អ្នកនាំពាក្យវិមានក្រឹមឡាំងបាននិយាយថា ក្នុងចំណោមទាហានស៊ីឈ្នួលរបស់លោក Wagner មានមនុស្សមួយចំនួនដែលមិនចូលរួមក្នុងការបះបោរ។
ទីភ្នាក់ងារព័ត៌មាន TASS របស់រុស្ស៊ី បានរាយការណ៍កាលពីថ្ងៃទី 25 ខែមិថុនាថា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា ផ្នែកមួយនៃកងកម្លាំងស៊ីឈ្នួល Wagner ដែលមិនចូលរួមក្នុងការបះបោរប្រឆាំងនឹងកងទ័ពរុស្ស៊ី នឹងអាចចុះកិច្ចសន្យាជាមួយក្រសួងការពារជាតិរុស្ស៊ី។
លោក Peskov បាននិយាយថា “យោងតាមកិច្ចព្រមព្រៀងមួយ កងកម្លាំង Wagner នឹងត្រឡប់ទៅបន្ទាយនិងទីតាំងដាក់ពង្រាយរបស់ពួកគេ។ ប្រសិនបើកិច្ចព្រមព្រៀងនេះត្រូវបានអនុវត្តតាម ទាហាន Wagner អាចចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្រសួងការពារជាតិរុស្ស៊ី” Peskov បាននិយាយ។ “នេះក៏អនុវត្តចំពោះអ្នកដែលមិនចូលរួមក្នុងការបះបោរតាំងពីដំបូងដែរ”។
អ្នកនាំពាក្យវិមានក្រឹមឡាំងក៏បាននិយាយផងដែរថា “មានអ្នកប្រយុទ្ធមួយចំនួននៅក្នុងកម្លាំងទាហានស៊ីឈ្នួល Wagner ដែលបានផ្លាស់ប្តូរគំនិតរបស់ពួកគេតាំងពីដំបូងមក ហើយបានត្រលប់ទៅបន្ទាយរបស់ពួកគេវិញដោយមិនចូលរួមក្នុងការបះបោរនោះទេ”។ Peskov បានបន្ថែមថា “មនុស្សទាំងនេះថែមទាំងបានស្នើសុំជំនួយពីប៉ូលិសចរាចរណ៍ដើម្បីត្រឡប់ទៅកន្លែងស្ថានីយរបស់ពួកគេវិញ” ។
នៅល្ងាចថ្ងៃទី 23 ខែមិថុនាលោក Yevgeny Prigozhin ដែលជាចៅហ្វាយនាយទាហានស៊ីឈ្នួល Wagner បានចោទប្រកាន់កងកម្លាំងធម្មតារបស់រុស្ស៊ីថាបានបាញ់ផ្លោងមូលដ្ឋានមួយរបស់អង្គការរបស់គាត់នៅអ៊ុយក្រែន។ ទីក្រុងមូស្គូបានបដិសេធការចោទប្រកាន់នេះ ប៉ុន្តែលោក Prigozhin កំពុងធ្វើដំណើរទៅកាន់ទីក្រុងមូស្គូតាមរយៈ Rostov-on-Don ដើម្បីប្រឈមមុខនឹងមន្ត្រីយោធាជាន់ខ្ពស់របស់រុស្ស៊ី។
មុនពេលកើតហេតុ សេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បានបើកការស៊ើបអង្កេតឧក្រិដ្ឋកម្មទៅលើសកម្មភាពរបស់ថៅកែ Wagner ។ FSB បានជំរុញឱ្យសមាជិក Wagner មិនគោរពតាមបញ្ជារបស់ Prigozhin ។
RT នៅថ្ងៃទី 24 ខែមិថុនាបានរាយការណ៍ថា Prigozhin បាននិយាយថា កងកម្លាំង Wagner កំពុងត្រលប់ទៅបន្ទាយរបស់ពួកគេវិញ។ យោងតាមលោក Prigozhin ការបះបោរបានឈានដល់កម្រិតនៃការបង្ហូរឈាមដ៏ធំ ហើយកងទ័ពដែលឈានទៅមុខរបស់ Wagner នឹងត្រឡប់ទៅបន្ទាយរបស់ពួកគេវិញ “តាមការគ្រោងទុក”។
Peskov ក៏បានបញ្ជាក់ព័ត៌មានដែលថា Wagner បានដកខ្លួនចេញ។ នៅល្ងាចថ្ងៃទី 24 ខែមិថុនា (ម៉ោងក្នុងតំបន់) Vasily Golubev អភិបាលខេត្ត Rostov បាននិយាយថា កងកម្លាំង Wagner បានចាកចេញពីទីក្រុង Rostov-on-Don ហើយកំពុងត្រលប់ទៅបន្ទាយវិញ៕ ដោយធីរីណា
រូបថត: Reuters