សម្ដេចតេជោ​ ហ៊ុន​ សែន​ ថ្លែង​ប្រសាសន៍សំខាន់ៗឱកាសអញ្ជើញបន្តចុះជួបកម្មករ កម្មការិនី ជាង២ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេសខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង២ម៉ឺននាក់បន្តទៀត ដែលបំរើការងារនៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន (MANHATTAN) នាព្រឹកថ្ងៃអាទិត្យថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣នេះ​ នៅក្រុងបាវិត ខេត្តស្វាយរៀង។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន មានដូចខាងក្រោមនេះ៖

សម្ដេចតេជោ ថ្លែង​អបអរសាទរ​ចំពោះម្ចាស់តំបន់សេដ្ឋកិច្ចពិសេសមេនហាធេន ដែលមានមហិច្ឆិតាប្រែក្លាយតំបន់ សេដ្ឋកិច្ចពិសេសនេះ ឱ្យទៅជាតំបន់ឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់ប្រើប្រាស់ថាមពលបៃតង ដែល គម្រោងនេះស៊ីគ្នាជាមួយនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ថ្លែង​ថា គំនិត នៃការបង្កើតតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិត គឺជាគំនិតផ្តួចផ្តើមរបស់លោក ក្លេមិនយ៉ាង ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលកាលណោះមានកម្មករ-កម្មការិនី ត្រឹមតែជាង ១០០នាក់ប៉ុណ្ណោះ។

សម្តេចតេជោ ថ្លែង​ថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងកើនឡើងក្នុងកម្រិត ៥,៦ភាគរយនៅឆ្នាំ២០២៣នេះ និងនៅឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជា នឹងបន្តកើនក្នុងរង្វង់ ៦,៦ភាគរយ ដែលកំណើនទាំងនេះ បានផ្តល់ផលប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាជនកម្ពុជាគ្រប់ៗគ្នា។

សម្តេចតេជោ ថ្លែង​ថា ភាពជិតស្និទ្ធ ភាពរស់រាយរាក់ទាក់របស់កម្មករ-កម្មការិនីរោងចក្រ វាមិនមែនជាភាពជិតស្និទ្ធរវាងមេដឹកនាំ និងប្រជាពលរដ្ឋនោះទេ វាគឺទឹកចិត្ត ក្តីស្រលាញ់មិនអាចកាត់ថ្លៃបានរវាងឪពុក និងកូន, រវាងពូ និងក្មួយ ដែលជាទម្លាប់ល្អក្នុងសង្គមគ្រួសារខ្មែរ។

សម្តេចតេជោ ថ្លែង​ថា រាជរដ្ឋាភិបាលមិនធ្វើនយោបាយបង្កអរិយភាពជាមួយប្រទេសក្បែរខាងនោះទេ ដែលជានយោបាយសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយអន្តរជាតិ ជាពិសេសជាមួយប្រទេសក្បែរខាងកម្ពុជា។

សម្តេចតេជោ ថ្លែង​ថា កង្វល់ពិតប្រាកដរបស់មនុស្សគ្រប់ៗរូប គឺនៅពេលខ្លួនចាស់ទៅ បាននរណាចិញ្ចឹម? រួមទាំងកង្វល់របស់សម្តេចផងដែរ ទោះពេលនេះ សម្តេចស្ថិតក្នុងតំណែងជានាយករដ្ឋមន្ត្រីក៏ដោយ។ សម្តេច បញ្ជាក់ថា គោលនយោបាយគាំពារមនុស្សពេលចាស់ រួមទាំងប្រាក់ចូលនិវត្តន៍របស់កម្មករ គឺជាការងារ អាទិភាព​ ដែលរាជរដ្ឋាភិបាលកំពុងគិតគូរយ៉ាងខ្លាំង។

សម្តេចតេជោ ថ្លែង​ថា គណបក្សប្រជាជនកម្ពុជា នៅតែជាគណបក្សដ៏ល្អមួយសម្រាប់ប្រជាជនកម្ពុជា ដែលធានាបាននូវសុខសន្តិភាព សេរីភាព និងការអភិវឌ្ឍលើគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជា។

សម្តេចតេជោ ថ្លែង​ថា ក្នុងមួយឆ្នាំៗ រាជរដ្ឋាភិបាលត្រូវប្រឹងប្រែងបង្កើតការងារថ្មីបន្ថែមទៀត យ៉ាងហោចណាស់ក្នុងរង្វង់៣០ម៉ឺនកន្លែង ដើម្បីធានាភាពមានការងារធ្វើសម្រាប់ប្រជាជនកម្ពុជា។

សម្តេចតេជោ៖ ថ្លែង​ថា ចាប់ពីខែសីហា ឆ្នាំនេះទៅ នឹងត្រូវបណ្ដុះបណ្ដាលយុវជនក្រីក្រ១លានកន្លះ ដោយរដ្ឋជាអ្នកចំណាយ។

សម្តេចតេជោ ថ្លែង​ថា កត្តាសុខសន្តិភាព គឺជាការចាប់ផ្តើមដំបូងនៃការអភិវឌ្ឍនិងសកម្មភាពផ្សេងៗទៀត នៃវឌ្ឍនភាព រួមទាំងកំណើនការងារសម្រាប់កម្មករ-កម្មការិនីផងដែរ។

សម្តេចតេជោ ថ្លែង​បន្តអំពាវនាវដល់ម្ចាស់រោចក្រ និងកម្មករនិយោជិត ត្រូវរួមគ្នាធ្វើយ៉ាងណាឱ្យរោងចក្រមួយក្លាយទៅជាសហគមន៍សុខសាន្តមួយ។ ការធ្វើបែបនេះបាន កម្មករនិយោជិត និងម្ចាស់រោងចក្រ ត្រូវធ្វើបែបណាកុំឱ្យមានគ្រឿងញៀន កុំឱ្យមានបងតូច បងធំ កុំឱ្យមានជម្លោះរវាងកម្មករនិយោជិត និងថៅកែរោងចក្រ។

សម្តេចតេជោ ថ្លែង​បញ្ជាក់​ថា«កម្មករ និងថៅកែត្រូវបំពេញអោយគ្នាទៅវិញទៅមក»។

សម្តេចតេជោ ថ្លែង​ថា​ មិនលើកលែងចំពោះជនណា ឬក្រុមប្រឆាំងណា ដែលមានបំណងបង្កការរំខាន អុកឡុក ឬធ្វើសកម្មភាពផ្សេងៗ ដើម្បីបំផ្លាញសុខសន្តិភាពនៅកម្ពុជា។

សម្ដេចតេជោ​ ថ្លែងថា​ សូមកុំធ្វើឱ្យជោគវាសនាយុវជនសម័យនេះ អភ័ព្វដូចយុវជនសម័យមុន ដោយសារប្រទេសជាតិធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាម។

សម្តេចតេជោ ថ្លែង​ថា និន្នាការ​ នៃការចម្លងមេរោគអេដស៍មានការកើនឡើង នៅឆ្នាំ២០២២-២០២៣ ខណៈដែលក្រុមគោល ដែលមានការចម្លងច្រើនជាងគេ គឺក្រុមដែលមាននិន្នាការស្រលាញ់ភេទដូចគ្នា ក្នុងនោះគឺក្រុមបុរសស្រលាញ់បុរសដូចគ្នា។

សម្តេចតេជោ ថ្លែង​ថា វត្តមានអ៊ុនតាក់នៅកម្ពុជា បានបន្សទុកល់ការលំបាកសម្រាប់កម្ពុជា គឺជំងឺអេដស៍។

សម្តេចតេជោ ថ្លែង​ថា រាជរដ្ឋាភិបាលបានបង្កលក្ខណៈងាយស្រួលយ៉ាងខ្លាំងដល់ថៅកែរោងចក្រ តាមរយៈការប្រើប្រាស់រូបិយប័ណ្ណអន្តរជាតិ ដើម្បីបើកប្រាក់ខែជូនកម្មករបាន ដែលជាផ្នែកជួយសម្រួលការងារ និងនិរន្តរភាព នៃអត្រាប្តូរប្រាក់ផងដែរ។

សម្តេចតេជោ ថ្លែង​សាជាថ្មី​ថា ដរាបណាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នៅមិនទាន់ចប់ សេដ្ឋកិច្ចពិភពលោកនៅតែបន្តគំរាមកំហែង រួមទាំងភាពមិនច្បាស់លាស់ នៃកំណើនសេដ្ឋកិច្ចសកលផងដែរ។ សេដ្ឋកិច្ចកម្ពុជា ក៏រងផលប៉ះពាល់ដូចគ្នា ដោយសារការបញ្ជាទិញក្នុងវិស័យកាត់ដេរបានធ្លាក់ចុះ និងកត្តាវត្ថុធាតុដើម។

សម្តេចតេជោ ថ្លែង​ជំរុញ និងលើកទឹកចិត្តឱ្យមានការដោះស្រាយបញ្ហានានានៅរោងចក្រសហគ្រាសនៅនឹងមូលដ្ឋានតែម្តង ដោយមិនត្រូវរង់ចាំតែថ្នាក់ជាតិមកជួយដោះស្រាយឡើយ និងត្រូវធ្វើការដោះស្រាយឱ្យបានលឿនរហ័ស។

សម្តេចតេជោ ថ្លែង​ថា កម្ពុជានឹងក្លាយជាប្រទេសអធិរាជនាំគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សាយអន្តរជាតិ ខណៈដែលបច្ចុប្បន្នកម្ពុជាបាននាំគ្រាប់ស្វាយចន្ទីក្នុងចំនួនច្រើន ក្រោមតែប្រទេសកូឌីវ័រមួយបន្តិចប៉ុណ្ណោះ ដែលបច្ចុប្បន្នជាប្រទេសនាំគ្រាប់ស្វាយចន្ទីច្រើនជាងគេបំផុត ទៅកាន់ទីផ្សារអន្តរជាតិ។

សម្តេចតេជោ ថ្លែង​ថា ពីមុនកម្ពុជាជាប្រទេសនាំចូលទំនិញដ៏ច្រើនពីប្រទេសក្បែរខាងក្នុងនោះរួមមាន៖ ប្រទេសវៀតណាម និងប្រទេសថៃ។ បច្ចុប្បន្នកម្ពុជា បានប្រែក្លាយពីប្រទេសនាំទំនិញចូលស្ទើរទាំងស្រុង ក្លាយជាប្រទេសនាំចេញដ៏ច្រើនទៅកាន់ទីផ្សារអន្តរជាតិ រួមទាំងទៅប្រទេសវៀតណាមផងដែរ។ សម្តេចបញ្ជាក់ថា “សេដ្ឋកិច្ច គឺត្រូវបំពេញអោយគ្នាទៅវិញទៅមកដូច្នេះឯង”។

នាឱកាស​នោះដែរលោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យ​ដឹង​ថា កន្លងទៅនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បាន អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតនៅ ក្រុងបាវិត ខេត្តស្វាយរៀងនេះ ចំនួន ៣ដង រួច មកហើយ ដែលលើកទី១ នៅឆ្នាំ២០០៥ ក្នុងពិធីសម្ភោធដាក់ឱ្យដំណើរការតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន, លើកទី២ នាថ្ងៃពុធ ទី៩ ខែឧសភា ឆ្នាំ២០១៨ ដែលមានកម្មករនិយោជិតចូលរួមចំនួន ២៨ ៥៨៤នាក់ មកពីរោង ចក្រ សហគ្រាស ចំនួន២៦ និងលើកទី៣ នាថៃ្ងព្រហស្បតិ៍ ទី១០ ខែឧសភា ឆ្នាំ២០១៨ ដែលមានកម្មករនិយោជិត ចូលរួមចំនួន ១៩ ៤៨៩នាក់ មកពីរោងចក្រ សហគ្រាស ចំនួន៣២។​ នេះជាលើកទី៤ ដែលសម្តេចតេជោនាយករដ្ឋមន្ត្រី បានមកជួបសំណេះសំណាលជាមួយ បងប្អូនកម្មករនិយោជិតសរុបចំនួន ២២ ៣៥៨នាក់ មកពីរោងចក្រ សហគ្រាស ចំនួន ២៤ ក្នុងក្រុងបាវិត ខេត្តស្វាយរៀង។

រោងចក្រ សហគ្រាសចំនួន២៤ ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន ៧, ផលិតស្បែកជើងចំនួន៣, កែច្នៃផលិតផលជ័រ និងគ្រឿងផ្លាស្ទិក ចំនួន១, ផ្តុំនិងដំឡើងកង់ចំនួន ១, អេឡិចត្រូនិចចំនួន៣ និងរោងចក្រផ្សេងៗចំនួន៩។ ផលិតផលរបស់រោងចក្រទាំងនេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ដូចជាសហគមន៍ អឺរ៉ុប សហរដ្ឋអាម៉េរិក ប្រទេសចិន ប្រទេសអូស្ត្រាលីជាដើម។

...

នៅខេត្តស្វាយរៀង ឆ្នាំ២០២៣ មានរោងចក្រ សហគ្រាស ចំនួន ២៦៤ មានកម្មករនិយោជិតប្រមាណជិត៩ម៉ឺន ៥ពាន់នាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបប្រមាណជាង ២៨៤លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ដេរ ចំនួន៤១ មានកម្មករនិយោជិត សរុបជិត ៤ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបប្រមាណជិត ១២៤លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ និងជា ខេត្តទី៦ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាស វិស័យកាត់ដេរច្រើន៕ដោយ៖ស​ តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print