ភ្នំពេញ៖ រឿងស្នេហាល្ងង់បូកល្ងង់ របស់ផលិតកម្មសាស្ត្រាមុននេះ បានបង្ហាញនូវឈុតឆាកក្តៅសាច់មួយចំនួនរបស់តារាសម្តែងហ្វាហ្វា និងលោកឡៅ បញ្ញា លេចចេញមតិចម្រុះដោយទទួលបានទាំងការរិះគន់ និងសរសើរពីទស្សនិកជនរហូតហ្វាហ្វាត្រូវបានគេដាក់រហ័សនាមថាជាអូនស្កាយថែមទៀតផង។ ជាឈុតឆាកស្នេហាដែលតារាស្រីល្បីឈ្មោះកម្រហ៊ានថត ហើយក៏អាចចាត់ទុកថា រឿងនេះកាន់តែធ្វើឲ្យប្រជាប្រិយភាពនាងហក់ឡើងខ្លាំងផងដែរ បើទោះបីជារងការរិះគន់ពីសំណាក់អ្នកលេងបណ្តាញសង្គមមួយចំនួនក្តី។
ក្នុងជំនួបផ្ទាល់មុននេះ តារាសម្តែងស្រីរូបនេះលើកឡើងថា នាងកំពុងតែពិចារណាក្នុងការថតភាពយន្តប្រភេទ18+ជាថ្មីក្នុងលក្ខខណ្ឌណាមួយដែលអាចទទួលយកបាន ក្នុងជំនួបផ្ទាល់នៃឱកាសទទួលបានការងារជាទូតសុឆន្ទៈរបស់ផលិតផល របស់ក្រុមហ៊ុន មួយតារាស្រីសិចស៊ីរូបនេះលើកឡើងជុំវិញរឿងនេះថានាងកំពុងតែពិចារណាក្នុងការថតភាពយន្តថ្មីមួយដែលអាចនឹងសិចស៊ីខ្លះប៉ុន្តែមិនជ្រុលពេកនោះឡើយ។ នាងស្នើកុំឲ្យទស្សនិកជនយល់ថាភាពសិចស៊ីគឺមិនល្អ ហើយការប្រុងប្រយ័ត្នខ្ពស់របស់ក្រុមការងារនឹងធ្វើឡើងដើម្បីបញ្ចៀសការរិះគន់ផងដែរ។ នាងលើកឡើងថាពេលមុននេះនាងទទួលបានការរិះគន់ និងអាចចាត់ទុកបានថាជាការប៉ះពាល់អារម្មណ៍ខ្លាំង ប៉ុន្តែនាងនៅតែទទួលយកការរិះគន់ទាំងនេះដើម្បីពិចារណាក្នុងការថតភាពយន្តបន្តបន្ទាប់ទៀត ។ នាងនៅមិនទាន់បង្ហើបពីចំណងជើងភាពយន្ត និងផលិតកម្មដែលនាងគ្រោងចេញថតភាពយន្តនេះនៅឡើយដែរ។
គួរបញ្ជាក់ដែរថា ហ្វាហ្វាត្រូវបានទស្សនិកជនបានស្គាល់និងចាត់ទុកថាជាតារាស្រីនិយមលេងរូបភាពនិងការថតភាពយន្តបែបសិចស៊ីឆ្នាសឆ្នើម និងទទួលបានការពេញចិត្តច្រើនពីអ្នកកគាំទ្រ។ នាងក៏ត្រូវបានគេចាត់ទុកថាជាសិល្បករមានទីផ្សារការងារខ្ពស់ពិសេសលើការថតផ្សព្វផ្សាយផលិតផលនោះជាដើម៕ ដោយ៖ វឌ្ឍនា