញទំនិញ​ពីកម្ពុជា និងត្រូវដាក់ទណ្ឌកម្មកម្ពុជាជាដើម…[] ដែលនៅលើពិភពលោកនេះ គ្មានក្រុមប្រឆាំងណា ដូចក្រុមប្រឆាំងនៅកម្ពុជាឡើយ។

សម្ដេចតេជោ ថ្លែងថា សម្ដេចមិនជឿថា​សេដ្ឋកិច្ចពិភពលោកអាចងើបឡើងវិញបានងាយស្រួលនោះទេដរាបណាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែននៅតែបន្ត។​ សម្ដេចតេជោ​ បន្ថែម​ថា ទីផ្សារដ៏ធំបច្ចុប្បន្នគឺសហរដ្ឋអាមេរិក​ និងសហភាពអឺរ៉ុបដែលប្រទេសទាំងពីរនេះកំពុងប្រឈមទៅនឹងវិបត្តិនៃសង្គ្រាមរុស្ស៊ីឱ្យក្រៅ។

សម្ដេចតេជោ​ ថ្លែង​ថា ជាមួយនឹងការមើលឃើញនៃវិបត្តិនេះ រាជរដ្ឋាភិបាលកម្ពុជាខំប្រឹងពង្រីកទីផ្សារបន្ថែមដែលនឹងអាចទាក់ទាញ និងបង្កើនការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារទាំងនោះ។​ សម្ដេចតេជោ​ បញ្ជាក់​ថា៖ «អញ្ចឹងទេបានជារាជរដ្ឋាភិបាលប្រឹងប្រែងមិនត្រឹមតែទីផ្សារជាមួយអាមេរិក និងអឺរ៉ុបទេ។ យើងបានបើកទីផ្សារជាមួយនឹងប្រទេសផ្សេងៗទៀត។ដូចជា កូរ៉េ ចិន អារ៉ាប់ និងប្រទេសផ្សេងៗទៀតដើម្បីធានាទីផ្សារនាំចេញរបស់កម្ពុជា»។

សម្ដេចតេជោ​ ថ្លែង​ថា​ ក្នុងឆ្នាំ២០២២ ការនាំចេញរបស់កម្ពុជាមានទំហំប្រមាណជាង២៩ពាន់លានដុល្លារ ក្នុងនោះការនាំចេញនៃឧស្សាហកម្មកាត់ដេរ និងស្បែកជើងមានទំហំប្រមាណ ១៣ពាន់លានដុល្លារ ស្នើ១/៣នៃការនាំចេញរបស់កម្ពុជា។

សម្ដេចតេជោ ថ្លែងថា ការចុះជួបកម្មករនិយោជិតនេះ គឺដើម្បីស្វែងយល់ពីកិច្ចការ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដើម្បីគាំពារកម្មករនិយោជិតថា តើសម្រេចបានដល់កម្រិតណាខ្លះ?។

សម្តេចតេជោ ថ្លែងថា កត្តាសុខសន្តិភាព គឺជាការចាប់ផ្តើមដំបូង នៃការអភិវឌ្ឍ និងសកម្មភាពផ្សេងៗទៀត នៃវឌ្ឍនភាព រួមទាំងកំណើនការងារសម្រាប់កម្មករ-កម្មការិនីផងដែរ។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «បើគ្មានសុខសន្តិភាពទេ កុំនិយាយ ឬគិតអ្វីទាំងអស់ គិតត្រឹមតែធ្វើយ៉ាងម៉េចរត់ចូលត្រង់សេឱ្យបានតែប៉ុណ្ណោះឯង…[]»។

សម្តេចតេជោ ថ្លែងបញ្ជាក់ជាថ្មីទៀតថា បើកម្ពុជាមានសង្រ្គាម គ្មានបរទេសណាមកធ្វើ ការវិនិយោគជាមួយកម្ពុជានោះទេ ដូច្នេះហើយបងប្អូនជនរួមជាតិទាំងអស់ត្រូវថែរក្សានូវសុខសន្តិភាពនេះឱ្យខាងតែបាន។

សម្តេចតេជោ ថ្លែងបន្តអំពាវនាវដល់ម្ចាស់រោចក្រ និងកម្មករនិយោជិត ត្រូវរួមគ្នាធ្វើយ៉ាងណាឱ្យរោងចក្រមួយក្លាយទៅជាសហគមន៍សុខសាន្តមួយ។ ការធ្វើបែបនេះបាន កម្មករនិយោជិត និងម្ចាស់រោងចក្រ ត្រូវធ្វើបែបណា កុំឱ្យមានគ្រឿងញៀន កុំឱ្យមានបងតូច បងធំ កុំឱ្យមានជម្លោះរវាងកម្មករនិយោជិត និងថៅកែរោងចក្រ និងកុំឱ្យក្លាយជាកន្លែងឆ្លងរីករាលដាលជំងឺអេដស៍។

លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា រោងចក្រសហគ្រា​ទាំង១៣​ ដែលអនុញ្ញាតឱ្យកម្មករ និយោជិតចូល រួម ក្នុងពិធីសំណេះសំណាលនេះ មកពីស្រុកមុខកំពូល ខេត្តកណ្តាល​ចំនួន៣ និងរាជធានីភ្នំពេញចំនួន១០ (ខណ្ឌឫស្សីកែវចំនួន៨, ខណ្ឌជ្រោយចង្វារ ចំនួន ១ និងខណ្ឌពោធិ៍សែនជ័យ​ចំនួន១)។

រោងចក្រ សហគ្រាសទាំង១៣នេះ មានរោងចក្រកាត់ដេរចំនួន១០ ផលិតផលិតផលធ្វើដំណើរ និងកាបូបចំនួន២ និងផលិតស្បែកជើងចំនួន១។

ផលិតផលរោងចក្រ សហគ្រាសទាំងនេះ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដូចជាសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក ចិន និងអូស្ត្រាលីជាដើម។

រាជធានីភ្នំពេញ និងខេត្ត កណ្តាល គឺជាតំបន់ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើន បានរួមចំណែកផ្តល់​ការងារជាច្រើនកន្លែងសម្រាប់ប្រជាពលរដ្ឋ និងគាំទ្រដល់សេដ្ឋកិច្ចជាតិ។ នៅឆ្នាំ២០២៣នេះ រាជធានីភ្នំពេញ មានរោងចក្រ សហគ្រាសចំនួន៩,៣១៤ មានកម្មករ និយោជិតជាង ៦៦ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលមធ្យមប្រមាណ ២ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ក្នុងនោះ រោងចក្រ សហគ្រាសវិស័យកាត់ដេរចំនួន ៧២៧ មានកម្មករ និយោជិតប្រមាណ ៣៤ម៉ឺននាក់ មានប្រាក់ឈ្នួលមធ្យមសរុបប្រមាណ ១.១ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។

...

ដោយឡែកនៅខេត្តកណ្តាលវិញ នៅឆ្នាំ២០២៣នេះ មានរោងចក្រ សហគ្រាសចំនួន៤៨៣ មានកម្មករ និយោជិតប្រមាណ ១៥ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបប្រមាណ ៤៧៣លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ក្នុងនោះរោងចក្រ សហគ្រាសក្នុងវិស័យកាត់ដេរមានចំនួន១៧១ មានកម្មករ និយោជិតសរុបជាង ១៣ម៉ឺន ២ពាន់នាក់ ដែលមានប្រាក់ឈ្នួលសរុបប្រមាណ ៤១១លានដុល្លារអាមេរិកក្នុងមួយឆ្នាំ៕ដោយ៖ស​ តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print