សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣ បានផ្សាយថា កូរ៉េខាងជើងបានរៀបចំការប្រមូលផ្ដុំទ្រង់ទ្រាយដ៏ធំក្នុងទីក្រុងព្យុងយ៉ាង ជាទីដែលអ្នកចូលរួមរាប់ម៉ឺននាក់បានស្រែកធ្វើសង្រ្គាមសងសឹកដើម្បីកម្ទេចសហរដ្ឋអាមេរិក នាឱកាសនៃការប្រារព្ធខួបលើកទី៧៣នៃការផ្ទុះសង្រ្គាមកូរ៉េ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងទៀតថា មនុស្ស ១២០,០០០នាក់ រួមមានទាំងសិស្ស-និស្សិតផងដែរបានចូលរួមក្នុងពិធីជួបជុំក្នុងរដ្ឋធានីព្យុងយ៉ាងកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ។ រូបថតជាច្រើនសន្លឹកចេញផ្សាយដោយ KCNA ក៏បានបង្ហាញដែរពីមនុស្សម្នាក់
កាន់ផ្ទាំងបដាដែលមានខ្លឹមសារថា «ទឹកដីសហរដ្ឋអាមេរិកទាំងមូលស្ថិតនៅក្រោមចម្ងាយបាញ់របស់យើង ហើយពួកចក្រពត្តិអាមេរិកកំពុងបំផ្លាញសន្តិភាព»។
«កូរ៉េខាងជើងក្នុងពេលបច្ចុប្បន្ន មានអាវុធដ៏មានឥទ្ធិពលដែលអាចដាក់ទោសលើពួកចក្រពត្តិអាមេរិក …និងសងសឹកទៅលើសត្រូវ»។ នេះជាការបញ្ជាក់បន្ថែមរបស់ KCNA។ ដោយឡែក នៅក្នុងសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកមួយ ខាងក្រសួងការបរទេសកូរ៉េខាងជើងបាននិយាយថា សកម្មភាពរបស់សហរដ្ឋអាមេរិក ដូចជាការដាក់ពង្រាយអាវុធយុទ្ធសាស្ត្រមកកាន់តំបន់ឧបទ្វីបកូរ៉េ នឹងបង្កជាហានិភ័យផ្ទុះសង្រ្គាមនុយក្លេអ៊ែរ។
កូរ៉េខាងជើងនិងកូរ៉េខាងត្បូង នៅតែបន្តស្ថិតនៅក្នុងស្ថានភាពសង្រ្គាមនៅឡើយមកទល់នឹងសព្វថ្ងៃ ព្រោះថាសង្រ្គាមកូរ៉េឆ្នាំ១៩៥០ ដល់ ឆ្នាំ១៩៥៣ បានបិទបញ្ចប់ទៅជាមួយបទឈប់បាញ់ មិនមែនជាសន្ធិសញ្ញាបញ្ចប់សង្រ្គាមជាផ្លូវការនោះទេ៕ ដោយធីរីណា
រូបថត: YONHAP NEWS