ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានចុះជួបជាមួយបងប្អូនប្រជាពលរដ្ឋរស់នៅបុរីវីអាយភី ដោយអនុញ្ញាតឱ្យបងប្អូនរស់នៅលំនៅឋានក្នុងបុរីវីអាយភីធម្មតាដដែល បន្ទាប់ពីមានបុគ្គលមួយក្រុមបានចុះវាស់វែងនិងបាញ់ថ្នាំទៅលើលំនៅឋានផ្ទះល្វែងរបស់ពួកគាត់ចំនួន៥ល្វែងនៅក្នុងបុរី vip ស្ថិតនៅភូមិម៉ឺន្ក្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ជាមួយនឹងការបង្ខំអោយពួកគាត់ចាកចេញ។
ការពិភាក្សារកដំណោះស្រាយរបស់លោក ឃួង ស្រេង ជាមួយបងប្អូនប្រជាពលរដ្ឋតំណាងឱ្យប្រជាពលរដ្ឋមានបញ្ហាជាមួយក្រុមហ៊ុនបុរី VIP ជាច្រើនរូប បានធ្វើឡើងនាព្រឹកថ្ងៃអាទិត្យទី២៥ខែមិថុនាឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ។
ប្រជាពលរដ្ឋរស់នៅផ្ទះល្វែងបុរីវីអាយភីប្រមាណ៥ល្វែងត្រូវបានជនមួយក្រុម ចុះទៅធ្វើការវាស់វែងលំនៅឋានរបស់ពួកគាត់និងបានបង្ខំឱ្យពួកគាត់ចាកចេញពីបុរីវីអាយភីនេះ ។ ជុំវិញបញ្ហានេះប្រជាពលរដ្ឋ បាននាំគ្នាមកផ្តល់ដំណឹងជូនរដ្ឋបាលរាជធានីភ្នំពេញដើម្បីឱ្យរដ្ឋបាលរាជធានីជួយធ្វើអន្តរាគមន៍រកដំណោះស្រាយដោយសារតែមានវិវាទនេះកើតឡើងភ្លាមៗ ។ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងព្យាយាមដោះស្រាយជាច្រើនលើកច្រើនសារួចមកហើយដែរ ។
ពាក់ព័ន្ធនឹងបញ្ហាខាងលើ នៅព្រឹកថ្ងៃអាទិត្យទី២៥ មិថុនា២០២៣ បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ក៏បានចុះមកជួបផ្ទាល់ជាមួយនឹងបងប្អូនប្រជាពលរដ្ឋដែលបានឈរតវ៉ានៅមុខសាលារាជធានីភ្នំពេញ ដើម្បីរកដំណោះស្រាយជូនពួកគាត់ ។
ជាលទ្ធផលលោក ឃួង ស្រេងបានសម្រេចអនុញ្ញាតឱ្យបងប្អូន ប្រជាពលរដ្ឋដែលត្រូវគេវាស់វែងលំនៅឋាននិងបានបង្ខំឱ្យពួកគាត់ចាកចេញពីបុរីវីអាយភីនោះរស់នៅជាធម្មតាវិញ ដោយរង់ចាំការដោះស្រាយរបស់និយ័តករ អាជីវកម្មអចលវត្ថុ និងបញ្ចាំនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរដ្ឋបាលរាជធានីភ្នំពេញ រកខុសត្រូវជាក្រោយសិន៕ ដោយ៖សំរិត