ខេត្តកណ្តាល៖ បុរស-ស្ត្រី២នាក់ប្តីប្រពន្ធរងរបួសធ្ងន់ស្រាល បន្ទាប់ពីប្តីប្រពន្ធ២នាក់នេះជិះម៉ូតូបុកគ្នាជាមួយម៉ូតូមួយគ្រឿងទៀត កាលពីវេលាម៉ោង១១
បុរស-ស្ត្រី២នាក់ប្តីប្រពន្ធននោះឈ្មោះ ពេញ រស់ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ (ជាអ្នកបើកបរម៉ូតូរងរបួសបាក់ឆ្អឹងដងកាំបិត) ស្ត្រីជាប្រពន្ធឈ្មោះ ជា សេងនា អាយុ២៨ឆ្នាំ ជនជាតិខ្មែរ (រងរបួសស្រាល) ។ ទាំង២នាក់នេះមានទីលំនៅក្នុងភូមិកោះនរា សង្កាត់និរោធន៍ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AN-0302 ។ ភាគីម្ខាងទៀតឈ្មោះ ម៉ុល សុខុម ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ (រងរបួសធ្ងន់) មានទីលំនៅភូមិឃ្លាំងស្បែក ឃុំកំពង់លួង ស្រុកពញាឮ ជិះម៉ូតូម៉ាកហុងដាគុបមូល ធុនសេ៧០ ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខគ.3230-កណ1 ។
សាក្សីនិយាយថា នៅមុនពេលកើតហេតុគេបានឃើញម៉ូតូហុងដាគុបបើកឆ្លងផ្លូវជាតិលេខ៥ ខណៈនោះក៏ត្រូវម៉ូតូម៉ាកហុងដាឌ្រីមបើកបរក្នុងទិសដៅពីខេត្តកំពង់ឆ្នាំងឆ្ពោះទៅភ្នំពេញបុកម៉ូតូគុបពេញមួយទំហឹង បណ្តាលឲ្យម៉ូតូទាំង២គ្រឿងដួលនៅលើផ្លូវជាតិធ្វើឲ្យអ្នកបើកបរម៉ូតូទាំង២គ្រឿងរងរបួសធ្ងន់ រីឯអ្នករួមដំណើរជាមួយម៉ូតូហុងដាឌ្រីមរងរបួសស្រាល ។
ក្រោយពីមានហេតុការណ៍កើតឡើងជនរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យក្នុងស្រុកពញាឮ ។ ដោយឡែកមធ្យោបាយទាំង២គ្រឿងត្រូវបានសមត្ថកិច្ចដឹកហូតនាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ៕
ដោយ៖ ស្អាងជ័យ