ខេត្តបន្ទាយមានជ័យ៖ ក្មេងស្រី២នាក់ជិះម៉ូតូបុកគោយន្តកែច្នៃដឹកពាងពីក្រោយបណ្តាលឱ្យស្លាប់ទាំង២នាក់កាលពីល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នៅតាមបណ្តោយផ្លូវជាតិលេខ៥ស្ថិតក្នុងភូមិគោកទំលាប់ ឃុំបន្ទាយនាង ស្រុកមង្គលបុរី ។
មន្ត្រីនគរបាលប្រាប់ថា៖ គ្រោះថ្នាក់ចរាចរណ៍ខាងលើកើតឡើងដោយក្មេងស្រី២នាក់បានជិះម៉ូតូម៉ាកហុងដាឌ្រីម ពាក់ផ្លាកលេខបន្ទាយមានជ័យ1V-8789តាមបណ្តោយផ្លូវជាតិលេខ៥ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនបានបុកពីក្រោយគោយន្តកែច្នៃដឹកពាងដែលចតចោលនៅចិញ្ចើមផ្លូវបណ្តាលឱ្យស្លាប់ទាំងពីរនាក់នៅនឹងកន្លែងកើតហេតុតែម្ដង។
គ្រោះថ្នាក់ចរាចរណ៍នេះគេឃើញមានមន្ត្រីនគរបាលចរាចរណ៍ស្រុកមង្គលបុរីបានចុះមកពិនិត្យនិងវាស់វែងហើយបានប្រាប់ថា មូលហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងដោយសារជនរងគ្រោះ២នាក់ជាយុវតីអ្នកឌុបអាយុប្រមាណជាង១០ឆ្នាំនិងអ្នករួមដំណើរអាយុជាង៧ឆ្នាំដែលឪពុកម្តាយរស់នៅភូមិ.ឃុំបន្ទាយមានជ័យ ស្រុកមង្គលបុរី បានបើកបរម៉ូតូម៉ាកហុងដាឌ្រីមទៅបុកពីក្រោយគោយយន្តកែច្នៃដឹកពាងដែលចតចោលនៅចិញ្ចើមផ្លូវបណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។
មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកបានបញ្ជាក់ថា៖ ក្រោយធ្វើការពិនិត្យនិងវាស់វែងហើយជនរងគ្រោះដែលស្លាប់បាត់បង់ជីវិត២នាក់ត្រូវបានប្រគល់ជូនសាច់ញាតិដើម្បីធ្វើបុណ្យតាមប្រពៃណីចំណែកគោយន្តកែច្នៃដឹកពាងនិងម៉ូតូជនរងគ្រោះបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមង្គលបុរីដើម្បីអនុវត្តតាមផ្លូវច្បាប់៕ ដោយ៖វណ្ណា