ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា សម្ដេចមិនជឿថាសេដ្ឋកិច្ចពិភពលោកអាចងើបឡើងវិញបានងាយស្រួលនោះទេដរាបណាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែននៅតែបន្ត។
ថ្លែងនៅក្នុងពិធីជួបជាមួយនឹងកម្មករជិត ២ម៉ឺននាក់នៅពហុកីឡាដ្ឋានជាតិមរតកតេជោ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុនសែន បានលើកឡើងថា ទីផ្សារដ៏ធំបច្ចុប្បន្នគឺសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបដែលប្រទេសទាំងពីរនេះកំពុងប្រឈមទៅនឹងវិបត្តិនៃសង្គ្រាមរុស្ស៊ីឲ្យក្រៅ។
សម្ដេចតេជោបានលើកឡើងថា ជាមួយនឹងការមើលឃើញនៃវិបត្តិនេះ រាជរដ្ឋាភិបាលកម្ពុជាខំប្រឹងពង្រីកទីផ្សារបន្ថែមដែលនឹងអាចទាក់ទាញ និងបង្កើនការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារទាំងនោះ។
សម្ដេចតេជោ ហ៊ុនសែន ថ្លែងថា៖ «អញ្ចឹងទេបានជារាជរដ្ឋាភិបាលប្រឹងប្រែងមិនត្រឹមតែទីផ្សារជាមួយអាមេរិក និងអឺរ៉ុបទេ។ យើងបានបើកទីផ្សារជាមួយនឹងប្រទេសផ្សេងៗទៀត។ដូចជា កូរ៉េ ចិន អារ៉ាប់ និងប្រទេសផ្សេងៗទៀតដើម្បីធានាទីផ្សារនាំចេញរបស់កម្ពុជា»។
បើតាមសម្ដេចតេជោក្នុងឆ្នាំ២០២២ ការនាំចេញរបស់កម្ពុជាមានទំហំប្រមាណជាង២៩ពាន់លានដុល្លារ ក្នុងនោះការនាំចេញនៃឧស្សាហកម្មកាត់ដេរ និងស្បែកជើងមានទំហំប្រមាណ ១៣ពាន់លានដុល្លារ ស្នើ១/៣នៃការនាំចេញរបស់កម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដរាបណាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន មិនទាន់ចប់ សេដ្ឋកិច្ចពិភពលោកនៅតែគំរាមកំហែង។ ក្នុងនោះសេដ្ឋកិច្ចកម្ពុជា ក៏រងផលប៉ះពាល់ផងដែរ ដោយសារការបញ្ជាទិញក្នុងវិស័យកាត់ដេរបានធ្លាក់ចុះ និងកត្តាវត្ថុធាតុដើម។
សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចមិនខ្លាចចំពោះការបាត់បង់មនុស្សប៉ុន្មាននាក់ ដើម្បីការពារបងប្អូនប្រជាពលរដ្ឋជាង១៧លាននាក់នោះទេ ខណៈដែលក្រុមចង្រៃទាំងនោះនៅតែចិញ្ចឹមចិត្តចង់បំផ្លិតបំផ្លាញសុខសន្តិភាពនៅកម្ពុជា៕
ដោយ : សិលា